ព្រៃវែង ៖ ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីឯកឧត្ដម ជា សុមេធី អភិបាលខេត្ត ព្រៃវែង លើកិច្ចការងារអភិវឌ្ឍន៍ផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាននោះ អាជ្ញាធរបានសម្រេចធ្វើផ្លូវវាងចូលក្រុងសម្រាប់រថយន្តដឹកទំនិញតូចធំ បើករត់កាត់ផ្លូវ១ខ្សែនេះវិញ ដើម្បីបញ្ចៀសការកកស្ទះ។
លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា ផ្លូវដែលកំពុងធ្វើថ្មីនេះ ជាគម្រោងត្រូវតភ្ជាប់ ចាប់ពីផ្លូវជាតិលេខ១១ ចំណុចសង្កាត់បារាយណ៍ រហូតដល់រង្វង់មូល ព្រះភគនេស ក្នុងឃុំតាកោ ស្រុកពោធិ៍រៀង ដែលមានទទឹងផ្លូវ១០ម៉ែត្រ ប្រភេទអ៊ុតក្រាលកៅស៊ូ ប្រវែង៦.១៦៧ម៉ែត្រ ធ្វើដោយក្រុមហ៊ុន ចិន។
ចំពោះសំណងសងថ្លៃផលប៉ះពាល់ ដីស្រែ ដីភូមិ ដើមឈើ របស់បងប្អូនប្រជាពលរដ្ឋ គណៈកម្មការបានដោះស្រាយរួចរាល់ កាលពីថ្ងៃម្សិលមិញផងដែរ មិនមានបញ្ហាអ្វីកើតមាន នោះទេ។ រីឯប្រជាពលរដ្ឋ ដែលមានដីជាប់ចិញ្ចើមផ្លូវដែលសេសសល់នោះ កំពុងសប្បាយរីករាយជាខ្លាំង ព្រោះពួកគាត់អាចប្រកបមុខរបរលក់ដូររកស៊ី ទៅតាមជំនាញរៀងៗខ្លួន ហើយដីស្រែទាំងនោះ ឥឡូវមានការឡើងតម្លៃ ដោយលក់ដីក្នុង១ហិកតា ចាប់ពីបីរយម្ភៃលានរៀលឡើងទៅ ស្មើនឹង៨ម៉ឺនដុល្លារអាមេរិក ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានចុះហត្ថលេខា ទទួលស្គាល់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ សម្រេចប្ដូរឃុំតាកោ ចំណុះស្រុកពោធិ៍រៀង ទៅជាសង្កាត់តាកោ ចំណុះក្រុងព្រៃវែង នៃខេត្តព្រៃវែង វិញ ហេតុដូច្នេះ សូមបងប្អូនជ្រាបជាព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments