Ad Code

រាជរដ្ឋាភិបាល​គ្រោង​ផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​ជួយ​ព្យាបាល​ប្រជាជន​ងាយ​រងគ្រោះ​ដោយ​មិន​គិតថ្លៃ​


ភ្នំពេញ ៖ រាជរដ្ឋាភិបាល​គ្រោង​ផ្តល់​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​ជួយ​ព្យាបាល​ប្រជាជន​ងាយ​រង​គ្រោះ ជន​ចាស់ជរា ជន​ពិការ និង​គ្មាន​ទីពឹង ដើម្បី​លើកកម្ពស់​សេវា​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​នៅ​តំបន់​ជនបទ​ក្នុង​ពេល​ដែល​ក្រសួងសុខាភិបាល​គ្រោង​រៀបចំ​ប្រព័ន្ធ​ការ​គាំពារ​សុខភាព សង្គម តាមរយៈ​បង្កើត​ហិរញ្ញប្បទាន​សុខាភិបាល ដើម្បី​ឱ្យ​ជន​ក្រីក្រ ជន​ចាស់ជរា ជន​ពិការ និង​ប្រជាជន​មាន​ជំងឺមិនឆ្លង​រ៉ាំរ៉ៃ​ទទួល​បាន​សេវា​ព្យាបាល​ដោយ​គ្មាន​របាំង​ហិរញ្ញវត្ថុ។ នេះ​បើ​យោង​តាម​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។​

លោក​ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ហិរញ្ញប្ប​ទាន​សុខាភិបាល និង​ការរៀបចំ​ការ​គាំពារ​សុខភាព​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៥​ នៅ​រាជធានី​ភ្នំពេញ​ថា សម្រាប់​បណ្ដា​ឆ្នាំ​ខាងមុខ ក្រសួងសុខាភិបាល​មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​យន្តការ​គាំពារ​សុខភាព​សង្គម​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​និរន្តរភាព ដើម្បី​ឈាន​ឆ្ពោះទៅ​គ្រប​ដណ្ដប់​សេវា​សុខភាព​ទូទាំង​ប្រទេស។​

លោក​បាន​បញ្ជាក់​ថា នៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​គាំពារ​សុខភាព​សង្គម​នេះ រាជរដ្ឋាភិបាល​បាន​ផ្ដោត​ជា​សំខាន់​លើ​ការពង្រីក​កម្មវិធី មូលនិធិ​សមធម៌​សុខភាព ដែល​បច្ចុប្បន្ន​បាន​គ្រប​ដណ្ដប់​ចំនួន​៩៣​ភាគរយ ហើយ​នៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មវិធី​ឧបត្ថម្ភ​ធន​សម្រាប់​ប្រជាជន​ក្រីក្រ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និង​ការ​ទម្លាក់​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល។​

លោក​បាន​បន្ដ​ថា ការ​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាជន ការ​ការពារ​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពី​ហានិភ័យ​នៃ​ចំណាយ​ធំ​ហួស​សមត្ថភាព​លើ​ការថែទាំ​សុខភាព​នេះ វា​ជា​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លុបបំបាត់​ឱ្យ​បាន​ដើម្បី​ផ្តល់​សេវា​សុខភាព សុខុ​មាល​ភាព និង​លើក​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង។​

លោក ដុង អ៊ី​លអាន តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ដោយសារ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​ជា​គោលដៅ​សំខាន់ ដែល​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​ក្នុង​ផែនការ​កាត់បន្ថយ​ភាព​ក្រីក្រ។ លោក​បាន​លើក​ឡើង​ថា ការ​បង្កើត​កម្មវិធី​គាំពារ​សុខភាព​សង្គម​ដោយ​ផ្ដោត​លើ​មុខ​ព្រួញ​ជន​ចាស់ជរា ជន​ពិការ និង ​អ្នកមាន​ជំងឺ​មិនឆ្លង ពេលនេះ​ត្រូវ​បាន​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ចង់​ឃើញ​ជា​យូរ មក​ហើយ ខណៈ​ដែល​ពួកគេ​ជា​ជន​ងាយ​រងគ្រោះ​ប្រឈម​នឹង​ការ​ខ្វះ​លទ្ធភាព​ស្វែងរក​សេវា​ព្យាបាល​សាធារណៈ។​

ទោះជា​យ៉ាងនេះ​ក្តី​លោក​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ជាច្រើន ដោយ​ស្ថានភាព​សុខភាព​ត្រូវ​បាន​កែលំអ​ឱ្យ​ប្រសើរ​ឡើង មាន​ជាអាទិ៍ ​ការ​ថយ​ចុះ​យ៉ាង​លឿន​នៃ​អត្រា​មរណភាព​មាតា កុមារ អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់ ស្រប​ពេល​ជាមួយនឹង​ការ​កើន​ឡើង​នៃ​អាយុ កាល​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ រួម​ជា​មួយ​គ្នា​នេះ កម្ពុជា​ក៏បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​នៅ​ដំណាច់ឆ្នាំ ២០១៥ ទាក់ទង​នឹង​សុខភាព​មុន​កាលកំណត់​ផង​ដែរ។ គម្រោង​លើកកម្ពស់​យន្តការ​គាំពារ​សុខភាព​សង្គម​នេះ ចាប់ផ្តើម​ទទួលយក​ចំណេះដឹង និង​បទពិសោធន៍​ពី​បណ្ដា​ប្រទេស ដែល​អនុវត្តន៍ ទទួល​បាន​ជោគជ័យ​កន្លងមក​ដូចជា​វៀតណាម ឡាវ ថៃ អាល្លឺម៉ង់ និង សាធារណរដ្ឋ​កូរ៉េ៕

ឌួង​វិ​រះ​ជ័យ​


Post a Comment

0 Comments

Close Menu