Ad Code

តូច​ចិត្ត​នឹង​ប្រពន្ធ​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ពី​ផ្ទះ​ហើយ​រត់ចោល​បាត់​ទៀត សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចាក់​ក​សម្លាប់​ខ្លួនឯង​នៅ​ផ្សារ​នាគ​មាស

ភ្នំពេញ ៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​ ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូន​យ៉ាង​បន្ទាន់​ទៅកាន់​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ក្រោយ​ពេល​ដែល​បុរស​ម្នាក់​នេះ​តូច​ចិត្តនឹង​ប្រពន្ធ​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់ ហើយ​រត់ចោល​ថែមទៀត​នោះ ​ទើប​ទាញ​យក​កូនកាំបិត​មក​ចាក់​ក​សម្លាប់​ខ្លួនឯង​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​តែម្តង។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​២៣៤ មុខ​ផ្សារ​នាគ​មាស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក។ បុរស​ដែល​ចាក់​សម្លាប់​ខ្លួនឯង​នេះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ អុល វណ្ណ​នី អាយុ​២៧​ឆ្នាំ ជា​ព្រូ​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រង​របួស​ត្រង់​ក យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​ប្រពន្ធ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ។​

តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​នៅ​ផ្សារ​នាគ​មាស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ដឹក​បន្លែ​ និង​ផ្លែឈើ​ដាក់​ឲ្យ​ម៉ូយ​ដូច​ធម្មតា ដោយ​មិន​មាន​កើត​ជំងឺ​អ្វី​ក្នុង​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ គេ​តែង​ឃើញ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជោកជាំ​ និង​មាន​ទឹកមុខ​ស្រងូតស្រងាត់​រាល់ថ្ងៃ មើលទៅ​ដូចជា​មាន​វិបត្តិ​អ្វីមួយ តែ​គេ​មិនបាន​ដឹង​ថា​មាន​វិបត្តិ​អ្វី​នោះ​ទេ។ លុះ​មកដល់​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជនរងគ្រោះ​យក​កាំបិត​ចិតបន្លែ​មក​អារ​ក​ខ្លួន​ឯង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​តែម្តង។ ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​អ្នក​ស្គាល់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ។​

ទាក់ទិន​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ បើ​តាម​សម្ដី​បុរស​រង​គ្រោះ​ប្រាប់​ថា ការ​ធ្វើ​អត្ត​ឃាត​នេះ​ដោយសារតែ​រូប​គាត់​តូច​ចិត្តនឹង​ប្រពន្ធ ដោយ​កន្លងមក​ខ្លួន​ធ្លាប់​មាន​រថយន្ត មាន​លុយ តែ​ត្រូវ​ប្រពន្ធ​បំផ្លិចបំផ្លាញ​អស់ ហើយ​រត់​បាត់​ទៀត ​ទើប​ធ្វើ​ឱ្យ​រូបគេ​ពិបាកចិត្ត​ចង់​សម្លាប់​ខ្លួន​ឱ្យ​ស្លាប់​តែ​ម្តង​ទៅ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើ​កំណត់ហេតុ​ និង​សាកសួរ​ជនរងគ្រោះ​ផង​ដែរ៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu