ព្រឹកនេះព្រះមហាក្សត្រស្តេចយាងបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៦
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៦ នៅ វិមានរដ្ឋសភា នាម៉ោង ៨និង៣០ព្រឹកថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះរាជកម្មវិធី ចេញដោយព្រះបរមរាជវាំងបង្ហាញថា នៅម៉ោង៧: ៣០ព្រឹកថ្ងៃទី៥ ខែ កញ្ញាបេក្ខជន ជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី ៦ អញ្ជើញដល់។ បន្ទាប់មកភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អញ្ជើញដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដល់។ នៅម៉ោង ៨:៣០ ទើបព្រះករុណា ព្រះមហាក្សត្រយាងដល់វិមានរដ្ឋសភា។ បន្ទាប់មកព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច យាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូប ព្រះបាទជ័យវរ្ម័នទី៧ និង ព្រះពុទ្ធរូបនៅខាងក្នុងវិមានរដ្ឋសភា មុនពេលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងគង់ប្រថាប់លើព្រះទីនាំងកៅអី នៅខាងក្នុងសាលប្រជុំវិមានរដ្ឋសភា។
ព្រះរាជកម្មវិធី បង្ហាញថា នៅពេលចាប់ផ្តើមកម្មវិធីដំបូងគឺគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់មក សម្តេចអគ្គមហាសេនាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា សូមព្រះបរមរាជានុញ្ញាតយាងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៦។ គោរពទង់ជាតិបិទកម្មវិធី។ បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងគង់ប្រថាប់នៅក្នុងបន្ទប់រង់ចាំ ( ប្រមាណ ១៥នាទី ) ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានការថតរូបអនុស្សាវរីយ៍ជាមួយបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនៅខាងមុខក្លោងទ្វារវិមានរដ្ឋសភា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចយាងនិវត្ត។
ចំណែករដ្ឋសភាក៏បានផ្សព្វផ្សាយនូវកម្មវិធីសម័យប្រជុំដំបូងនិងសម័យរដ្ឋសភាលើកទី១ នីតិកា លទី៦ នៅវិមានរដ្ឋសភានាថ្ងៃពុធ ទី ០៥-០៦ ខែកញ្ញាដោយក្រោយព្រះករុណា ព្រះមហាក្សត្រ ទ្រង់យាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញគឺរដ្ឋសភា ចាប់ផ្តើមសម័យប្រជុំ លើកទី១ ដោយក្នុងនោះចាប់ផ្តើមដំបូង លោក ឡេង ប៉េងឡុង ប្រកាសហេតុ។ បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី១ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រចំនួន ៥ រូប ដែលមានអាយុតិចជាងគេ ជាលេខាធិការ ដើម្បីជួយការងារព្រឹទ្ធសមាជិករដ្ឋសភា។
តាមកម្មវិធីរបស់រដ្ឋសភាមានរបៀបវារៈចំនួន ២ ដែលរដ្ឋសភាប្រជុំលើកទី ១ ក្រោមអធិបតីភាពព្រឹទ្ធសមាជិករដ្ឋសភារួមមាន៖ ក.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងខ.ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៦។
ដោយឡែក នៅពេលរសៀលថ្ងៃទី៥ ខែកញ្ញារដ្ឋសភាបានប្រកាសថា នៅម៉ោង ២:៣០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ អញ្ជើញមកជួបជុំគ្នា នៅវិមានរដ្ឋសភា ប្រើរថយន្តរួមគ្នា ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំជូនធ្វើដំណើរទៅព្រះបរមរាជវាំង ធ្វើសច្ចាប្រណិធាន ( លើកលែងសម្តេច ឯកឧត្តម លោកជំទាវ មួយចំនួន ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន )។
ចំណែក នៅថ្ងៃទី៦ ខែកញ្ញា រដ្ឋសភា បានប្រកាសពីកម្មវិធីនៃសម័យប្រជុំ លើកទី១ បន្ត ដោយអង្គប្រជុំរដ្ឋសភា នឹងចាប់ផ្តើមនៅម៉ោង ៨ ព្រឹក ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភានិងមានលេខាធិការ៥រូប ជួយការងារព្រឹទ្ធសមាជិករដ្ឋសភា ។ ក្រោយមកចាប់ផ្តើមរបៀបវារៈការបោះឆ្នោតជ្រើសតាំងប្រធានអនុប្រធាននៃរដ្ឋសភាប្រធានអនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភានិងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។ភារកិច្ចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភានិងលេខាធិការ៥រូបត្រូវបានបញ្ចប់ ។ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញអនុប្រធានទី១ អនុប្រធានទី២ នៃរដ្ឋសភាមកកាន់អាសនៈ។ សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងអំណរព្រះគុណ និងអរគុណ ក្នុងឱកាសទទួលតំណែងជាប្រធានរដ្ឋសភា នីតិកាលទី៦។ ក្រោយមកប្រធានរដ្ឋសភាអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមតិក្នុងឱកាសទទួលតំណែងជានាយករដ្ឋមន្ត្រី៕
Source: Kampuchea Thmey Daily
0 Comments