Ad Code

ចោរ​​​ជំនាញ​លួច​គោ​២នាក់ អស់លក្ខណ៍​នៅ​ស្រុក​អង្គស្នួល



កណ្តាល ​៖ ​នគរបាល​ស្រុក​អង្គ​ស្នូល​ បាន​ធ្វើ​ការ​ចាប់​ឃាត់​រថយន្ត​កូ​រ៉េ​១​គ្រឿង ​ដែល​មាន​ដឹក​សត្វ​គោ​២​ក្បាល​និង​មនុស្ស​ប្រុស ស្រី​២​នាក់ បន្ទាប់ពី​ប្រជាកសិករ​បាន​រាយការណ៍​ពី​សកម្មភាព​បាត់​សត្វ​គោ​។



ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង​០៨និង៤០​នាទី​នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិវែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។



លោក​វរសេនីយ៍ឯក មាន សំណាង​អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ជា​ម្ចាស់​គោ ឈ្មោះ អ៊ី អ៊ី​ច ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​វែង ឃុំម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ចំណែក​ជនសង្ស័យ​០២​នាក់​ (​ឃាត់ខ្លួន​) ១-​ឈ្មោះ ហេង ចាំ ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ​ស្រុក​ពញាឮ ខេត្តកណ្តាល​។ ២-​ឈ្មោះ រ៉េត ណាន ភេទ​ស្រី ​អាយុ​៣៥ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។



វត្ថុតាង​ចាប់​យក ទី១-​រថយន្ត​ម៉ាក​ហ៊ី យាន់​ដាយ​ ពណ៌​ស​+​បៃតង ពាក់​ស្លាក​លេខ​ ភ្នំពេញ​2D-0484។ ទី២-​សត្វ​គោ ០២​ក្បាល​សម្បុរ ស ​ញី​០១​ក្បាល​និង​ឈ្មោល ០១​ក្បាល ទី៣-​កាំបិតផ្គាក់​០១​។

លោក​អធិការ​បញ្ជាក់​ថា ​សត្វ​គោ​០២​ក្បាល​ខាងលើ​ ជំនាញ​បាន​ប្រគល់​ជូន​រងគ្រោះ​បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​រួចរាល់​។ បើ​តាម​សាក្សី​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដឹក​សត្វ​គោ​របស់ខ្លួន២​ក្បាល ​មក​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​វាលស្រែ​ខាងជើង​ភូមិ​កើតហេតុ​រួច​ដើរទៅ​ផ្ទះ​វិញ។​



ឈ្មោះ​សន សាន​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ បាន​បំភ្លឺ​ថា ​ខ្លួន​បាន​ដើរទៅ​មើល​ស្រែ​របស់​ខ្លួន បានឃើញ​ជន​រង​គ្រោះ​កំពុងតែ​ចង​សត្វ​គោ​។ បាន​បន្តិចក្រោយមក​ស្រាប់ តែ​ឃើញ​មាន​រថយន្ត​កូរ៉េ​០១​គ្រឿង​មកដល់​ហើយ​មនុស្ស​ប្រុស​ម្នាក់ ស្រី​ម្នា​ក់មក ដឹក​សត្វ​គោ​នោះ​ឡើង​រថយន្ត​ ទើប​ខ្លួន​ឆ្ងល់​បាន​ទូរស័ព្ទ​ប្រាប់ ទៅ​ប្រធាន​ភូមិ​ទើប​នាំគ្នា​ជួយ​ស្ទាក់​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ត្រពាំង​អណ្តែង ឃុំម្កាក់ ស្រុក​អង្គស្នួល។

តាម​ចម្លើយ​សារភាព​របស់​ជ​នសង្ស័យ​ឈ្មោះ​ហេង ចាំ បាន​សារភាព​ថា ខ្លួន​បាន​លួច​ដឹក​សត្វ​គោ២​ក្បាល​ខាងលើ​ឡើងលើ​រថយន្ត​របស់​ខ្លួន​ដើម្បី​យក​ទៅ​លក់​។

សូម​បញ្ជាក់ថា ជនស​ង្ស័​យ​បាន​សារភាព​ថា ​ក្នុង​រយៈពេល​០១​ឆ្នាំនេះ​ ខ្លួន​បាន​លួច​សត្វ​គោ​០៧​ដង​មកហើយ​ និង ​បាន​យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណា​ម​បាន​ចំនួន​០៦​លើក​។ ករណីនេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត និង ចាត់ការ​តាម​នីតិវិធី៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu