ប្រដាល់ ៖ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាការប្រកួតសប្ដាហ៍ទី៦ ជុំទី៣ រវាងអ្នកប្រដាល់កម្ពុជា វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ថៃ Prakay Phat ហើយ អ្នកប្រដាល់កម្ពុជាសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ជួប អ្នកប្រដាល់ថៃ Banda Sak។
ការជួបគ្នារវាង វ៉ាន់ វឿន និង Prakay Phat នេះ ប្រហែលជាមិនពិបាកទស្សន៍ទាយប៉ុន្មានទេ ព្រោះPrakay Phat នេះ មិនជាខ្លាំងនោះទេ ដែលកាលពីជុំទី២ អ្នកប្រដាល់ថៃរូបនេះ ត្រូវ តាញ់ មករា សមាគមកីឡាក្រសួងការពារជាតិ វាយឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។ ដូច្នេះ វ៉ាន់ វឿន គេប្រហែលជាអាចយកឈ្នះPrakay Phat នេះបានដោយផុយ សម្រាប់ជំនួបជុំទី៣នេះ។
វ៉ាន់ វឿន កាលពីប្រកួតជុំទី២(២៦មករា២០១៩) គេបានផ្ដួលយកឈ្នះ Yorth Vandy ក្នុងទឹកទី១ ដោយទទួលបាន៦ពិន្ទុហើយក្នុងជម្រុះពីរជុំកន្លងមក ហើយ Prakay Phat វិញ គេបាន២ពិន្ទុ ព្រោះពីរជុំកន្លងមកនេះ គេវាយចាញ់ទាំងពីរជុំ។
អ្នកប្រដាល់វ័យក្មេង វ៉ាន់ វឿន គេមានប្រវត្តិប្រកួត៧១លើក ឈ្នះ៥៧លើក ចាញ់១២លើក និងស្មើ០២លើក។ ឯ Prakay Phat គេមានប្រវត្តិប្រកួតចំនួន៥៥លើក ឈ្នះ៤៨លើក ចាញ់០៧លើក និងមិនដែលស្មើ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី៣នេះ គេរំពឹងថា វ៉ាន់ វឿន នឹងរកបាន៣ពិន្ទុបន្ថែមមិនខាន ក្នុងការជួប Prakay Phat នេះ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះការជួបគ្នារវាង សេន កុសល និង Banda Sak វិញ ក៏ប្រហែលជាមិនពិបាកទស្សន៍ទាយប៉ុន្មានដែរ ព្រោះ Banda Sakនេះ ក៏មិនជាខ្លាំងនោះដែរ ដែលកាលពីជុំទី២ អ្នកប្រដាល់ថៃរូបនេះ ត្រូវ លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធ វាយឲ្យសន្លប់ក្នុងទឹកទី៤។ ដូច្នេះ សេន កុសល គេប្រហែលជាអាចយកឈ្នះ Banda Sak នេះបានសម្រាប់ជំនួបជុំទី៣ នេះ។
សេន កុសល តាមពិតគេមកជំនួស ម៉ន សាម៉េត អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ដែលបានបោះបង់ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវនេះ ដោយសារគេជាប់ប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់TV5 ដែលមិនអាចចោលបាន។
យ៉ាងណា សេន កុសល មកជំនួសកន្លែងម៉ន សាម៉េត នេះ ក៏គេមិនខាតបង់អ្វីដែរ ដោយសារនៅជុំទី១ សាម៉េត បានបន្សល់ទុកឲ្យ៣ពិន្ទុទៅហើយសម្រាប់ធ្វើដើមទុន ហើយមកដល់ជុំទី២ កុសលឈ្នះបាន៣ពិន្ទុទៀត គឺសរុបបាន៦ពិន្ទុហើយក្នុងពីរជុំ។
សេន កុសល គេមានប្រវត្តិប្រកួត៦៥លើក ឈ្នះ៥១លើក ចាញ់១២លើក និង ស្មើ០២លើក។ ឯ Banda Sak គេមានប្រវត្តិប្រកួតចំនួនគេមានកំណត់ត្រាប្រកួតចំនួនតែ៥៩លើក ក្នុងនោះឈ្នះ៥០លើក និង ចាញ់១៥លើក មិនដែលស្មើ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី៣នេះ គេរំពឹងថា សេន កុសល នឹងរកបាន៣ពិន្ទុបន្ថែមមិនខាន ក្នុងការជួបBanda Sak នេះ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាម លើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។ ឆ្លងកាត់ការប្រកួត២ជុំកន្លងមកនេះ លទ្ធផលពិន្ទុរបស់អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះសុទ្ធតែបាន៦ពិន្ទុដូចគ្នា ក្នុងនោះ សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ(ជំនួសម៉នសាម៉េត) ៦ពិន្ទុ, វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ៦ពិន្ទុ , លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ៦ពិន្ទុ និងតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ៦ពិន្ទុ។ ឯ អ្នកប្រដាល់ថៃ៤នាក់វិញ គឺបានតែ២ពិន្ទុម្នាក់ប៉ុណ្ណោះ ដោយសារប្រកួតចាញ់ទាំងពីរជុំ គឺ Deuk Ken បាន២ពិន្ទុ , Yorth Vandy បាន២ពិន្ទុ , Phrakay Phat ២ពិន្ទុ និង Banda Sak ២ពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments