*លោក លី សាវេត ប្រកាសផ្តល់វង្វាន់ ជូន ២លានរៀល
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក្រោមដឹកនាំបញ្ជាកម្លាំង ពីលោក លី សាវេត អភិបាលខណ្ឌ និងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងអភិបាលរងនិងអធិការរង ជាច្រើនរូបទៀតបានកេណ្ឌកម្លាំងរាប់សិបនាក់ ទៅឆ្មក់បង្ក្រាបទីតាំងជួញដូរថ្នាំញៀនដ៏ល្បីឈ្មោះ នៅម្តុំមុខពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា កាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៥ នេះដោយធ្វើការចាប់ខ្លួនមនុស្ស ជាប់ពាក់ព័ន្ធចំនួន៦២នាក់ និងសម្ភារៈពាក់ព័ន្ធជាច្រើននៅកន្លែងកើតហេតុនោះ នាំយកមករក្សាទុកនិងឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងបរិវេណអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ក្រុមមនុស្សជាប់ចោទទាំង៦២នាក់នោះ មិនទាន់ត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងភ្លាមៗនៅឡើយទេ កំពុងធ្វើការឆែកឆេ សាកសួរចម្លើយ ពាក់ព័ន្ធសមាសភាពមុខរបរនិងកន្លែងស្នាក់នៅរបស់ពួកគេ ព្រមទាំងមូលហេតុផ្សេងៗទៀត ដែលអ្នកខ្លះ មានការពាក់ព័ន្ធនិងសម្ភារៈល្មើសច្បាប់ដូចជា ថ្នាំញៀន ដាវ កាំបិត និងលុយកាក់។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខរាជធានីភ្នំពេញ ដែលបានដឹកនាំបញ្ជាកម្លាំងចុះបង្ក្រាប បទល្មើសគ្រឿងញៀននេះបានមានប្រសាសន៍ ថា ចំពោះមនុស្សប្រុសទាំង៦២នាក់ដែលត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន នាពេលនេះ យើងពុំទាន់ដឹងថា ជនណាខ្លះពាក់ព័ន្ធការជួញដូរមានប៉ុន្មាននាក់ និងអ្នកប្រើប្រាស់មានប៉ុន្មាននាក់នៅឡើយទេ ព្រោះកម្លាំងជំនាញរបស់លោកកំពុងសួរនាំ និងកំពុងធ្វើការត្រួតពិនិត្យទឹកនោមដើម្បី រកភស្តុតាងបញ្ជាក់ថា អ្នកណាខ្លះមានសារធាតុថ្នាំញៀន និងស្រាវជ្រាវរកអ្នកណាខ្លះជាប់ពាក់ព័ន្ធជួញដូរ ផ្សេងៗ។ លោកអធិការក៏បានបញ្ជាក់ថា នៅក្នុងការបង្ក្រាបនេះ យើងគ្រាន់តែបានរឹបអូស
ឧបករណ៍ប្រើប្រាស់បានមួយចំនួនធំរួមទាំងដាវពូថៅ និងថ្នាំញៀនមិនទាន់ដឹងចំនួនប៉ុន្មានដែរព្រោះជនជាប់ពាក់ព័ន្ធ ដែលត្រូវបានចាប់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការមានចំនួនច្រើនពេក។
លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានសំដែងកាអបអរសាទរចំពោះចំណាត់ការនិងសកម្មភាពបំពេញការងារបានល្អរបស់កងកម្លាំងនគរបាល ក្នុងការបង្ក្រាបគ្រឿងញៀនជាទ្រង់ទ្រាយធំនេះ។ ដើម្បីជាការលើកទឹកចិត្ត ចំពោះកងកម្លាំង លោកអភិបាលខណ្ឌ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀលជូនដល់លោកអធិការ ម៉ក់ ហុង ដើម្បី ដោះស្រាយជីវភាពកងកម្លាំងដែលហត់នឿយបំពេញការងារ។
តាមប្រសាសន៍របស់លោកអភិបាលបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានសម្ងាត់ មកអាជ្ញាធរមូលដ្ឋាន និងសូមឲ្យជួយគ្នាកុំរកស៊ីខុសច្បាប់ ដូចជា លួចបើកល្បែងស៊ីសងកន្ទុយលេខ ឬ បើកទូហ្គេមប៊ៀរឬហ្គេម បាញ់ត្រីផ្សេងៗដែលជាអំពើខុសច្បាប់ ព្រោះវា បង្កឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារនិងការប្រើប្រាស់ឬជួញដូរគ្រឿងញៀន ដែលវានឹងបង្កឲ្យសង្គមមានបញ្ហា អសន្តិសុខ៕
ប៉ូលិសខណ្ឌសែនសុខឆ្មក់បង្ក្រាបទីតាំងជួញដូរថ្នាំញៀននៅម្តុំមុខពេទ្យលោកសង្ឃបាន៦២នាក់
0 Comments