Ad Code

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ៖ កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី ស្តីពី​បរិស្ថាន ពានរង្វាន់​អប្សរា ឆ្នាំ​២០១៨ ពិតជា​មាន​សារៈសំខាន់​សម្រាប់​យុវជន​ជំនាន់​ក្រោយ



ភ្នំពេញ​ ៖ ក្នុង​ពិធី​បិទ​កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី ស្តី​ពី​បរិស្ថាន​ពានរង្វាន់​អប្សរា ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​ក្រសួងបរិស្ថាន និង​ស្ថានីយទូរទស្សន៍​អប្សរា ដែល​បាន​បង្កើត​កម្មវិធី​ប្រកួត​វិ​ដេ​អូ​ខ្នាត​ខ្លី ស្តី​ពី​បរិស្ថាន​ពានរង្វាន់​អប្សរា ឆ្នាំ​២០១៨​នេះ​ឡើង ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​លើកទឹកចិត្ត​ពលរដ្ឋ ពិសេស​យុវជន​ឱ្យ​ចេះ​ស្រឡាញ់ និង​ការពារ​បរិស្ថាន​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​ចាត់ទុក​ការរៀបចំ​ការប្រកួត​វីដេអូ​ខ្លី ស្តីពី​បរិស្ថាន​បង្កើត​បាន​ផលិតករ​វ័យក្មេង ដែល​ផលិត​បាន​នូវ​វីដេអូ​ខ្នាត​ខ្លី​មាន​ខ្លឹមសារ​អប់រំ​ប្រកបដោយ​គុណភាព សម្រាប់​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង អំពី​គ្រោះថ្នាក់​បណ្តាល​មក​ពី​សំណល់​ប្លា​ស្ទិ​ក ហើយ​ជួយ​ឲ្យ​ពួកគាត់​ចេះ​រក្សា​ទុកដាក់​កាកសំណល់​ប្លាស្ទិក ដែល​ប្រើប្រាស់​រួច​ឲ្យ​បាន​ត្រឹមត្រូវ​រួមចំណែក​ដល់​ការ​លើកកម្ពស់​បរិស្ថាន​ទីក្រុង​របស់​យើង​ប្រកបដោយ​បរិស្ថាន​ស្អាត​។



តាម​របាយការណ៍​របស់​លោក ខ្វៃ អាទិ​ត្យា អគ្គនាយក​វិទ្យុ និង​ទូរទស្សន៍​អប្សរា​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង ក្រសួង​ព័ត៌មាន កម្មវិធី​ប្រកួត​វីដេអូ​ខ្លី ស្តីពី​បរិស្ថាន​ពានរង្វាន់​ទូរទស្សន៍​អប្សរា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ការអភិរក្ស​ជីវៈ​ចម្រុះ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កម្ពុជា​» បាន​ចាប់​ដំណើរការ​ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​បេក្ខជន ជា​យុវជន យុវនារី អាយុ​ចន្លោះ​ពី​១៨ ទៅ​២៥​ឆ្នាំ ចំនួន​៣៥​ក្រុម ឬ​នាក់ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត ហើយ​ឆ្លងកាត់​វគ្គ​ជម្រុះ មានតែ ២១​ក្រុម បាន​ឈាន​ជើង​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ជា​លទ្ធផល​ថ្ងៃនេះ កម្មវិធី​ជ្រើសរើស​បាន​ចំនួន ៤​ក្រុម ចុងក្រោយ​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​។ តាមរយៈ​ការវាយតម្លៃ​របស់​គណៈ​កម្ម​ការ​៣​រូប មកពី​ក្រសួងបរិស្ថាន ក្រសួង​ត​ព័ត៌មាន និង​ផលិតករ​ឯករាជ្យ កម្មវិធី​បាន​រក​ឃើញ​បេក្ខជន​ជ័យលាភី​វគ្គ​ផ្តាច់ព្រ័ត្រ​ទទួល​បាន​ពិន្ទុ​បន្ថែម​ពី​ការ​ចូល​ទស្សនា និង​គាំទ្រ like និង view តាមរយៈ Facebook Page: អប្សរា​សង់​ត្រា​ល់​apsaracentral ដែល​ត្រូវ​ប្រកាស​រង្វាន់​នា​ថ្ងៃនេះ ក្នុង​នោះ​ជ័យលាភី​លេខ​១ បាន​ទៅលើ​ភិក្ខុ អេ​ន បញ្ញា អ្នក​និ​ព​ន្ធ​រឿង​«​ដៃ​របស់ខ្ញុំ​» ទទួលបាន​ពាន​១ ប័ណ្ណ​សរសើរ​១ និង​ថវិកា ៥​លាន​រៀល ជ័យលាភី​លេខ​២ បាន​ទៅលើ​ក្រុម​លោក បូ ភក្ត្រា «​រឿង​ភ្លើង​សំរាម​» ទទួល​បាន​ប័ណ្ណ​សរសើរ​១ ថវិកា ៣​លាន​រៀល ជ័យលាភី​លេខ​៣ បាន​ទៅលើ​ក្រុម​លោក មៃ លី​អ៊ាង «​រឿង​ក្រោម​មេឃ​តែមួយ​» ទទួល​បាន​ប័ណ្ណ​សរសើរ​១ ថវិកា ២​លាន​រៀល និង​ជ័យលាភី​លេខ​៤ បាន​ទៅលើ​ក្រុម​លោក ម៉ើ​ត អះ​ម៉ាត់ និ​ព​ន្ធ​«​រឿង​បរិស្ថាន​» ទទួល​បាន​ប័ណ្ណ​សរសើរ​១ និង​ថវិកា ១​លាន​រៀល​។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន សាយ សំ​អាល់ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក្រសួងបរិស្ថាន វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន និង​សិស្ស និស្សិត​ជាច្រើន​នាក់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu