ប្រទេសចិនបានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួននៅប្រទេសវៀតណាម បន្ទាប់ពីក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិសជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចថ្មីសម្រាប់ការវិនិយោគបរទេសដែលបានជំរុញឲ្យមានអារម្មណ៍ប្រឆាំងចិននៅក្នុងប្រទេសនេះ។
បាតុករជាង១០០នាក់ត្រូវបានចាប់ខ្លួននិងប៉ូលិសរាប់សិបនាក់បានរងរបួសនៅក្នុងការតវ៉ាមួយនៅកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យដែលនោះជាបាតុកម្មមួយក្នុងចំណោមបាតុកម្មនៅទូទាំងប្រទេសប្រឆាំងនឹងតំបន់សេដ្ឋកិច្ចពិសេសដែលក្រុមអ្នកប្រឆាំងមានការភ័យខ្លាចថានឹងត្រូវគ្របដណ្ដប់ដោយវិនិយោគិនចិន។
ស្ថានទូតចិននៅទីក្រុងហាណូយបានចេញផ្សាយសេចក្តីជូនដំណឹងមួយនៅលើវេបសាយរបស់ខ្លួនដោយសំដៅទៅលើការតវ៉ានេះថាជា “ការប្រមូលផ្តុំដោយខុសច្បាប់”។
សេចក្តីជូនដំណឹងនេះបាននិយាយថា “ស្ថានទូតចិននៅក្នុងប្រទេសវៀតណាមកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ដែលពាក់ព័ន្ធនិងសូមរំលឹកដល់ប្រជាជនចិននៅវៀតណាមឲ្យយកចិត្តទុកដាក់លើសន្តិសុខនៅពេលធ្វើដំណើរ”។
រដ្ឋសភាវៀតណាមបានយល់ព្រមកាលពីថ្ងៃចន្ទដើម្បីពន្យារពេលការបោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសអាចជួលដីបានរហូតដល់ទៅ៩៩ឆ្នាំនិងផ្តល់ការលើកទឹកចិត្តនិងការរឹតបន្តឹងតិចជាងពេលបច្ចុប្បន្ននៅក្នុងប្រទេសនេះ។
លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មការសភាបាននិយាយថា ក្រុមអ្នកតវ៉ាប្រហែលជាយល់ច្រឡំអំពីច្បាប់នេះ។ លោកស្រីបានលើកឡើងថា “ប្រជាជនគួរតែស្ងប់ចិត្តហើយជឿលើការសម្រេចចិត្តរបស់គណបក្សនិងរដ្ឋជាពិសេសនៅក្នុងការពិតដែលរដ្ឋសភាតែងតែស្ដាប់មតិរបស់ប្រជាពលរដ្ឋនៅពេលពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ”។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ានៅខេត្ត Binh Thuan បានគប់គ្រាប់បែកសាំងនិងដុំឥដ្ឋដាក់ប៉ូលិសហើយបានបំផ្លាញរថយន្តនិងការិយាល័យរបស់រដ្ឋាភិបាលក្នុងតំបន់។
កាសែត VnExpress បានចុះផ្សាយថា ប៉ូលិសបានចាប់ខ្លួនអ្នកតវ៉ាចំនួន១០២នាក់។ របាយការណ៍បាននិយាយថា ប៉ូលិសរាប់សិបនាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ។
រដ្ឋាភិបាលបាននិយាយថា សេចក្តីព្រាងច្បាប់នេះមានគោលដៅជំរុញការអភិវឌ្ឍន៍នៅក្នុងខេត្តចំនួនបីនៅភាគខាងជើង ភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសវៀតណាម៕ REUTERS
[caption id="attachment_926489" align="aligncenter" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments