ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមនិស្សិតចំនួន៣នាក់ពីបទលួចយកម៉ូតូកាលពីវេលាម៉ោង១២យប់មិញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលស្នាក់នៅ ក្នុងភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រុមជនសង្ស័យជាចោរទាំង៣នាក់ខាងលើ ១.ឈ្មោះ តាំង ប៉េងតុង អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ។ ២.ឈ្មោះ សាយ ខុន អាយុ២៤ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ។ ៣.ឈ្មោះលី សុផា អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលនៅចំណុចកើតហេតុ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះម្នាក់ឈ្មោះផេង ស្រីមុំ អាយុ២១ឆ្នាំ បានចតម៉ូតូទុកនៅមុខបន្ទប់ជួលស្នាក់នៅរបស់នាងដោយមិនបានចាក់សោ រួចក៏មកហូបបាយ។ មួយស្របក់ធំក្រោយមកនៅវេលាម៉ោង១២យប់ ក៏បានទៅមើលម៉ូតូរបស់នាងមិនឃើញក៏នាំគ្នាផ្អើលឆោឡោឡើង ដោយនាងរងគ្រោះមិនសុខចិត្តក៏បានទៅប្ដឹងសមត្ថកិច្ចប៉ូលិសមូលដ្ឋានឲ្យមកជួយអន្តរាគមន៍។ នៅគ្រានោះ ប៉ូលិសបានទំនាក់ទំនងឆែកឆេរប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់គេនៅក្បែរនោះ ក៏បានឃើញជនសង្ស័យទាំង៣នាក់ខាងលើ កំពុងនាំគ្នាចាត់ចែងអូសម៉ូតូរបស់ជនរងគ្រោះ ពីបន្ទប់លេខ១៧ មកដាក់ក្នុងបន្ទប់លេខ១២ របស់ពួកគេជួលស្នាក់នៅ។
ភ្លាមៗនោះដែរ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅកន្លែងកើតហេតុឈ្មោះ តាំង ប៉េងតុង និងឈ្មោះ សាយ ខុន ព្រមទាំងហូតយកម៉ូតូរបស់ជនរងគ្រោះបានមកវិញ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ខេត្តកំពង់ចាម 1L-0371 ព្រមទាំងដកហូតម៉ូតូរបស់ក្រុមជនសង្ស័យចំនួន០៣គ្រឿងផ្សេងទៀតផង។
លុះមកដល់ម៉ោង៨ព្រឹក ថ្ងៃទី១១ស្រាប់តែលេចមុខបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះលី សុផា មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីមកមើលម៉ូតូរបស់ខ្លួនដែលប៉ូលិសរឹបអូសមកដែរនោះ ក៏ត្រូវប៉ូលិសចាប់ខ្លួននៅទីនោះតែម្តង ព្រោះនៅក្នុងរូបភាពក្នុងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពពួកគេទាំង៣នាក់បានឃុបឃិតគ្នានៅក្នុងពេលធ្វើសកម្មភាពលួចនេះទាំងអស់គ្នា។
បញ្ហាចោរលួចម៉ូតូនៅក្នុងបន្ទប់ផ្ទះជួលនៅសង្កាត់ទឹកថ្លា បានកើតឡើងញឹកញយណាស់ ជួនពេលខ្លះលួចយកម៉ូតូរបស់និស្សិតអស់ចំនួន៤គ្រឿងក្នុង១យប់ ឯម្ចាស់ផ្ទះជួលធ្វើមិនដឹង ឯប៉ូលិសក៏មិនរវល់ ដែលកាលនោះគេសង្ស័យថា ម្ចាស់ផ្ទះជួលជាអ្នករៀបចំគម្រោងលួចនេះ ហើយស្ងាត់ឈឹងរហូតមកដល់ពេលនេះរយៈពេលច្រើនឆ្នាំហើយ តែវាកើតឡើងដូចគ្នាញឹកញយណាស់ ទើបតែពេលនេះចាប់បានទាំងសម្បុកតែម្តង៕
Source: Kampuchea Thmey Daily
0 Comments