បន្ទាយមានជ័យ ៖ បើតាមការគ្រោងទុករបស់អភិបាលខេត្តបន្ទាយមានជ័យ ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្នាំ២០១៥ នឹងអាចឡើងដល់១៦០លានទៅ១៧០លានដុល្លា។ នេះបើតាមការលើកឡើងរបស់លោក ក្នុងពិធីប្រកាសប្តូរប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី១ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៨ កញ្ញា ២០១៥។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបន្តឲ្យដឹងទៀតថា ចំណូលពន្ធគយច្រកអន្តរជាតិប៉ោយប៉ែតមួយភាគធំ បានរួមចំណែកអភិវឌ្ឍន៍ប្រទេស និងសម្រាប់បើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យជាដើម។ បើគ្មានការរួមចំណែកចំណូលពន្ធគយនេះទេ ថវិកាជាតិរបស់យើងអាចនឹងមានបញ្ហា។ ស្ថេរភាពមួយចំណែកនៃសេដ្ឋកិច្ចរបស់យើងគឺ បានមកពីក្រុងប៉ោយប៉ែត។
សម្រាប់ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាចរកបាន១៤លានដុល្លា ហើយក្នុងឆ្នាំ២០១៤កន្លងមកនេះចំណូលពន្ធគយរកបាន១៤០លានដុល្លា ។ ដោយឡែកបើតាមការឲ្យដឹងរបស់លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ចំណូលពន្ធគយសម្រាប់ខែសីហា កន្លងមកនេះរកបានគ្រប់ផែនការណ៍ដែលកំណត់៥៦លានរៀល។
ក្រៅពីចំណូលពន្ធគយនេះ ក្រុងប៉ោយប៉ែតបានរួមចំណែកច្រើនណាស់ បើមើលពីការអភិវឌ្ឍន៍ផ្សេងៗ មានការអភិវឌ្ឍន៍លឿន ដោយសារបាតដៃប្រជាពលរដ្ឋក្រុងប៉ោយប៉ែតប្រឹងប្រែងរកស៊ីទទួលទាន និងខិតខំសបបែបយ៉ាងអភិវឌ្ឍន៍ក្រុង ដោយមានផ្លូវបបេតុង និងប្រព័ន្ធលូគ្រប់កន្លែង។
ដើម្បីអោយចំណូលពន្ធគយបានកាន់តែច្រើនសូមឲ្យសមត្ថកិច្ចរួមគ្នាទប់ស្កាត់បទល្មើសគេចពន្ធ និងការហូរចូលនូវទំនិញខូចគុណភាពដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ៕
ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំ២០១៥អាចឡើងដល់១៧០លានដុល្លារ
0 Comments