ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបែបនេះ នៅក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះអង្គបានមានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់ផ្ដើមជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេស ដែលមានសន្តិភាពស្ថិរភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ ព្រះអង្គបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិបញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលរឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាព គ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុទ្ធសម្រាប់ឲ្យរាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។
ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋសភា និងបំពេញភារកិច្ច តាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
តាមព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា “ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តាករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធិពរសូមរដ្ឋសភា នីតិកាលទី៦ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួមជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល៕
Source: Kampuchea Thmey Daily
0 Comments