ភ្នំពេញ ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការធ្វើឲ្យបានសម្រេច នូវការគ្រប់គ្រងព្រៃឈើមួយប្រកបដោយនិរន្តរភាពនិងចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការ កាបូនស្តុក (រើជបូក)។ នេះបើយោងតាមការផ្សាយរបស់ទីភ្ញាក់ងារសារព័ត៌មានកម្ពុជា។
ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការកសាងសមត្ថភាពក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍ នានាដែលទទួលបានក្នុងវិស័យព្រៃឈើ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នៅរាជធានីភ្នំពេញ ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងថា ព្រៃឈើមានមុខងារច្រើនយ៉ាងក្នុងកិច្ចការអភិវឌ្ឍន៍ ប្រកបដោយចរភាព ពីព្រោះ ព្រៃឈើមានលទ្ធភាពក្នុងការគ្រប់គ្រងអាកាសធាតុ និងវដ្តរបស់ទឹកសម្រាប់ ការងារកសិកម្ម និងផលិតកម្មផ្ដល់ជាផល និងអនុ ផលព្រៃឈើ។ ម្យ៉ាងទៀត ព្រៃឈើអាចស្រូបយកឧស្ម័ន កាបូនិកពីក្នុងបរិយាកាសផ្ដល់ផលប្រយោជន៍ក្នុងប្រព័ន្ធបរិស្ថានផ្សេងៗ ព្រមទាំងផ្ដល់សេវាកម្ម ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាអកុសលកំណើនប្រជាជន និងការគ្រប់គ្រងមិនបានដិតដល់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួនបង្កឲ្យមានការធ្វើអាជីវកម្មព្រៃឈើតំបន់ត្រូពិកហួសកម្រិតរហូតមកដល់សព្វថ្ងៃនេះ។
លទ្ធផលនៃការសិក្សាថ្មីៗដែលបានបោះពុម្ពផ្សាយ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្របានបញ្ជាក់ថា ព្រៃឈើ នៅតំបន់ត្រូពិកត្រូវបានបាត់ បង់អស់ប្រហែល១២.៥លានហិកតា ក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០០០ និង២០១២ ដែលទំហំផ្ទៃដីស្មើនឹង១៧៤ដងនៃផ្ទៃដីប្រទេសសិង្ហបុរី ទាំងមូល។ បើគិតជាភាគរយ ការបាត់បង់ព្រៃឈើ នៅតំបន់ត្រូពិកគឺ ចូលរួមចំណែកដល់ប្រមាណ២៥% នៃការបំភាយឧស្ម័នកាបូនិកសរុប។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយមើលឃើញនូវគ្រោះថ្នាក់ដែលកើតឡើងដោយសារការបាត់បង់ ព្រៃឈើនៅតំបន់ត្រូពិក និងផលវិបាកនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍដោយចរភាព នោះ ថ្នាក់ដឹកនាំពិភពលោកបានជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការកាត់ បន្ថយការបាត់ បង់ និងការរេចរឹលព្រៃឈើនិងធានាបាននូវការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ដោយចរភាព។ កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដែលយើងបានដឹងឮយ៉ាងទូលំទូលាយកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំ ផ្លាញព្រៃឈើនៅតំបន់ត្រូពិកគឺ ផែនការសកម្មភាពទីក្រុងបាលីដែលបានអនុម័តក្នុងឆ្នាំ២០០៧ ហើយយន្តការ កាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិកពីការបាត់បង់ និងការរេចរឹលព្រៃឈើ ការអភិរក្សព្រៃឈើ ការគ្រប់គ្រង ព្រៃឈើដោយនិរន្តរភាពនិងការធ្វើឲ្យប្រសើរឡើងនូវកាបូនស្តុក (រើជបូក)នៃសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ត្រូវបានអនុម័តនៅទីក្រុងបាលី ប្រ ទេសឥណ្ឌូណេស៊ីផងដែរ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ថ្លែងថា ដូចបណ្ដាប្រទេសក្នុងតំបន់ ត្រូពិក កម្ពុជាធ្លាប់បានហែលឆ្លងកាត់ប្រវត្តិ នៃការបាត់បង់គម្របព្រៃ ឈើ ដោយសារតែអស្ថិរភាពនយោបាយ កង្វះខាតសមត្ថភាពក្នុងការគ្រប់គ្រង ធនធានព្រៃឈើ និងដោយសារតម្រូវការអភិវឌ្ឍខាងសេដ្ឋកិច្ច។ កត្តាខាងក្រៅមួយចំនួនដូចជា ការផ្លាស់ប្ដូរ តម្រូវការឈើក្នុង តំបន់តម្រូវការសម្ភារៈ កសិកម្មក៏បានរួមចំណែកផងដែរ ក្នុងការធ្វើឲ្យ មានការធ្វើអាជីវកម្ម ព្រៃឈើ និងការបម្លែងតំបន់ព្រៃឈើមួយចំនួន សម្រាប់ជាដំណាំឧស្សាហកម្ម។ វាជាការច្បាស់ណាស់ថាដើម្បីដោះស្រាយបញ្ហាការបាត់បង់ និងការរេចរឹលព្រៃឈើវាតម្រូវឲ្យមានកិច្ច សហការទាំងក្នុងតំបន់ និងសកលលោក ហើយដំណើរការនេះចាំបាច់ ត្រូវមានខ្ទង់ថវិកាសមស្របមួយ សម្រាប់ទ្រទ្រង់ដូចជាករណីយន្តការ រើជបូក ជាដើម៕
0 Comments