Ad Code

រូបសំណាក​សម្តេច​ព្រះមហា សុមេធាធិបតី​ជោ​ត្ត​ញ្ញា​ណ្ណោ ជួន​ណាត ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​គោរព​បូជា​នៅក្នុង​វិទ្យាល័យ​ទួល​ទំពូង



ភ្នំពេញ ៖ បន្ទាប់ពី​បាន​កសាង​រួចរាល់​ជា​ស្ថាពរ រូបសំណាក​សម្តេច​ព្រះមហា សុមេធាធិបតី​ជោ​ត្ត​ញ្ញា​ណ្ណោ ជួន​ណាត ធ្វើ​អំពី​ស្ពាន​ចំណាយ​ថវិកា​ប្រមាណ​១​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​រៀបចំ​ក្រុង​ពាលី​តាម​បែប​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ​និង ​សម្ពោធ​ដាក់​ឲ្យ​គោរព​បូជា តម្កល់ទុក​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ទួល​ទំពូង រាជធានី​ភ្នំពេញ ​កាលពី​ល្ងាច​ថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក អ៊ាង សុផល្លែត ជា​អ្នក​ផ្តួចផ្តើម​និង​សហការី រួម​ទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​ផងដែរ។

លោក អ៊ាង សុផល្លែត ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា រូបសំណាក​សម្តេច​ព្រះមហា សុមេធាធិបតី​ជោ​ត្ត​ញ្ញា​ណ្ណោ ជួន​ណាត កើតចេញពី​កត្តា​សាមគ្គីភាព របស់​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​បាក់​ឌុប​ជំនា​ន់ទី​១​ឆ្នាំ​សិក្សា​១៩៨៥-១៩៨៦​ក្នុង​នោះ​រូបលោក​ផ្ទាល់​ក៏​សិស្ស​វិទ្យាល័យ​នេះ ផង​ដែរ។ ការ​កសាង​រូបសំណាក​នេះ​ឡើង​ដើម្បី​តម្កល់​ទុកជា​និមិត្តរូប នៃ​ការគោរព​នូវ​ចំណេះដឹង គុណធម៌ សីលធម៌ និង​គុណ​តម្លៃ នៃ​ពូជខ្មែរ​យើង​សម្រាប់​សិស្ស​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ​ពី​គំរូ​វីរភាព​របស់​ស​មេ្ត​ច។

តាម​របាយការណ៍​រប​ស់លោក កុយ សេ​ដា នាយក​វិទ្យាល័យ​ទួល​ទំពូង បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​វិទ្យាល័យ​ទួល​ទំពូង បាន​ចូលរួម​ប្រលង​សិស្ស​ពូកែ​ទូទាំង​ប្រទេស ទទួល​បាន​មេដាយមាស ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ថ្នាក់​ទី​១២​។ មិនតែប៉ុណ្ណោះ សិស្សានុសិស្ស​បាន​ចូលរួម​ប្រកួតប្រជែង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម ទទួលបាន​ពានរង្វាន់​លេខ​១ ទូទាំង​រាជធានី​ភ្នំពេញ និង​បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ អាស៊ាន ប្រទេស​ឥណ្ឌូនេស៊ី ទទួលបាន​ពានរង្វាន់​លេខ​១ ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu