សៀមរាប ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ មានពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកម្លាំងអន្តរាគមន៍ពិសេស កងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការ សឹករងសៀមរាប នៅទីបញ្ជាការកងវរសេនាតូចលេខ១(អូរកូនតឹង)ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីគណៈអធិបតីចូលរួមពិធីមាន លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការយោធភូមិភាគទី៤។
លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប។ និងកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមជាមួយផងដែរ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីចប់កម្មវិធីរួចមកលោកបានចូលត្រួតពិនិត្យមើលស្ថានភាព រថយន្តពន្លត់អគ្គិភ័យនៅប៉ុស្តិ៍រដ្ឋស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបឃើញថា មានភាពល្អប្រសើរអាចចេញប្រតិបត្តិការបាន។
លោកបន្តថា ដោយមានការសំណូមពរពីលោក កែ រ៉ាវង្យ អធិការរងទទួលអត្តសញ្ញាណកម្ម នៅស្រុកវ៉ារិន សុំឲ្យការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយហ្វឹកហាត់ដល់កម្លាំងដើម្បីឲ្យចេះជំនាញអគ្គិភ័យបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments