ភ្នំពេញ ៖ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោកនិងអង្គការ យូនីសេហ្វបានប្រកាសថា ប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេលើកុមារកម្ពុជា។
ការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទកាសែតនេះ កាលពីរសៀលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រី Natascha Paddison នាយិការរង អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសន្និសីទនាឱកាសនោះថា ការសម្រេចបានជោគជ័យនេះ ដោយសារតែប្រទេសកម្ពុជាបានផ្ដល់វ៉ាក់សាំងថ្លើមប្រភេទបេ ដល់កុមារ គ្របដណ្ដប់បាន៩៨% លើសគោលដៅកំណត់របស់អង្គការសុខភាពពិភពលោក ដែលមានត្រឹមតែ៩៥%។
លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល បានឲ្យដឹងថា «នៅឆ្នាំ២០១៧កន្លងមកនេះ ក្រសួងបានផ្ដល់ថ្នាំបង្ការថ្លើមប្រភេបេ ក្រោមកុមារអាយុ១ឆ្នាំប្រមាណ ៣៤៨,៨៦០នាក់ និងកុមារក្រោម៥ឆ្នាំ មានចំនួន ១,៧២៥,៦១០នាក់ ហើយលោកស្រី សង្ឃឹមថា ឆ្នាំ២០១៨នេះ នឹងផ្ដល់វ៉ាក់សាំងប្រភេទបេនេះ ដល់កុមារគ្របដណ្ដប់១០០%តែម្ដង តាមរយៈការស្វែងរកកុមារដែលនៅក្នុងតំបន់ងាយរងគ្រោះ និងដើរចាក់បង្គ្រប់លើកុមារដែលមិនបានទទួលទៅតាមកម្មវិធីរបស់ក្រសួង»។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា «ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែន ទើបធ្វើឲ្យប្រទេសកម្ពុជា បានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ ដែលជួយកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ដែលរួមចំណែកធ្វើឲ្យកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្ដប់សេវាសុខភាពជាសកល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣» ។
លោកសាស្ដ្រាចារ្យម៉មប៊ុនហេងបានបន្ដថា កម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច លើការផ្ដល់ថ្នាំបង្ការចំនួន៣ ដែលបានកំណត់ដោយកិច្ចប្រជុំគណៈកម្មាធិការថ្នាក់តំបន់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រួមមាន ការលុបបំបាត់ជំងឺកញ្ជ្រិល ជំងឺតេតាណូស ម្ដាយ និងទារក ដែលសម្រេចបាននៅឆ្នាំ២០១៥ រួមនឹងការសម្រេចគោលដៅក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នៅក្នុងឆ្នាំ២០១៨នេះផងដែរ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិកសុខាភិបាលទាំងអស់ ប្រជាជនកម្ពុជា និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានចូលរួមចំណែក ធ្វើឲ្យការងារនេះសម្រេចបានជោគជ័យ។
ចំណែកលោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលមួយទសវត្សរ៍ ដើម្បីសម្រេចបាននូវគោលដៅ ប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នេះ។
លោកវេជ្ជបណ្ឌិតបានបន្ដថា «ការសម្រេចបានគោលដៅ ប្រយុទ្ធនឹងជំងឺនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា និងបង្ហាញថា ការផ្ដល់ថ្នាំបង្ការ ជាវិធានការបង្ការ ដ៏មានប្រសិទ្ធភាពបំផុតហើយការរក្សាបាន នូវអត្រាគ្របដណ្ដប់ នៃការផ្ដល់ថ្នាំបង្ការ ឲ្យនៅខ្ពស់ អាចកាត់បន្ថយអត្រាជំងឺបាន»។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំហានបន្ទាប់របស់យើងគឺត្រូវពង្រឹងផ្ដល់ថ្នាំបង្ការជាប្រចាំ ធានាឲ្យមានវ៉ាក់សាំង នៅគ្រប់កម្រិត រក្សានិងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងការងារ ជំងឺរលាកថ្លើមប្រភេទបេ ដូសពេលកើត នឹងត្រូវលុបបំបាត់ ជំងឺរលាកថ្លើមគ្រប់ប្រភេទ អា បេ ស៊ី ដេ និង អឺ នៅឆ្នាំ២០៣០ខាងមុខ។
លោកស្រី Natascha Paddison បានមានថ្លែងឲ្យដឹងថា «ជំងឺរលាកថ្លើមប្រភេទបេ អាចការពារបានតាមរយៈការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង រយៈពេល២៤ម៉ោង ក្រោយកើត។ កម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ រលាកថ្លើមប្រភេទបេ ហើយយើងនឹងបន្ដធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកក្នុងការគាំទ្រ ដល់កម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ធានាវ៉ាក់សាំង ត្រូវបានផ្ដល់ដោយកុមារទាំងអស់ ហើយកុមារទាំងអស់ ត្រូវបានផ្ដល់ឱកាសរស់រានមានជីវិត រួចផុតពីជំងឺ ដែលអាចការងារបាន ដោយការផ្ដល់វ៉ាក់សាំង»។
គួរបញ្ជាក់ថា ជំងឺរលាកថ្លើម ប្រភេទបេ ជាបញ្ហាសុខភាពសកលដ៏ធំមួយ ដែលជារៀងរាល់ឆ្នាំ ដែលមានមនុស្សជិត ២៦០លាននាក់ នៅជុំវិញពិភពលោក កំពុងរស់នៅជាមួយជំងឺនេះ ហើយមានមនុស្ស៨លាននាក់បានស្លាប់ដោយសារជំងឺថ្លើម ដែលបណ្ដាលមកពីការរលាកថ្លើមប្រភេទបេនេះ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១១៥លាននាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច មានចំនួនជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ស្មើនឹង៤៥% នៃជំងឺឆ្លង នៅទូទាំងពិភពលោក ។ មនុស្សប្រហែល៩នាក់ ក្នុងចំណោម១០នាក់ ដែលមានជំងឺរលាកថ្លើមប្រភេទរ៉ាំរ៉ៃ មិនបានដឹងថា មានជំងឺនេះទេ រហូតដល់តែជំងឺនេះ បានវិវត្ដន៍ជ្រុលរួចទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments