ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសថៅកែគ្រឿងបន្លាស់រថយន្តដាក់ពន្ធនាគារកំណត់៩ខែ ក្រោមការចោទប្រកាន់ពីបទឆបោក។
ជាមួយគ្នានេះ តុលាការបានបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ទៅដើមបណ្ដឹងចំនួន៣ ៥២៤ ៨០០ដុល្លារ និងសងជំងឺចិត្តចំនួន២០០លានរៀល ថែមទៀត ក្នុងករណីជនត្រូវចោទមិនសុខចិត្តអាចប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះឈ្មោះ អឿ អឿន ហៅសំអឿន អាយុ៥៧ឆ្នាំ ជាថៅកែគ្រឿងបន្លាស់រថយន្តដែលតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី ១២កក្កដា ឆ្នាំ២០១៨។
អង្គហេតុដែលផ្ដើមឲ្យមានការចោទប្រកាន់ឈ្មោះអឿ អឿន ជាថៅកែនាំចូលគ្រឿងបន្លាស់រថយន្តនោះពីបទឆបោកនោះ គឺពាក់ព័ន្ធនឹងការរត់ការចេញអាជ្ញាប័ណ្ណនាំឈើចេញទៅក្រៅប្រទេសមានតម្លៃជាង៥លានដុល្លារ គិតជាបរិមាណឈើគឺជាង២០០កុងធេន័រ ប៉ុន្តែឈ្មោះអឿ អឿនបានបំពេញកាតព្វកិច្ចបានតែ១០០កុងធែន័រប៉ុណ្ណោះ នៅសល់ ជាង១០០កុងធែន័រទៀត គឺស៊ីដសច់ប្រាក់ជាង៣លានដុល្លារដល់បច្ចុប្បន្ន។
នៅក្នុងសវនាការជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានកេងបំបាត់ប្រាក់របស់ដើមបណ្ដឹងទេ ពោលគឺអ្វីៗខ្លួនបានបំពេញកាតព្វកិច្ចប្រគល់អាជ្ញាប័ណ្ណឲ្យម្ចាស់ឈើអស់ហើយនៅក្នុងជំពូកឈើ អឺម៣ រហូតអស់ពីឃ្លាំង។
ចំណែកដើមបណ្ដឹងនិងសាក្សីចំនួន៥នាក់ បានឆ្លើយស្រដៀងគ្នាថា នៅអំឡុងឆ្នាំ២០១៤ ពួកគេបានប្រគល់ប្រាក់ជាបន្តបន្ទាប់ចំនួន១១ដងឲ្យមកឈ្មោះអឿ អឿន ដើម្បីរត់ការមកក្រុមហ៊ុនទ្រីភាពនាំឈើជំពូកអឹម ៨ មានតម្លៃជាង៥លានដុល្លារទៅក្រៅប្រទេស ប៉ុន្តែក្នុងអំឡុងពេលនោះខ្លួនបានទទួលអាជ្ញាប័ណ្ណនាំចេញត ឬ១០០កុងធែន័រ នៅសល់ជាង១០០កុងធែន័តទៀតឈ្មោះអឿ អឿន មិនបំពេញកាតព្វកិច្ចផ្តល់អាជ្ញាប័ណ្ណឲ្យទេ ថែមទាំងគេចវេសមិនទទួលខុសត្រូវទើបខ្លួនប្ដឹងតែម្ដង។
ដោយសារចម្លើយជនជាប់ចោទមានការប្រែប្រួលដូច្នេះ តំណាងអយ្យការលោកស្រី ស៊ឺ វណ្ណនី បានសន្និដ្ឋានប្ដូរបទចោទពីឆបោកមកជាបទរំលោភលើទំនុកចិត្តវិញ ហើយបានស្នើឲ្យចៅក្រមសម្រេចតាមច្បាប់។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោករស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក៏បានប្រកាសសាលក្រមផ្ដន្ទាទោសឈ្មោះ អឿ អឿន ដាក់ពន្ធនាគារកំណត់១៨ខែ និងបង្គាប់ឲ្យសងប្រាក់ទៅដើមបណ្ដឹងឈ្មោះ Shao Jianfen ជាជនជាតិចិនចំនួន៨០ម៉ឺនដុល្លារ និងប្រាក់ជំងឺចិត្តចំនួន៦០០លានរៀល ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ ) បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
រឿងក្ដីនេះតុលាការបានបើកសវនាការកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ លោកអឿ អឿន បានសារភាពថា ពិតជាបានចេញសែកដែលមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យដើមបណ្ដឹងមែន តែក្នុងកុងនោះគ្មានប្រាក់ទេ។ ជនសង្ស័យ អឿអឿន បានសារភាពទៀតថា នៅអំឡុងឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចសន្យាជាមួយជនជាតិចិនក្នុងការប្រមូលទិញឈើពីក្រុមហ៊ុនទ្រីភាពផ្គត់ផ្គង់ឲ្យក្រុមហ៊ុនចិនក្នុងមួយខែឲ្យបាន៤០កុងទែន័រ ប៉ុន្តែក្រោយមករដ្ឋាភិបាលបានបិទមិនឲ្យមានឈើចេញទើបខ្លួនមិនអាចប្រមូលទិញឈើបាន។
កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦លោក សេង លាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជនសង្ស័យ អឿ អឿន ថៅកែលក់គ្រឿងបន្លាស់រថយន្ត ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក អឿអឿន មានមុខរបរលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
អង្គសវនាការឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រមព្រៀងប្រមូលទិញឈើឲ្យទៅជនជាតិចិនក្នុងទឹកប្រាក់៦.២០០.០០០ដុល្លារ ពិតមែនដោយមួយខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រតែខ្លួនពិតជាគ្មានឈើប្រគល់ឲ្យមែនហើយលុយ៦.២០០.០០០ដុល្លារ នោះក៏ខ្លួនបានទទួលដែរ ។ ចំណែកការចេញសែកខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះពិតប្រាកដមែន៕
Source: Kampuchea Thmey Daily
0 Comments