Ad Code

ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០​នាក់ បាន​នាំគ្នា​មក​សាលាស្រុក​ស្ទឹងហាវ​តវ៉ា​រឿង​លោក​មេឃុំ​ទំនប់រលក ដក​អនុ​ប្រធាន​ភូមិ​ម្នាក់​ចេញពី​ការងារ​


ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៤​នេះ បាន​នាំគ្នា​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​សាល​ស្រុក​ស្ទឹងហាវ ក្នុង​គោលបំណង​សូម​ឲ្យ​លោក​អភិបាលស្រុក​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​លោក​មេឃុំ​ទំនប់រលក ដក​លោក​មេភូមិ​រង​ម្នាក់ ឈ្មោះ អេង ហួង​ចេញពី​ដំណែង កាល​ពី​ពេល​ថ្មីៗ​នេះ។

បងស្រី ញ៉ែម ចាន់​ធឿន អាយុ​៤៦​ឆ្នាំ ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ជាច្រើន​នាក់​ខាង​លើ​បាន​និយាយប្រាប់​ឲ្យ​ដឹង​ថា ​ពួកគាត់​នាំគ្នា​មក​សាលាឃុំ​នា​ព្រឹក​នេះ​ក្នុង​គោលបំណង​ចង់​ឲ្យ​លោក​អភិបាលស្រុក​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ជុំវិញ​បញ្ហា​លោក​មេឃុំ​ទំនប់រលក​ធ្វើការ​ដក​តំណែង​លោក​អនុប្រធាន​ភូមិ​ឈ្មោះ អេង ហួង គឺ​គាត់​ចង់​ឲ្យ​លោក អេង ​ហួង ​នៅ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ដូច​ពេល​មុនៗ​ទៀត ពី​ព្រោះ​លោក​មេភូមិ​រូប​នេះ​ជា​ថ្នាក់ដឹកនាំ​ល្អ​ដែល​ចេះ​ជួយ​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ ​មិន​ថា​ពេល​យប់​ ឬ​ថ្ងៃ​ឡើយ​ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមក​ហើយ​ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ថ្នាក់ដឹកនាំ​ដែល​ចរិតល្អ​ដូច​រូប​គាត់​នៅ​បម្រើការ​ត​ទៀត។​

ដោយឡែក​ លោក ​ងួន ​សុខា​ អាយុ​៤០​ឆ្នាំ ​ដែល​មាន​វត្តមាន​មក​ធ្វើការ​តវ៉ា​ផង​ដែរ​នោះ​ក៏បាន​ធ្វើការ​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​លោក​ អេង ​ហួង ​ដែល​ត្រូវ​បាន​គេ​ដក​ចេញពី​តំណែង​ឋានៈ​ជា​អនុ​ប្រធាន​ភូមិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ​ដោយ​គាត់​គិតថា​ ការ​ដក​តំណែង​លោក​អនុ​ភូមិ​ឈ្មោះ ​អេង​ ហួង​ ខាង​លើ​នេះ​ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ​ ពីព្រោះ​មេភូមិ​រូប​នេះ​ជា​មនុស្ស​ល្អ​ដែល​ចេះ​យក​ចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្រប់ៗ​រូប ​ដូចនេះ​ខ្ញុំ​សូម​ធ្វើ​ការ​តវ៉ា​ដាច់ខាត​មិន​ឲ្យ​មានការ​ដក​តំណែង​លោក​អនុ​ភូមិ​ខាងលើ​ចេញពី​តំណែង​នោះ​ឡើយ​ ហើយ​សំណូមពរ​ឲ្យ​លោក​អភិបាល​ស្រុក​មេត្តា​ជួយ​ឲ្យ​គាត់​បាន​ទទួល​តំណែង​ជា​អនុ​ភូមិ​ដដែល​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​តទៅទៀត​ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​គាត់​ខ្លាំង​ណាស់។

លោក​ ឆាយ ​សុគន្ធ​ដា ​អភិបាលរង​ស្រុក​ស្ទឹងហាវ​បាន​មានប្រសាសន៍​ថា​ ជុំវិញ​ករណី​ដក​តំណែង​លោក​អនុ​ភូមិ​លេខ​១​ឃុំ​ទំនប់រលក​ខាង​លើ​នេះ​ លោក​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ ពី​ព្រោះ​មិន​ទាន់​មាន​របាយការណ៍​ឬ​លិខិតស្នាម​អ្វីមួយ​បញ្ជូន​មកដល់​សាលាស្រុក​នោះ​ដែរ។ ដូចនេះ​ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​លោក​អភិបាលរង​បាន​បញ្ជាក់​ថា ​លោក​នឹង​ធ្វើ​ការ​កោះ​អញ្ជើញ​លោក​មេ​ឃុំ​ ព្រម​ទាំង​ក្រុម​ប្រឹក្សា​ឃុំ​ទាំងអស់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និង​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ។​

បើ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​ធ្វើ​ការ​តវ៉ា​ទាំងអស់​ពួកគេ​ម្នាក់ៗ​ពិនិត្យ​មើលទៅ​ដូចជា​ មាន​ភាព​គោរព ​និង​ស្រឡាញ់​លោក​អនុប្រធាន​ភូមិ​ខាង​លើ​នេះ​ជ្រាលជ្រៅ​ខ្លាំង​ណាស់ ​ដោយ​អ្នកខ្លះ​ធ្វើការ​បញ្ជាក់​ថា​ពួកគេ​មាន​ជីវភាព​ក្រីក្រ​ណាស់ ​រកស៊ី​បក​ក្តាម​បក​បង្គា​បាន​ប្រាក់កម្រៃ​គ្រាន់តែ​រក​ព្រឹក​ហូប​ព្រឹក ​រក​ល្ងាច​ហូប​ល្ងាច​តែ​ប៉ុណ្ណេះ ប៉ុន្តែ​ដោយសារ​អំពើ​ល្អ​របស់​លោក​ អេង ​ហូ​ង​ ជា​អនុ​ភូមិ​ខាងលើ​ ពួកគាត់​ត្រូវតែ​មក​ជួយ​ធ្វើ​ការ​តវ៉ា​ដើម្បី​រក​ភាព​យុត្តិធម៌​ជូន​គាត់​ជៀសវាង​កុំ​ឲ្យ​លោក​អភិបាលស្រុក​សម្រេច​ខុស​ដក​គាត់​ចេញពី​តំណែង​តាម​ការ​ស្នើរ​សុំ​ពី​លោក​មេឃុំ​ទំនប់​រលក។ នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ខេត្ត​ព្រះសីហនុ​ដែល​គេ​ឃើញ​ប្រជា​ពលរដ្ឋ​មក​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា ​គ្រាន់តែ​ការ​ដល់​តំណែង​ដ៏​តូចតាច​ឋានៈ​ត្រឹម​ជា​អនុប្រធាន​ភូមិ​ប៉ុណ្ណេះ ​ដោយ​គេ​មិន​ដឹង​ថា ​លោក​អនុ​ប្រធាន​ភូមិ​រូប​នោះ​គាត់​ជា​មនុស្ស​ល្អ​បែប​ណា​នោះ​ទេ ​ទើប​បាន​មាន​ប្រជាពលរដ្ឋ​ធ្វើការ​គាំទ្រ​ច្រើន​ដូចនេះ។ ការ​ដក​តំណែង​លោក​អនុប្រធាន​ភូមិ​ខាង​លើ​នេះ​ថ្វីត្បិតតែ​វា​ជា​រឿង​តូចតាច​ក៏​ពិតមែន តែ​ទំហំ​នែ​ការគោរព​និង​ស្រឡាញ់​ពីរ​សំណាក់​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ដូចជា​មាន​ភាព​ជ្រាលជ្រៅ​ខ្លាំង​ណាស់។​ ដូចនេះ​ថ្នាក់ដឹកនាំ​គ្រាន់​លំដាប់ថ្នាក់​គួរ​មាន​ការ​ពិចារណា​ខ្លះ​ហើយ ពី​ព្រោះ​ថ្នាក់ដឹកនាំ​ដែល​ប្រជាពលរដ្ឋ​មាន​ការ​គាំទ្រ​ខ្លាំងក្លា ​ដូចនេះ​ពិបាក​រក​ណាស់៕​

កោះពស​

Post a Comment

0 Comments

Close Menu