Ad Code

ចាប់ខ្លួន​ចោរ​ស្រី​ប្រុស​២​នាក់​ ចូល​ផ្ទះ​គេ ប៉ង​លួច​ទ្រព្យសម្បត្តិ ​តែ​មិនបាន​សម្រេច



ភ្នំពេញ ​៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ ត្រូវ​បាន​ប្រជាជន​ជា​ម្ចាស់ផ្ទះ​២​ទីតាំង​ផ្សេងៗ​គ្នា​ ចាប់ខ្លួន​ទុក​ប្រគល់​ឲ្យ​នគរបាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់ ចោទ​ពី​បទ​ចូល​មក​ក្នុងផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​តែ​មិនបាន​សម្រេច កាលពី​អំឡុង​យប់​ថ្ងៃទី​១២ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សង្កាត់​ទឹកថ្លា​និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ ប៉ូលិស​បាន​និយាយ​ថា ជនសង្ស័យ​ទាំង​២ ទី១.​ឈ្មោះ កែវ ស្រី​និ​ច អាយុ​២១​ឆ្នាំ ​គ្មាន​មុខរបរ​និង​ទីលំនៅ​ច្បាស់លាស់ ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅវេលា​ម៉ោង ២១​និង​
៣០​នាទី​យប់​ នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ចោទប្រកាន់​ដោយ​ស្ត្រី​ឈ្មោះ សៀង​ធី អាយុ​៥៣​ឆ្នាំ​ជា​ជនរងគ្រោះ​និង​ជា​ម្ចាស់ផ្ទះ ជនរងគ្រោះ​បញ្ជាក់​ថា ជនសង្ស័យ បាន​លប​លួច​ឡើង​មក​រើ​កកាយ​នៅ​លើ​ផ្ទះ​គាត់​ប៉ុនប៉ង​លួច​យក​លុយ​កាក់ ខណៈ​គាត់​កំពុង​នៅ​ជាន់​ក្រោម​រៀបចំ​ធ្វើ​ម្ហូប​ដាំបាយ​។

ជនសង្ស័យ​ទី​២. ឈ្មោះ ចាន់ សុ​ធឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ គ្មាន​មុខរបរ​និង​ទីលំនៅ​ពិតប្រាកដ ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ដែល​ចោទប្រកាន់​ដោយ​លោក ឃឹម អ៊ុក​ភារ​ម្យ អាយុ​៣៤​ឆ្នាំ​ជា​ជនរងគ្រោះ​និង​ជា​ម្ចាស់ផ្ទះ​។ ជនសង្ស័យ​រូប​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​គេ​លបចូល​មក​ពួន​នៅក្រោម​គ្រែ​នៅលើផ្ទះ​ប៉ុនប៉ង​លួច​លុយកាក់​និង​ទ្រព្យសម្បត្តិ នៅ​គ្រា​ដែល​ម្តាយ​ជនរងគ្រោះ​នៅផ្ទះ​តែម្នាក់ឯង​បាន​ដឹង​ថា មាន​ចោរ​ចូល​ផ្ទះ​ហើយក៏​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​ចាត់ការ។

​ប៉ូលិស​និ​យា​យ​ថា ជន​ទាំង​២​នាក់​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ផងដែរ​ ក្រៅពី​សារភាព​ថា ពិតជា​បាន​លប​ចូល​មក​ក្នុងផ្ទះ​គេ​ដើម្បី​ប៉ុនប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ​គេ​បែបនេះ​មែន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu