Ad Code

ប្រៃសណីយ៍​កម្ពុជា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សេវា​ប៉ុស្តិ៍​ផ្ញើ​ប្រាក់ ដំណើរការ​នៅលើ App



ភ្នំពេញ ៖ ថ្ងៃនេះ ប្រៃសណីយ៍​កម្ពុជា​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សេវា​ប៉ុស្តិ៍​ផ្ញើ​ប្រាក់ ដំណើរការ​នៅលើ App ដែលមាន​ឈ្មោះថា posTTransfer ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្តល់សេវា ផ្ញើ​លុយ​ក្នុងស្រុក និង​ក្រៅប្រទេស ព្រមទាំង​ការទូទាត់​ទំនិញ​ផ្សេងៗ​។

​លោក អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ប្រៃ​ស​ណី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សេវា​ប៉ុស្តិ៍​ផ្ញើ​ប្រាក់​នា​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨ ថា​ជាមួយ posTTransfer នេះ​បង្ក​លក្ខណៈ​សម្បត្តិ ឲ្យ​ប្រៃសណីយ៍​បាន​ពង្រីក​សក្ដានុពល​នៅក្នុង​ប្រទេស ក្នុង​ការពង្រីក​ភ្នាក់ងារ​ផ្ទេរ​ប្រាក់ អ្នកប្រើប្រាស់​សេវា​ដោយផ្ទាល់ ហើយ​កាត់បន្ថយ​ក្នុង​ការ​ប្រើប្រាស់​ឯកសារ​ជា​តម្រូវ​ការបញ្ជាក់​អត្តសញ្ញាណ គឺ​បញ្ជាក់​តែម្តង​នៅពេល​ចុះឈ្មោះ ហើយ​ប្រើ​បាន​រហូត។



សូម​បញ្ជាក់​ថា posTTransfer នេះ ជា​សេវា​ថ្មី​បំផុត ដែល​បាន​អភិវឌ្ឍន៍​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ដោយ UPU បាន​បង្កើត​ឡើង​ទៅជា App សម្រាប់​ប្រើ​បាន​នៅ​គ្រប់​ទំរង់​នៃ​ទូរស័ព្ទ​វ័យឆ្លាត និង​កុំព្យូ​ទ័​រ ដែល​បាន​ចុះបញ្ជី​ដោយ UPU នៅ​ឆ្នាំ​២០១៧។ ក្នុង​នោះ​ប្រៃសណីយ៍​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​លើ ការប្រើប្រាស់​និម្មិត​សញ្ញា PosTransfer trademark ជា​អន្តរជាតិ​សម្រាប់​វិស័យ​ប្រៃសណីយ៍។ ហើយ​ជា​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨ នេះ ប្រៃសណីយ៍​កម្ពុជា​ក៏បាន​ចុះហត្ថលេខា​ពហុភាគី​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ សេវា​ផ្ទេរ​ប្រាក់ ដោយ​ប្រើ​ប្រព័ន្ធ PosTransfer។ បច្ចុប្បន្ន UPU និង PosTranfer Group កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ជំរុញ​ឲ្យ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់ ឆ្លង​ប្រទេស​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឆ្លើយ​ទៅ​នឹង សេដ្ឋកិច្ច​សាកល ដែលមាន​ចលនា​ពលករ​ចំណាកស្រុក​ច្រើន អន្តោ​ប្រវេសន្ត ធ្វើការ​នៅ​ក្រៅ​ប្រទេស ក៏ដូចជា​កំណើន​ទេសចរ​បម្លាស់​ទី គ្រប់​ទីកន្លែង ហើយ​ពួកគេ​អាច​ផ្ទេរ​ប្រាក់​កំរិត​ប្រើប្រាស់​ក្នុង​គ្រួសារ ដែល​មាន​កម្រៃ​សេវា​ទាប ប្រកបដោយ​សុវត្ថិភាព និង​តម្លាភាព។

​លោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​បញ្ជាក់​ថា ការដែល​ប្រៃសណីយ៍​កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​សេវា posTTransfer ក្នុង​គោលបំណង ដើម្បី​កែលម្អ​គុណភាព​សេវា​របស់​ស្ថាប័ន​សាធារណៈ ប្រកបដោយ​ភាព​ជឿជាក់ រហ័ស ធ្វើ​សេវា​ខ្លួនឯង ផាត់​ចោល ការ​ចំណាយ​ពេលវេលា និង​មធ្យោបាយ​ធ្វើដំណើរ​ទៅ​បង់ថ្លៃ​សេវា អគ្គីសនី ទឹក ពន្ធ​ការ​បង់ថ្លៃ​សិក្សា​ដែល​ឆ្លើយតប​ទៅ​នឹង តម្រូវការ​នៃ​ការផ្តល់​សេវា​ប្រៃសណីយ៍​សកល របស់ UPU ។

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ដល់​ស្ថាប័ន​សាធារណៈ​មាន​ដូច​ជា អគ្គីសនី​កម្ពុជា​រដ្ឋ​ករ​ទឹក អាជ្ញាធរ​អប្សរា ពិចារណា​ក្នុង​ការ​ប្រើប្រាស់​សេវា posTTransfer និង ចាប់ផ្តើម​ពិភាក្សា​ជាមួយ​ប្រៃសណីយ៍​កម្ពុជា​លើ​ការ​ទូរ​ទាត់​វិក្កយបត្រ អគ្គីសនី ប្រើប្រាស់​ទឹក របស់​ប្រជាពលរដ្ឋ និង លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរណ៍។

លោក​ថា បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​អាច​ជួយ​កាត់បន្ថយ​ថ្លៃដើម​របស់​ស្ថាប័ន​ខាងលើ​នេះ​បាន​ខ្លះទៀត ដូចជា​មិន​ចាំ​បាច់​បោះពុម្ព​វិក្កយបត្រ មិន​ចាំ​បាច់​ចំណាយ​លើ​អ្នក​ចែក​វិក្កយបត្រ​ដល់​ផ្ទះ​អ្នកប្រើប្រាស់ និង​មិនបាច់​បង់ថ្លៃ​សេវា​ប្រមូល ឬ​ទទួល​លុយ​ពី​អតិ​ថ​ជន និង​ក៏​ជួយ​ផាត់​ការ​ចំណាយ​ផ្សេងៗ​របស់​អតិថិជន​ទៅលើ​មធ្យោបាយ​បង់ថ្លៃ ប្រើប្រាស់​សេវាកម្ម ដោយ​គ្រាន់តែ​ស្ថាប័ន​ខាងលើ ផ្តល់​ការងារ​នេះ​មក​ឲ្យ​ប្រៃសណីយ៍​កម្ពុជា​ជា​អ្នក​ចែក​វិក្កយបត្រ និង​ប្រមូល​ចំណូល​ជូន​វិញ​។ តែ​ស្ថាប័ន​ខ្លួន ត្រូវ​ផ្តល់​កម្រៃ​សេវា​ចំនួន​ណាមួយ​ដែល​អាច​ទាប​ជាង​ការ​ចំណាយ​លើ​ការផលិត​វិក្កយបត្រ​+​ថ្លៃ​ចែកចាយ​វិក្កយបត្រ + ថ្លៃ​សេវា ក្នុង​ការ​ទទួល​ការបង់ថ្លៃ​សេវាកម្ម​របស់​ស្ថាប័ន ដើម្បី​ឲ្យ​ប្រៃសណីយ៍​កម្ពុជា​បាន​អនុវត្ត​នូវ​តួនាទី​របស់ខ្លួន​ផង និង​បង្កើន​ចំណូល​ចូល​ថវិកាជាតិ​ផង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu