Ad Code

អំណោយ​សប្បុរស​ធម៌ របស់​រដ្ឋ​គុ​វ៉ែត ត្រូវ​បាន​នាំ​យក​មក​ចែក ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ៤០០​គ្រួសារ



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​នាំ​យក​អំណោយ សប្បុរសជន មកពី​រដ្ឋ​គុយ​វ៉ែត តាមរយៈ​អង្គការ​ពិភពលោក​នៃ​ក្តីមេត្តា ចែក​ជូន​ដល់​ប្រជា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ៤០០​គ្រួសារ នៅ​សង្កាត់​ច្រាំង​ចំរេះ​១ និង​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សី​កែវ ដែល​ក្នុង ១​គ្រួសារ ទទួល​បាន​អង្ករ ១៥​គីឡូក្រាម ស្ករស ១​គីឡូក្រាម ប្រេងឆា ១​លីត្រ ត្រីខ ៤​កំប៉ុង និង​មី ១០​កញ្ចប់។

ពិធី​ចែក​អំណោយ​នេះ​ស្ថិតនៅ​ទីតាំង​ព្រះវិហារ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំ​រះ​ទី​២ កាលពី​ថ្ងៃ​អង្គា​រ៏ ៩​រោច ខែស្រាពរណ៍ ឆ្នាំច​ សំរឹទ្ធ​ស័ក ​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ​២០១៨ នេះ​។

បន្ទាប់ពី​មតិ​ស្វាគមន៍ និង​ចំណាប់អារម្មណ៍ របស់​លោក WAEIL EL MOURSI ប្រធាន​អង្គការ​ពិភពលោក​នៃ​ក្តីមេត្តា ប្រចាំ​កម្ពុជា រួចមក ក្នុង​ឱកាស​នោះ លោក អូស្មាន ហាស្សាន់ បាន​លើកឡើង​ថា ជា​ការពិត​ដោយសារតែ​យើង​បាន​រួម​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​បាន​ជា​រាល់​ទុក្ខ​លំបាក​នានា​របស់​ប្រជាពលរដ្ឋ តែងតែ​ត្រូវ​បាន​ទទួល​ការ​គាំពារ ការ​យក​ចិត្តទុកដាក់​ពី សំណាក់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ដៃគូ​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ ស្រុះដៃ​គ្នា ក្នុងការ​ចូលរួម​ដោះស្រាយ​រាល់​ទុក្ខ​លំបាក ដោយ​ការ​កៀងគរ​មូលនិធិ​មនុស្សធម៌ ចុះ​ជួយ​ប្រជាពលរដ្ឋ​យើង​បាន​ទាន់ពេលវេលា។

ជា​មួយ​គ្នា​នេះ ​លោក​ក៏ បាន​ជំរុញ ឲ្យ​សាសនិក​ឥស្លាម​កម្ពុជា​ទាំងអស់​ត្រូវ គោរព​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សាសនា ហើយ​ជាងនេះទៅ​ទៀត​គ្រួសារ​ខ្មែរ​អ៊ីស្លាម​នីមួយៗ ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ខិតខំ សិក្សា​រៀនសូត្រ ទទួល​បាន​នូវ​ចំណេះដឹង​ខ្ពង់ខ្ពស់ ដើម្បី​យកទៅ​រួមចំណែក​ក្នុងការ​កសាង ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​។ ដោយ​រដូវ​នេះ ជា​រដូវវស្សា សូម​បងប្អូន​កូនក្មួយ ដែល​មេ​គ្រួសារ សូម​ប្រុងប្រយ័ត្ន​កូនចៅ កុំ​ឲ្យ​ចុះ​លេង​ទឹក ក្រែង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

លោក​បន្ដ​ថា ត្បិត​កញ្ចប់​អំណោយ​ថ្ងៃនេះ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ពី​សប្បុរសជន ដើម្បី​រួមចំណែក​ដោះស្រាយ​បន្ទុក ការ​លំបាក​របស់​បង​ប្អូន​បាន​មួយចំនួន តែ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ទេ ដែល​បងប្អូន​តែងតែ​បាន​ទទួល​អំណោយ​នានា ពី​អង្គការ​នេះ​ក្តី និង​អង្គការ សមាគម​ដទៃទៀត ក៏ដូចជា​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ទាំងនេះ​គឺជា​ការ​បង្ហាញ​ពីស​មាន ចិត្ត និង​ក្តី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ​របស់ រាជរដ្ឋាភិបាល របស់​អង្គការ​សមាគម ដល់​បងប្អូន គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ ទីណា​មាន​បងប្អូន​ជួប​ការ​លំបាក​ទីនោះ​មាន​ថ្នាក់ដឹកនាំ​ដ៏​ល្អ​តាម​ជួយ​ថែរក្សា​ជានិច្ច កាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu