ភ្នំពេញ ៖ មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនានារួសរាន់បញ្ជូនឈ្មោះ និង ប្រវត្តិរូបសង្ខេបរបស់បុគ្គលិកកម្មកររបស់ខ្លួនមកដាក់ពាក្យនៅទីស្តីការក្រសួងការងារ ឬ សមាគមរោងចក្រកាត់ដេរឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតប្រជែងកម្មករឆ្នើមឆ្នាំ២០១៨ នាពេលខាងមុខនេះ។
កម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៨នេះ រៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមកិច្ចសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ផលិតភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមា នការកើនឡើងដល់១៧០ដុល្លារអាមេរិក។
លោកមាឃ សីហា មន្ត្រីផ្នែកច្បាប់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាទទួលបន្ទុករៀបចំការប្រកួតនេះបានឲ្យដឹងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ថា ការប្រកួតប្រជែងកម្មករឆ្នើមនេះចែកចេញជា៥មុខតំណែងរួមមាន១.អ្នកគ្រប់គ្រង ២.មេការ ឬ បុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក និងកម្មករទូទៅរួមទាំងអ្នកបើកឡាន អ្នកថែសួន អ្នកសំអាតជាដើម។
លោកបានបន្តថា ការប្រកួតប្រជែងនេះមិនមានការសរសេរនោះទេ គឺធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់មាត់ទៅលើបេក្ខជននីមួយៗទៅតាមមុខជំនាញរៀងៗខ្លួន ដោយគណៈកម្មការការប្រកួតដែលមានសមាសភាពមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសមាគមរោងចក្រកាត់ដេរ ដើម្បីជ្រើសរើសមួយមុខតំណែងចំនួន៣នាក់ ចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣។
លោកបានបន្ថែមទៀតថា ចំពោះលទ្ធផលនៃការប្រកួតនឹងធ្វើឡើងនៅក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៧-២៨ តុលា ខាងមុខ។
លោកបានឲ្យដឹងទៀតថា ចំណែកជ័យលាភីទាំងអស់នឹងទទួលបានវិញ្ញាបនបត្រជាបុគ្គលិក កម្មករនិយោជិតឆ្នើមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអមដោយទឹកប្រាក់ចំនួន៣០០ដុល្លារសម្រាប់ចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់២០០ដុល្លារនិងចំណាត់ថ្នាក់៣ទទួលបានទឹកប្រាក់១០០ដុល្លារ ព្រមទាំងទទួលបានប័ណ្ណដែលមានតម្លៃ២០០ដុល្លារដូចគ្នាសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា។
ពាក់ព័ន្ធពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ លើកទី០៨មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការចូលរួមពី👉🏻 ក្រុមហ៊ុន សហគ្រាសធំៗ ១០០ផ្តល់ឱកាស ការងារគ្រប់ប្រភេទ ២០.០០០ កន្លែងសម្រាប់អ្នកស្វែងរកការងារ ៣០.០០០ នាក់។
ជាមួយគ្នានេះដែរក៏មានការបង្ហាញនិងណែនាំអំពីអាជីព និងជំនាញបច្ចេកទេសសម្ភាសការងារ និងជ្រើសរើសបុគ្គលិកផ្ទាល់បង្ហាញពីគំនិត ជំនាញ បច្ចេកវិទ្យា និងផលិតផលបង្ហាញពីជោគ ជ័យ របស់កម្មករនិយោជិតឆ្នើមចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗដើម្បីលើកកម្ពស់ការ យល់ ដឹងពី ការបង្កើតផលិតភាពការងារ និងអាជីវកម្មផងដែរ។
លោក មាឃ សីហា សង្ឃឹមថានៅឆ្នាំនេះនឹងមាន បុគ្គលិក កម្មករនិយោជិតចូលរួមការប្រកួតច្រើនជាងឆ្នាំមុនដោយសារតែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជាសមាគមរោងចក្រកាត់ដេរបានខិតខំបង្កើនការផ្សព្វផ្សាយព័ត៌មានស្តីពីការប្រកួតនេះបានទូលំទូលាយតាមរយៈប្រព័ន្ធអនឡាញរួមមានហ្វេប៊ុក ផេកក្រសួ ងការងារនិងផេកសមាគមដើម្បីឲ្យម្ចាស់ ក្រុមហ៊ុន រោងចក្រ សហគ្រាសបានដឹងខណៈឆ្នាំមុនមានអ្នកដាក់ពាក្យចូលរួមប្រកួតប្រជែងការងារកម្មករនិយោជិតឆ្នើមនេះប្រមាណជិត៥០នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments