Ad Code

នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​កិ​តិ្ត​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ រួម​ជា​មួយ​ព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាន​នាំ​យក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ត្រូវ​ចែកជូន ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម ទឹកត្រី ០១​យួរ ទឹកស៊ីអ៊ីវ ០១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៣​ម៉ឺន​រៀល​។

ក្នុង​ឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែល​ជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការ​លំបាក ទុរគតជ​ន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍​ជាដើម ហើយ​សម្តេច​ទាំង​ទ្វេ​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការ​លំបាក​នានា​របស់បង​ប្អូន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា។

លោក នុត ពុធ​ដា​រ៉ា ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥត​ឈប់ឈរ​របស់​ប្រទេសជាតិ​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​បាន​ខិតខំ​តស៊ូ​រំដោះប្រទេស​ពី​របប​ប្រល័យពូជសាសន៍ អភិវឌ្ឍន៍​ជាតិ​ឲ្យ​បាន​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព​។

ជា​មួយ​គ្នា​នេះ លោក អភិបាល ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ ពិសេស​លោកតា លោកយាយ សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព អនាម័យ​ការរស់នៅ ដើម្បី​រស់នៅ​បាន​យូរ​អង្វែង​មើល​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ជាតិ​យើង​បន្ត​ទៀត និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ដែល​ល្អ ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​ទៅមុខទៀត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu