Ad Code

សម្តេច​តេ​ជោ​ហ៊ុនសែន ​៖ «​សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ​ថា​ វា​អាច​រស់​ឡើងវិញ​បាន​នោះ​»



កំពង់ស្ពឺ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ភាព​ច្បាស់លាស់​មួយ​ទៅកាន់​អ្នក​ដែល​កំពុងតែ​ដេក​ស្រមៃ​ថា​នឹង​មាន​ការ​បោះឆ្នោតជាតិ​ឡើងវិញ​ នៅពេល​ខាងមុខ​ថា «​សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ ថា​វា​អាច​រស់​ឡើងវិញ​បាន​នោះ​»​។ សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ជា​អ្នកគ្រប់គ្រង​នៅ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់​នៅ​លើ​លោក​នេះ​សូមកុំ​មានការ​ភ័ន្តច្រឡំ​ឲ្យ​សោះ​។ សម្តេច​ក៏បាន​បញ្ជាក់​ផងដែរ​ថា ​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​និង​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ ២០២៣ ហើយ​ក្រៅពី​នេះ​គឺ​គ្មាន​ការបោះឆ្នោត​អ្វី​ទាំងអស់​។

សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សូមកុំ​មានការ​ភ័ន្តច្រឡំ​ឲ្យ​សោះ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើ ការបោះឆ្នោត​សម្រាប់​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ ២០២២ និង ធ្វើការ​បោះឆ្នោត​សម្រាប់​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​២០២៣​ខុសពី​នេះ​គឺ​គ្មាន ទេ សូមកុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ​ថា​វា​អាច​រស់​ឡើងវិញ​បាន​នោះ​»។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទៀត​បន្ត​ថា សុំ​មើល​ឲ្យ​ច្បាស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ថ្លែង​ក្នុងឋានៈ​ជា​មេដឹកនាំ​រដ្ឋ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ហើយក៏​ត្រូវ​ជួប​មេដឹកនាំ​ប្រទេស​ផ្សេងៗ​នៅក្នុង​ស្នាក់​ការ​អង្គការសហប្រជាជាតិ​និង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ទីនោះ​។ ពេល ទៅ​ហ្សឺ​ណែវ ក៏​មាន​កិច្ចប្រជុំ​នៅក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា មានការ​ឃោសនា​អកុសល​ថា​ អង្គការសហប្រជាជាតិ​នឹង​ព្យួរ​អាសនៈ​របស់​កម្ពុជា​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណួរ​ថា​ «​តើ​អ្នកណា​ក្បាល​ធំ អ្នកណា​ថ្លើមធំ​នៅ​លើ​លោក​នេះ ហ៊ាន​ដក​អាសនៈ​កម្ពុជា សូមកុំ​ភ័ន្ដច្រឡំ​»​។

សម្តេច​បន្ត​ថា សម្តេច​ចេះតែ​ឆ្ងល់​ថាបើ​អា​មេ​វា​ពូកែ​ភូត ហើយ​អា​កូនចៅ​របស់​វា​នោះ​រឹតតែ​ពូកែ​ភូត​ទៅទៀត​។ សម្តេច​ក៏បាន​បង្ហាញ​ឈ្មោះ​របស់​ជន​ដែល​ពូកែ​ភូត​ថា វា​មានឈ្មោះ អា ចាន់ ថុង នៅ​ខេត្តព្រៃវែង ពូកែ​ខាង​វិភាគ​នយោបាយ និង ភូត​ប្រជាជន​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​ដូចជា ករណី​សុវត្ថិភាព​ពិរុទ្ធជន យើង​ត្រូវ​យកចិត្តទុកដាក់។ គេ​បែរជា​លើក​ឡើង​ថា ​ដោយសារតែ​ការ​កៀបសង្កត់​របស់​បរទេស​។ សម្តេច​បន្ត​ថាបើ​ចង់​ដឹង​ថា ​អន្តរជាតិ​កៀបសង្កត់​តុលាការ​ចេញ​ដីកាឃុំខ្លួន​នៅ​ខេត្តព្រះវិហារ​មើល អ​ហ្នឹង​វា​ជា​សិទ្ធិ​របស់​តុលាការ គេ​គ្រាន់តែ​យកមក​ដាក់​ក្នុង​ដែនដី​មួយ​ដែលមាន​សុវត្ថិភាព។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ​ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​ភ្លឺភ្នែក ថ្ងៃមុន​សម្ដេច​ក្រឡាហោម ស ខេង បាន​និយាយ​ម្ដង​ហើយ ប៉ុន្ដែ​ថ្ងៃនេះ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ អត់​ទាន់​រួច​ទោស​ទាំងអស់ គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែ​ប៉ុណ្ណឹង​ទេ ក្រែងលោ​វា​ងាប់​ក្នុង​គុក វា​បង្កើត​រឿង​ដល់​រាជរដ្ឋាភិបាល ចឹ​ង​ក្នុង​គោលដៅ​មនុស្សធម៌ និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា «​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ដូច្នេះ​តុលាការ​គ្រាន់តែ​កំណត់​តំបន់​មួយ​ឲ្យ​អ្នក​ដែល​ត្រូវ​ជាប់ឃុំ​នោះ​ស្នាក់នៅ ហើយ​តុលាការ​អាច​កំណត់​ឲ្យ​នៅក្នុង​ផ្ទះ​តែម្ដង​។ អាច នឹងមាន​ការពិចារណា​ក្នុង​ទិដ្ឋភាព​ច្បាប់​រៀបចំ​ឲ្យ​មានការ​ឃុំខ្លួន​ពិរុទ្ធជន​នៅក្នុង​ផ្ទះ​ព្រោះ​កន្លែង​នេះ​អាច​ជា​ការខ្វះចន្លោះ​ទៅលើ​ផ្នែក​ច្បាប់​»​។

នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះអាង​ថា លោក កឹម សុខា មិនទាន់​រួច​ទោស ណាមួយ​ទាំងអស់​ពោល​គ្រាន់តែ​ប្ដូរ​កន្លែង​ឃុំខ្លួន​ប៉ុណ្ណោះ​ដោយ​ក្នុង​ហេតុផល​មនុស្សធម៌។ បើ​តាម​ការ​លើកឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ការ​នាំ​លោក កឹម សុខា មក​ឃុំ​នៅក្នុង​ផ្ទះ​ជា​ការ​សម្រេច​របស់​តុលាការ​ដើម្បី​បន្ធូរបន្ថយ​បន្តិច​មិន​មាន​សម្ពាធ​ណាមួយ​នោះឡើយ សូម​មហាជន​កុំ​ភ័ន្ដច្រឡំ។



សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​១៧ កញ្ញា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន អះអាង​ថា លោក​គឺជា​អ្នក​រៀបចំ​ផ្ទេរ​ការ​ឃុំខ្លួន​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​។ ​នេះ ក៏​ដោយសារតែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​មិនបាន​ចែង​នៅ​ត្រង់​ចំណុច​នេះ​ (​ការ​ឃុំខ្លួន​ពិរុទ្ធជននៅក្នុងផ្ទះ)។

សម្តេច​ក្រឡាហោម បាន​សង្កត់ធ្ងន់​ថា ​ការផ្ទេរ លោក កឹម សុខា មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ធ្វើឡើង​ក្នុង​គោលបំណង​មនុស្សធម៌​ដើម្បី​សុវត្ថិភាព និង ស្ថានភាព​ជំងឺ លោក កឹម សុខា គឺ​មិនមែន​ដោយសារ​សម្ពាធ​អន្តរជាតិ​ឡើយ​។

សកម្មភាព​ប្រចាំថ្ងៃ​របស់ លោក កឹម សុខា ត្រូវតែ​អនុវត្ត​ទៅតាម​ដីកា​កំណត់​បើ​ពុំ​ដូច្នោះ​ទេ​តុលាការ​មាន​សិទ្ធិ​យក​លោក កឹម សុខា ទៅ ឃុំឃាំង​នៅ​កន្លែង​ណា​ក៏បាន​អាស្រ័យ​លើ​ឆន្ទា​នុ​សិ​ទិ្ធ​របស់​តុលាការ​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តាំ​ទៅ​ក្រុមអ្នកវិភាគ​នយោបាយ​ទាំងអស់​ថា ​សុំ​កុំ​ឲ្យ​ហួសហេតុ​ពេល និង មានការ​ភ័ន្តច្រឡំ​ណាមួយ ចំពោះ​បញ្ហា​ណាមួយ​ការ​ភ័ន្តច្រឡំ​នោះ​នាំ​ឲ្យ​ខ្លួនឯង​គ្រោះថ្នាក់​ទៅវិញ​ទេ​។

គួរ​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​កាត់ទោស​រំលាយ​ចោល​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ បន្ទាប់ពី​រក ឃើញថា​គណបក្ស​មួយ​នេះ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយ គ្នា​នេះ​តុលាការ​ក៏បាន​ហាមឃាត់​មេដឹកនាំ​បក្ស​នេះ​ចំនួន ១១៨ នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu