ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពអន្តរជាតិ ស្មើគ្នាជាមួយក្រុមទីម័រខាងកើត ដោយលទ្ធផល ២ទល់២ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ ២០១៨ ថ្មីៗនេះ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈគ្រូបង្វឹករបស់ក្រុមទាំង២សុទ្ធលើកឡើងទស្សនៈខុសគ្នាពីទម្រង់លេងរបស់កូនក្រុមក្រោយចប់ការប្រកួត។
លោក Norio Tsukitate គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានលើកឡើងពីសកម្មភាពប្រកួតទាំងមូលថា «សម្រាប់តង់ទី១ កីឡាកររបស់យើងបានយល់ពីកល្បិចនៃការលេង ប៉ុន្តែអាកាសធាតុនៅទីនេះ (ភ្នំពេញ) ហាក់ក្តៅជាងនៅទីម័រ។ កីឡាកររបស់កម្ពុជា មានកម្លាំងចិត្ត ឆន្ទៈ និងប្រយុទ្ធខ្ពស់ដែលធ្វើឲ្យកីឡាកររបស់យើងមានការយល់ច្រឡំមិនអាចប្រមូលអារម្មណ៍ក្នុងការប្រកួតបានល្អ។ តែទីបញ្ចប់យើងបានស្មើគ្នា ហើយខ្ញុំពេញចិត្តនឹងលទ្ធផលនេះ»។
គ្រូបង្វឹកជនជាតិជប៉ុន រូបនេះបានលើកឡើងបន្ថែមទៀតថា «នៅក្នុងប្រកួតនេះបើសិនខ្សែប្រយុទ្ធរបស់កម្ពុជា មានសកម្មភាពមុតស្រួចខ្លាំងជាងនេះប្រហែលអាចរកគ្រាប់បាល់អាចទៅ៥ឬ៦គ្រាប់ថែមទៀត មកលើក្រុមរបស់ពួកយើង»។
ចំណែកលោក Felix គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងដែលថា «យើងមានមោទនភាពចំពោះកីឡាករ ទោះបីជាពេលខ្លះមានទម្រង់លេងធ្លាក់ចុះតែព្យាយាមប្រកួត។ យើងមានកីឡាករល្អដែល នេះជាការប្រកួតល្អរបស់យើង។ នេះប្រហែលជាលទ្ធផលដែលយើងមិនចង់បាន តែយើងនឹងបន្តធ្វើវាបន្ថែមទៀត។ កីឡាករយើងធ្វើអ្វីដែលយើងចង់បាន តែពេលខ្លះពួកគាត់ត្រូវការពេលវេលាបន្ថែមដើម្បីយល់បន្ថែម ព្រោះយើងបានដាក់លំហាត់ពិបាកៗឲ្យហ្វឹកហាត់»។
គ្រូបង្វឹកដែលជាដៃស្តាំរបស់Keisuke Honda បាននិយាយពីឱកាសដែលដាក់កីឡាករក្មេងៗឲ្យចូលប្រកួតក្នុងជំនួបនេះថា «យើងបានឲ្យ អ៊ុំ វិចិត្រ សម្រាកសិនព្រោះថា រូបគេទើបតែបញ្ចប់ភារកិច្ច ហើយផ្តល់ឱកាសឲ្យ កែវ សុខសិលា។ នេះជាការប្រកួតមិត្តភាពដែលឃើញថា ជាឱកាសដែលយើងត្រូវសង្កេតមើលកីឡាករជាច្រើន។ ធីវ៉ានិង សិលា លេងបានល្អ។ អ្វីដែលសំខាន់គឺយើងធ្វើការជាក្រុម»។
សូមបញ្ជាក់ថា នៅក្នុងវគ្គទី១ ក្រុមភ្ញៀវទីម័រខាងកើត បានទាត់បញ្ចូលទីនាំមុខក្រុមកម្ពុជា មុននៅនាទី៣០ ដោយកីឡាករ Santos Almeida ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានតាមស្មើវិញនៅនាទីទី៤០។ នៅ២នាទីក្រោយមកកីឡាករ Walter Gama របស់ទីម័រខាងកើត បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀត ហើយកម្ពុជារហូតដល់នាទីទី៩០ ទើបកីឡាករ រឹង ប៊ុនហៀង ទើប ទាត់បញ្ចូលទីយកស្មើវិញ៕
Source: Kampuchea Thmey Daily
0 Comments