កំពង់ឆ្នាំង ៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ស៊ឹង ស៊ីយ៉ុត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសមាជិកក្រុមការងារថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៌ រួមដំណើរដោយលោក ឃួន សៅរុំ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនលោកតែម សារឿន មន្ត្រីប្រចាំការនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ ស៊ឹង ស៊ីយ៉ុត បានឲ្យដឹងថា ថវិកាដែលលោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវនាំយកមកឧបត្ថម្ភជូនលោក តែម សារឿន មន្ត្រីប្រចាំការនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ថវិកា៨០០.០០០រៀល ដែលជាថវិការបស់សម្ដេចចៅហ្វាវាំង គង់ សំអុល, លោក គុយសុផល, លោកជំទាវ កែ ច័ន្ទមុនី្ន,លោក ឈួរ ច័ន្ទឌឿន និងថវិការបស់លោកជំទាវផ្ទាល់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី្ន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង ដែលកន្លងមកសម្ដេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ជនពិការ និងប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាក គឺសម្ដេចតែងផ្តល់ជូននូវអំណោយ និងថវិកាជូនបងប្អូនគ្រប់ៗគ្នាទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ លោកជំទាវ កែ ច័ន្ទមុនី្ន បានបន្តទៀតថា ទោះបីថវិកានេះវាតិចតួចពិតមែន តែវាអាចជួយដោះស្រាយការលំបាករបស់លោក តែម សារឿន បានមួយគ្រាផងដែរ។
លោកជំទាវក៏បានផ្ដាំផ្ញើលោក តែម សារឿន ដែលកំពុងសម្រាកព្យាបាលជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ហើយខិតខំថែរក្សាសុខភាព ដោយរស់នៅស្អាតហូបស្អាត ផឹកស្អាត បើមានស្ថានភាពមិនស្រួល ត្រូវទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
លោក តែម សារឿន ព្រមទាំងគ្រួសារដែលបានទទួលថវិកាដ៏ថ្លៃថ្លាពីសម្ដេច ឯកឧត្ដមលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចចៅហ្វាវាំង គង់ សំអុល,ឯកឧត្ដម គុយ សុផល លោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវ ស៊ឹង ស៊ីយ៉ុត ដែលបានជួយសម្រាលការលំបាករបស់លោកនិងសូមគោរពជូនពរដល់សម្តេច ឯកឧត្ដម លោកជំទាវ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕
លោកជំទាវ កែ ច័ន្ទមុនី នាំយកថវិកាជូនលោក តែម សារឿន មន្ត្រីប្រចាំការនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា
0 Comments