ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១.១៦៦នាក់ ដែលរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលយកនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនដោយមិនបង់ប្រាក់ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារបក្សចុះជួយក្នុងខណ្ឌសែនសុខ លោក លី សាវេត អភិបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ។
ការចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅក្នុងពិធីបើកវេទិកាសាធារណៈសម្រាប់ភូមិ/ឃុំមានសុវត្ថិភាព ដែលប្រារឰឡើងនៅក្នុងបរិវេណសាលាសង្កាត់ភ្នំពេញថ្មីតែម្តង។
អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់បុគ្គលម្នាក់ៗមានតម្លៃណាស់នៅក្នុងសម័យទំនើបបច្ចុប្បន្ននេះ ព្រោះថា គ្រប់ស្ថាប័នរដ្ឋក្តី ស្ថាប័នឯកជនក្តី បើយើងចង់ទំនាក់ទំនងសុំចូលបម្រើការងារផ្សេងៗ សូម្បីតែកម្មករបោសសំអាតបន្ទប់ក៏ដោយ ក៏គេត្រូវការអត្តសញ្ញាណប័ណ្ណពីបុគ្គលនោះដែរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងការពារនៅពេលមានគ្រោះហានិភ័យកើតឡើងងាយស្រួលក្នុងការគ្រប់គ្រង ចាត់ចែងតាមច្បាប់។
ហើយថែមទាំងតម្រូវការផ្ទាល់ខ្លួនក្នុងការរកស៊ី ឬចង់ធ្វើដំណើរចេញទៅក្រៅប្រទេស ដោយស្របច្បាប់នោះ អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់សម្រាប់ចូលរួមក្នុងការបោះឆ្នោតសម្រេចលើជោគវាសនាប្រទេសជាតិរបស់ខ្លួនទៀតផង។ ពីព្រោះច្បាប់បានចែងថា អ្នកគ្មានអត្តសញ្ញាណប័ណ្ណគឺគ្មានសិទ្ធបោះឆ្នោតឡើយ៕ សឿន
0 Comments