Ad Code

ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់ ត្រចៀក ច្រមុះ បំពង់ក ​ សន្លាក់ ឆ្អឹង​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​មក​ធ្វើការ​វះកាត់​កុមារ​ដោយ​ឥតគិតថ្លៃ​ចំនួន​៣​ថ្ងៃ



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បួ​រី មាន​ក្រុម​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់ ឆែបមាត់ ត្រចៀក ច្រមុះ បំពង់ក សន្លាក់ឆ្អឹង ស្នាក់​ស្នាម រលាកភ្លើង ទឹក​ក្រៅ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​សហ​ការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​មន្ទីរ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី ​និង ​ចូលរួម​ពី​ក្រុម​សម្ព័ន្ធ​គ្រូពេទ្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ដោយ​អង្គការ​nextsteps​មក​ធ្វើការ​វះកាត់​កុមារ​ដោយ​ឥតគិតថ្លៃ​ចំនួន​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​៨​ដល់ ថ្ងៃទី​១០​។



ពិធី​នេះ​មានការ​ចូលរួម លោក​លី ​សារី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត ច័ន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី លោក​វេជ្ជបណ្ឌិត​កែវ​វណ្ណា​ផ្នែក​វះកាត់​ត្រចៀក ច្រមុះ លោក​សាស្ត្រា​ចារ្យ​ ឈឿន​ វ​ឌ្ឍី ​ផ្នែក​ខាង​វះកាត់​មកពី​មន្ទីរពេទ្យ​កុមារ​ជាតិ​វេជ្ជបណ្ឌិត គ្រូពេទ្យ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បាន​ចូលរួម​ផង​ដែរ​។



លោក​ លី​ សារី​ បាន​មានប្រសាសន៍ថា​ អនុវត្ត​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៣​ បាន​កំណត់​ថា ​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​របស់​កុមារ​កម្ពុជា​ធ្វើជា​មូលដ្ឋាន​គន្លឹះ​នៃ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។



លោក​ លី​ សារី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​តាមរយៈ​ផ្តល់​សេវា​សុខាភិបាល ប្រកបដោយ​ប្រសិទ្ធភាព គុណភាព សមធម៌ និង​មាន​ចីរភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ មាន​ស្ត្រី កុមារ​នៅ​តាម​ជន​បទ​ព្យាបាល​ប្រកបដោយ​ត្រឹម​ត្រូវ​ច្បាស់លាស់​ដោយ​សមធម៌​ស្មើភាព មិន​មាន​ការរើសអើង​និង​មិន​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ អ្វី​ឡើយ​។



លោក​ លី​ សារី បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​បងប្អូន​ទាំងអស់​ក្រោយពី​ទទួល​បាន​នូវ​សេវា​ព្យាបាល​កូន ចៅ​រួចហើយ​ពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​កូនចៅ​ឲ្យ​បានជា​ប្រចាំ​ដើម្បី​ឲ្យ​កូនចៅ​បាន​រហ័ស​ជាសះស្បើយ​។



ក្នុង​នោះ​ លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្រា​បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​លោក​វេជ្ជបណ្ឌិត លោកគ្រូ​ពេទ្យ​ទាំងអស់​ត្រូវ​បំពេញ​កិច្ចការ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ និង ​អាកប្បកិរិយា​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​អាកប្បកិរិយា​អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈ​ហើយ​លោក​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត​ និង ​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​កត្តា​ជោគជ័យ​ទាំងអស់​នេះ​ហើយ ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អ​ប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​យើង​នេះ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu