បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ចេញពីផ្ទះទៅដាក់ម៉ង់នៅពេលយប់ហែលឆ្លងកាត់ប្រឡាយទឹកគួចខ្លាំងបណ្តាលឲ្យលង់ទឹកស្លាប់ នៅវេលាម៉ោង៧និង៤៤នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចប្រឡាយក្នុងភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ពេក ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនរងគ្រោះបានទៅដាក់ម៉ង់នៅវាលស្រែខាងកើតភូមិ ពេលទៅដល់ប្រឡាយមេក៏ចុះឆ្លងស្រាប់តែពេលនោះមានទឹកគួចយ៉ាងខ្លាំងបណ្តាលឲ្យទឹកគួចលិចជនរងគ្រោះក៏លងទឹកស្លាប់តែម្តង។
ក្រោយពីកើតហេតុហើយ ទើបក្រុមគ្រួសារដឹងបាននាំអ្នកភូមិជួយរកសពរាប់ម៉ោងក្រោយមកទើបរកសពឃើញសពជនរងគ្រោះ ក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕
Source: Kampuchea Thmey Daily
0 Comments