Ad Code

ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ (CCNU)​ គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ចំណាត់ការ​របស់​សម្ដេច​តេ​ជោ ក្នុង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​កម្មករ​ត្រឹម​៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​


ភ្នំពេញ ៖ លោក​ សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ​(CCNU) ​តំណាង​ឲ្យ​កម្មករ​កម្មការនី​រាប់​សិប​ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​ បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ចំណាត់ការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​កម្មករ​ត្រឹម​៦១០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង និង​ការ​តំឡើង​ប្រាក់​ឈ្នួល​និង​ការ​មិន​កាត់​ពន្ធ។​

លោក ​សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ​(CCNU) ​បាន​បញ្ជាក់​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា​នេះ​ថា សម្រាប់​ដើមឆ្នាំ​២០១៥​នេះ កម្មករ កម្មការិនី ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ទទួល​បាន​កាដូ​ធំ​ចំនួន​បី​ពី​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ៖ កាដូ​ទី​១- ប្រាក់​ឈ្នួល​គោល​អប្បបរមា​ថ្មី​របស់​កម្មករ កម្មការិនី​ចំនួន​១២៨​ដុល្លារ (​សម្រាប់​កម្មករ​ពេញ​សិទ្ធិ​)​ នឹង​អនុវត្ដ​ចាប់ពី​ខែមករា ឆ្នាំ​២០១៥​នេះ​តទៅ , កាដូ​ទី​២-​ការ​កាត់​ពន្ធអាករ​លើ​ប្រាក់ខែ​កម្មករ កម្មការិនី​បាន​បង្កើន​ពី​៥០​ម៉ឺន​រៀល​ដល់​ចំនួន​ចាប់ពី​៨០​ម៉ឺន​រៀល​ឡើង​ទៅ ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ និង​កាដូ​ទី​៣-​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ជូន​កម្មករ​ត្រឹម​៦១០​រៀល​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​កាដូ​ទាំង​បី​ខាង​លើ​នេះ​បាន​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករ។

លោក​បន្ត​ថា​ លោក​តំណាង​ឲ្យ​ឲ្យ​កម្មករ​កម្មការនី​រាប់​សិប​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ចំណាត់ការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​កម្មករ​ត្រឹម​៦១០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង និង​ការ​តំឡើង​ប្រាក់​ឈ្នួល កា​មិន​កាត់​ពន្ធ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ។​

លោក​បាន​បញ្ជាក់​ថា ការ​អនុវត្តន៍​ប្រាក់ខែ​គោល​អប្បបរមា​ចាប់ពី​ខែមករា​ ឆ្នាំ​២០១៥​នេះ ភាគី សមាគម​រោងចក្រ​កម្ពុជា និង​ណែនាំ​សមាជិក​របស់​ខ្លួន​ទាំងអស់ អនុវត្ដ​តាម កិច្ចព្រមព្រៀង​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ។ រហូតមកដល់​ពេលនេះ អត់​ទាន់​មាន​រោង​ចក្រ សហគ្រាស​ណា​មួយ​ត្រូវ​បាន​បិទទ្វារ ដោយសារតែ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​កម្មករ​ទេ។​

លោក​បាន​លើក​ឡើង​ថា ភាគី​អ្នកបញ្ជា​ទិញ​សម្លៀកបំពាក់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៥​នេះ ត្រូវ​បញ្ជា​ទិញ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​សកម្មភាព​ផលិត​សម្លៀកបំពាក់​ឱ្យ​បាន​ច្រើន​តាម​តម្រូវការ​ទីផ្សារ ទៅកាន់​ទីផ្សារ​អាមេរិក និង​ទីផ្សារ​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប និង​បណ្ដា​ប្រទេស​នានា​ក្នុង​សកល​លោក។ នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ការ​បញ្ជា​ទិញ​សម្លៀកបំពាក់​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ការ​បញ្ជាទិញ​កើន​ឡើង​នៅឡើយ​ទេ។​

សូម​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៤​កន្លងមក​ ការ​ធ្វើ​បាតុកម្ម កូដកម្ម មាន​ចំនួន​ជិត​៤០០​លើក ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់ ​នៅក្នុង​វិស័យ​ឧស្សាហ​-​កម្ម​កាត់ដេរ តែ​ពុំ​អាច​អត់​បានទេ នៅ ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ធ្វើ​បាតុកម្ម កូដកម្ម ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ ចំនួន​ជិត​៤០០​លើក​ក្ដី តែ​មិនបាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ និង​ស្បែកជើង​នោះ​ទេ​ គឺ​វិស័យ​កាត់ដេរ​នៅ​តែ​មាន​ស្ថិរភាព​ល្អ​ប្រសើរ។​

លោក​បាន​ប្រៀបធៀប​ថា ស្ថានភាព​ការងារ ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៥​ ជាមួយនឹង​ប្រទេស​ជិតខាង​គឺ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង នៅ​កម្ពុជា​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​រួមមាន ប្រទេស​ភូមា ឡាវ បង់ក្លាដេស និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។ ចំណែក​ប្រាក់​ឈ្នួល​អប្បបរមា​ប្រហាក់​ប្រហែល​និង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ប្រទេស​វៀតណាម។ ស្ថានភាព​គោរព​ច្បាប់ ការងារ​នៅ​កម្ពុជា​ល្អ​ជាង​ប្រទេស​នានា​ក្នុង​តំបន់ ហើយ​ស្ថិរភាព​នយោបាយ​សន្តិសុខ​ក៏​ល្អ អ្នក​វិនិ​យោគទុន ពុំ​មាន​ការ​ព្រួយបារម្ភ​នោះ​ទេ។​

ឧស្សាហកម្ម វិស័យ​កាត់ដេរ ​និង​ស្បែកជើង​នៅ​កម្ពុជា​បាន​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​មាន​ចំនួន​ជាង​៧០​ម៉ឺន​នាក់ ដែល​ជា​មធ្យម​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​១​ខែ​ជិត​២០០​ដុល្លារ រួម​ទាំង​ការងារ​ថែម​ម៉ោង និង​បាន​ផ្ដល់​ដោយ​ប្រយោល​ចិញ្ចឹម​មនុស្ស​ប្រមាណ​៤​លាន​នាក់​ និង​ជួយ​ឱ្យ​មាន ចរន្ត​សេដ្ឋកិច្ច​ដើរ​ជាប្រចាំ រួមមាន ថ្លៃឈ្នួល​ផ្ទះ អ្នក​លក់ដូរ ឡាន​ឈ្នួល ម៉ូតូឌុប និង​ សេវា​គ្លីនិក​សុខភាព នៅ​តំបន់​ជិត​រោងចក្រ និង​បញ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត​ជាប្រចាំ​ខែ និង​ការ​ចាយ​វាយ​ប្រចាំថ្ងៃ​របស់​កម្មករ កម្មការិនី​ទាំង​ជាង​៧០​ម៉ឺន​នាក់៕

ឌួង​វិ​រះ​ជ័យ​

Post a Comment

0 Comments

Close Menu