ភ្នំពេញ ៖ កំពូលតារាចម្រៀងសំឡេងពីរោះរណ្ដំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា ថ្មីៗនេះស្រាប់តែមានការបែកធ្លាយដំណឹងដ៏រសើបមកថា បច្ចុប្បន្នតារាស្រីរូបនេះ បានលួចលាក់សាងសម្ព័ន្ធភាពស្នេហាក្រៅឆាកស្ងាត់ៗជាមួយបុរសម្នាក់ ដែលមានកូន-ប្រពន្ធរួចហើយនៅឯប្រទេសបារាំង។ នេះបើយោងតាមប្រភពទម្លាយឲ្យដឹងនៅលើបណ្តាញសង្គម។
ផ្អែកតាមប្រភពរបស់ម្ចាស់ Account Facebook ឈ្មោះ Mono Tep បានទម្លាយជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើលថា ក្តៅៗបែកធ្លាយ ម៉េង កែវពេជ្ជតា លួចប្តីគេនៅបារាំង។ ក្នុងលិខិតខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់អំពីការឈឺចាប់របស់នាងនិងម្តាយនាងទាក់ទងនឹងរឿងឪពុកនាងលែងលះគ្នាជាមួយម្តាយនាងដោយសារ ម៉េង កែវពេជ្ជតា បានទាក់ទងសហាយស្មន់ពង្វក់ឪពុករបស់នាងឲ្យលែងលះជាមួយម្តាយរបស់នាងអំឡុង ម៉េង កែវពេជ្ជតា មកច្រៀងនៅបារាំងឆ្នាំ២០០៩ និង ២០១១ តែនាងនិងម្តាយនាងបានដឹងរឿងនេះនៅឆ្នាំ២០១៥។
ប្រភពខាងលើបាននិយាយទៀតថា នាងសរសេរថា La veuve noirស្ត្រីមេម៉ាយពីងពាងខ្មៅមានពិសដ៏សាហាវ បានដាក់អន្ទាក់ក្រសោបចាប់ឪពុករបស់នាងពង្រាត់ពីទ្រូងម្តាយរបស់នាងគួរឲ្យខ្លោចផ្សាណាស់។ គោលបំណង ម៉េង កែវពេជ្ជតា មកបារាំងឆ្នាំ២០១៨គឺមកនៅប្រទេសបារាំងជាមួយឪពុកនាងរូបថតផ្ទះ ម៉េង កែវពេជ្ជតាបង្ហោះក្នុងបណ្តាញសង្គមជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឲ្យនាងនិងម្តាយនាងរឹតតែឈឺចុកចាប់។
ប្រភពពីម្ចាស់Account Facebook ដដែលនោះបានបន្ថែមថា ទោះជាយ៉ាងណាក្មេងស្រីបានយំរៀបរាប់ថាទោះឪពុកនាងមានកំហុសយ៉ាងណាក៏ដោយ នាងនិង ម្តាយនាងនៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ ហើយនាងនិងម្តាយនាងនៅតែមានសង្ឃឹមរង់ចាំទទួលឪពុកនាងវិលត្រឡប់មករកម្តាយនាងនិងនាងជានិច្ច។ នាងបន្ថែមថា ម្តាយនាងជាមនុស្សស្លូតបូតណាស់ មិនចង់ឲ្យរឿងនេះបែកធ្លាយជាសាធារណៈឬរករឿង ម៉េង កែវពេជ្ជតា ម្តងណាទេតែពេលនេះ វាដូចជាហួសហេតុពេកហើយដែល ម៉េង កែវពេជ្ជតា មកបារាំងមកនៅក្នុងផ្ទះនាងជាមួយឪពុកនាងក្បែរផ្ទះនាងនិងម្តាយនាងថែមទៀតផង។
ទាក់ទងដំណឹងដ៏រសើបខាងលើនេះកម្ពុជាថ្មីនៅរសៀលថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨នេះពុំទាន់អាចស្វែងរកការបំភ្លឺពីសំណាក់កំពូលតារាចម្រៀងសំឡេងដូចសត្វរ៉ៃកណ្តឹងអ្នកនាង ម៉េង កែវពេជ្ជតា បាននៅឡើយទេ។ ដូច្នេះកម្ពុជាថ្មី រង់ចាំស្វាគមន៍ជានិច្ចជុំវិញការចេញមុខបកស្រាយរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដើម្បីបញ្ជាក់ការពិតឲ្យមហាជនបានដឹងកាន់តែច្បាស់ចំពោះដំណឹងខាងលើនេះ៕
Source: Kampuchea Thmey Daily
0 Comments