ព្រះសីហនុ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈលោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ បានព្រមានអភិបាលខេត្តព្រះសីហនុ ឲ្យបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ពីព្រោះជាហេតុបង្កឲ្យមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាព និងគុណភាពសំណង់តែម្តង នេះបើយោងតាមលិខិតចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ដែលផ្ញើជូនលោក យន្ត មីន អភិបាលគណៈអភិបាលខេត្តព្រះសីហនុ។
នៅក្នុងលិខិតរបស់លោក ឆាន់ សាផាន លេខ២៤១៧ ដនស/អរប បានឲ្យដឹងថា ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុបាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាត សាងសង់មានតែគោលការណ៍ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុប៉ុណ្ណោះ។ ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី បានចាត់ទុកសកម្មភាពសាងសង់សំណង់មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នជំនាញនេះ គឺផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងគុណភាពសំណង់តែម្តង។
ពាក់ព័ន្ធបញ្ហាសំណង់ខុសច្បាប់ ដែលកំពុងសាងសង់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់រដ្ឋបាលខេត្តបញ្ឈប់បន្ទាន់នូវការចេញលិខិតអនុញ្ញាតជា គោលការណ៍ដល់ម្ចាស់សំណង់ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសំណង់ឲ្យ គោរពតាមច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកទេសជាធរមាន។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលតែម្តង ហើយក្រុមការងារចំពោះកិច្ចនេះ ចែកចេញជា៦ក្រុមផ្សេងៗគ្នា ដែលក្នុង១ក្រុមមានប្រធានម្នាក់ និងសមាជិក៣នាក់ ដើម្បីចុះធ្វើកិច្ចការងារបន្ទាន់។
នៅក្នុងសេចក្តីសម្រេចរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ក្រុមការចំពោះកិច្ចទាំង៦ក្រុម ត្រូវទទួលភារកិច្ច ទី១- ចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឲ្យអនុវត្តស្របតាមលិខិតអនុញ្ញាតសាងសង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ និងបច្ចេកទេស និងទី២- ធ្វើរបាយការណ៍ការងារផ្ញើជូនអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម ដើម្បីបូកសរុបជូនថ្នាក់នាំក្រសួងពិនិត្យ និងសម្រេច។
តាមរបាយការណ៍មួយបានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗចំនួន១៣២គម្រោង ចាប់ពីកម្ពស់៥ជាន់ដល់៤២ជាន់ ត្រូវបានស្ថាបនាឡើង ដោយអ្នកវិនិយោគ ទាំងក្នុង និងក្រៅស្រុក ហើយបាននិងកំពុងដំណើរការសាងសង់ជាជំហានៗ៕
Source: Kampuchea Thmey Daily
0 Comments