Ad Code

តុលាការ​នឹងមាន​វិធានការ លើ​ករណី​ប៉េអិម​ជម្រិត​ប្រាក់​មិនបាន​សម្រេច



បាត់ដំបង ៖ មន្ត្រី​អាវុធហត្ថ​តែ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ប្រាក់​ពី​អ្នករក​ស៊ី​បទល្មើស​សត្វព្រៃ តែ​ត្រូវ​បរាជ័យ នោះ គឺ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ​បន្ទាប់ពី​ជនរងគ្រោះ​បាន​ទម្លាយ​អាថ៌កំបាំង​ទាំងអស់ ជុំវិញ​សកម្មភាព​នៃ​ការ​ជំរិត​នេះ ​ព្រោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តសៀមរាប។

យោង​តាម​ចម្លើយ​របស់​ក្រុមគ្រួសារ សាច់ញាតិ​ដែល​កម្ពុ​ជាថ្មី​ទទួល​បាន គឺ កិច្ចប្រតិបត្តិការ​នោះបាន​ធ្វើឡើង កាលពី​វេលា​ម៉ោង ៣ និង២២នាទី រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៨ នៅ ចំណុច អាង ចុង​ទឹក ក្នុង​តំបន់​មេ​ជ្រៃ លើ​ទឹកដី​ស្រុក​ពួក ខេត្តសៀមរាប ទើប​កម្លាំង​ប៉េអិម​ទាំងនេះ បាន​នាំ​ខ្លួន​ម្ចាស់​សត្វព្រៃ​មកកាន់​ស្នាក់​ការ ៥០៨ វិញ ដែល​ស្ថិត​ក្នុង ភូមិ​ព្រែ​កចាស់ ឃុំកោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ចរចា។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ ក៏​មាន​ការចូលរួម​ពី​មន្ត្រី​ប៉េអិម​ដ៏​ឆ្នើម​ម្នាក់ ដែល​ល្បី​ថា​ ពូកែ​រកលុយ គឺ​ឈ្មោះ ទ្រី តិច​សែ ផង​ដែរ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ ឈ្មោះ តី តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង រួម​ជា​មួយ​នឹង​កាណូត​ស្មាច់ ១ គ្រឿង រួម​ជា​មួយ​នឹង​សត្វព្រៃ​មួយចំនួន​ថែមទៀត។

បងប្រុស​របស់​ជនរ​ង​គ្រោះ ដែលមាន​ឈ្មោះ រស្មី ជា​អ្នករត់​ការ​ចេញ​មុខ​ដើម្បី​ដោះស្រាយ​បាន​រៀបរាប់​ថា នៅ​ទីនោះ គឺ​ម៉ោង​ប្រមាណ ជាង​៩យប់ ខ្លួន​បានធ្វើ​ដំណើរ​ស្កាត់​មករក​ប្អូន​និង​ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ឆ្នើមៗ​របស់​ប៉េអិម បន្ទាប់ពី​ប្អូនប្រុស​របស់​ខ្លួន ​ត្រូវ​បាន​គេ​បញ្ជូន​ទៅលើ​ទឹកដី​ស្រុក​ពួក​វិញ គឺ​កម្លាំង​ប៉េអិម​ខេត្តបាត់ដំបង បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ព្រីង​ទុំ ទៅកាន់​ទីតាំង​ខាងលើ ព្រមទាំង​បាន​វ៉ៃ​ខ្នោះ​ប្អូន​របស់​ខ្លួន ឲ្យ​អង្គុយ​នៅក្នុង​រថយន្ត​ឯ​ខ្លួន​បាន​ជួប​ជាមួយ​មន្ត្រី​ប៉េអិម​ទាំងនោះ ដែល​ពួក​គេ​មានឈ្មោះ សែ ឈ្មោះ ទុំ និង​ឈ្មោះ ភក្តិ ដោយ​ដំបូង​គេ​បាន​ប្រើ​ភាសា​ថា មេ​ឲ្យ​បង់លុយ ១ ម៉ឺន​ដុល្លារ បើ​មិន​បានទេ និង​បញ្ជូនទៅ​ដាក់គុក​យ៉ាងតិច​ក៏ ៧ ខែ​ដែរ។

ឈ្មោះ​រស្មី​បាន​បន្ថែម​ថា ខ្លួន​ក៏បាន​តថ្លៃ​សុំ​ឲ្យ​ចុះ​បន្តិច​ម្តងៗ ហើយ​នៅពេល​នោះ​ដែរ​ខ្លួន​ក៏បាន​ទាក់ទង​ទៅ​ពូ ទៅ​ប្រពន្ធ ទៅ​ឪពុក និង​ទៅ​បងប្អូន ដើម្បី​រក​ប្រាក់​មក​ធានា​យក​ប្អូនប្រុស​ត្រឡប់​ទៅវិញ ប៉ុន្តែ​ការ​រក​លុយ​ទាំងយប់​សែនពិបាក ព្រោះ​ទូរស័ព្ទ​ទៅណា​ក៏​គេ​គ្មាន​លុយ​ដែរ ដោយ​ការ​ចរចា​នៅតែ​បន្ត​រហូតដល់​ម៉ោង​១០យប់ ពេលនោះ​ឈ្មោះ​ភក្តិ បាន​និយាយ​ថា មេ​ឲ្យ​ចុះ​នៅ​ត្រឹម ៧០០០ ដុល្លារ ហើយក៏​បាន​ចុះ​បន្ត​ទៀត​ បន្ទាប់ពី​ការ​ជំរិត​នេះ​មិនបាន​សម្រេច ដោយសារតែ​ការ​រក​ប្រាក់​របស់​ជន​រងគ្រោះ​រក​មិនបាន នៅ​ទីបំផុត​តម្លៃ​ត្រូវ​បាន​ធ្លាក់​មក​នៅ​ត្រឹម​៣៥០០​ដុល្លារ ហើយ​ត្រូវ​រក​មក​បង់​ឲ្យ​ពួកគេ​ទាំង​យប់ បើ​ទោះបី​ជា​ឈ្មោះ​រស្មី សុខចិត្ត​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ ក្នុងការ​ធានា​សង​យ៉ាងណាក៏ដោយ។

ទីបំផុត​នៅ​ពេលដែល​ជនរងគ្រោះ​កំពុង​ទាក់ទង​ទៅ​ភរិយា​ដើម្បី​រក​ប្រាក់ ស្រាប់តែ​រឿង​នេះ​ក៏​ត្រូវ​បាន​បែកធ្លាយ ទើប​កម្លាំង​ប៉េអិម កម្លាំង​បរិស្ថាន កម្លាំង​មេព្រៃ និង​អាជ្ញាធរ​ស្រុក​ពួក ចុះ​ទៅដល់​ចំណុច​ខាងលើ ព្រមទាំង​បាន​ស្តី​បន្ទោស​ថា ហេតុអ្វី​បានជា​មក​យក​បទល្មើស​ឆ្លងដែន​បែបនេះ គឺ​នៅ​ពេល​នោះ​ខាង​ប៉េអិម​ស្រុក​ពួក សឹងតែ​ចង់​ប្រទាញប្រទង់​យក ជនល្មើស​ទៅកាន់​ខេត្តសៀមរាប​វិញ ប៉ុន្តែ​ក្រោយមក​ក៏​ព្រម​ឲ្យ​នាំ​ខ្លួន​មកកាន់ ទី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ទាំងយប់ ដោយសារតែ​ការ​ចរចា​ត្រូវ​បរាជ័យ។

ដោយឡែក​ជនសង្ស័យ​ដែល​រក​ស៊ី​ជួញដូរ​សត្វព្រៃ ក៏ដូចជា​ជនរងគ្រោះ​ដែល​ត្រូវ​ប៉េអិម​ចាប់​ជំរិត ​និង​បង្ខាំង​រាងកាយ​ផង​នោះ គឺ​ឈ្មោះ តី តុលា បាន​រៀបរាប់​ថា នៅ​ពេល​ដែល​គេ​នាំខ្លួន​យក​ទៅ​កាន់​ទឹកដី​ស្រុក​ពួក គឺ​គេ​បាន​វ៉ៃ​ខ្នោះ ហើយ​បានដាក់​ខ្លួន​ឲ្យ​នៅ​ក្នុង​រថយន្ត​រហូត​រង់ចាំ​ការ​ចរចា​គ្នា ដែល​នៅក្នុង​រថយន្ត​នោះ​គឺ​មាន​ឈ្មោះ ភក្តិ ឈ្មោះ ទុំ​និង​ឈ្មោះ សែ ឯ​ម្នាក់ទៀត​ខ្លួន​មិនបាន​ស្គាល់​ទេ ដោយសារតែ​គេ​ជា​ប៉េអិម​មកពី​បាត់ដំបង។

​នៅក្នុង​រថយន្ត​ខ្លួន​មានការ​លំបាក​ខ្លាំង​ដោយសារតែ​គេ​បាន​គំរាម​អំពី​ការ​វាយដំ និង​រឿង​គុក ច្រវាក់ ហើយ​គេ​បាន​និយាយថា បើ​មិន​សម្របសម្រួល​គ្នា​នៅ​ទី​នេះ​ទេ គឺ​នៅពេល​ដែល​ត្រូវ​បញ្ជូនទៅ​ខេត្ត អ្ហែង​ក៏​ត្រូវ​អស់​ច្រើនជាង​នឹង​ទៀត ទៅលើ​ជំនាញ ព្រោះ​ត្រូវ​បង់​ឲ្យ​តុលាការ​យ៉ាង​តូច​ក៏ ៧០០០ ទៅ ១០ ០០០ ដុល្លារ​ដែរ​ទើប​អាច​រួចខ្លួន។ ពេល​ខ្លួន​សុំ​ចុះ​នោម​ក៏​ត្រូវ​បាន​គេ​គំរាម​រក​វ៉ៃ​ដែរ ដោយ​គេ​បាន​ក្របួច កអាវ​ជាប់​ឲ្យ​នោម​ទាំង​ដៃ​ជាប់​ខ្មោះ ដូចជា​បទល្មើស​នេះ ជា​ទោស​សម្លាប់​មនុស្ស​ដែរ បានជា​គេ​ធ្វើ​សាហាវ​បែបនេះ។

ជុំវិញ​ករណី​បង្ខាំង​រាងកាយ​ដើម្បី​ជំរិត​ទារ​ប្រាក់​នេះ ឈ្មោះ តី តុលា បាន​លើក​ឡើង​ថា ខ្លួន​មានបំណង​ចង់​ដាក់ពាក្យ​ប្តឹង​ទៅលើ​មន្ត្រី​ប៉េអិម​ទាំងនោះ​វិញ​ដែរ ប៉ុន្តែ​ខ្លួន​មិនសូវ​យល់​អំពី​ផ្លូវច្បាប់​ទាល់តែសោះ​បន្ទាប់ពី​ជនរងគ្រោះ​រូប​នេះ​ត្រូវ​បាន​មេព្រៃ​ធ្វើការ​ពិន័យ​ជា​ទឹកប្រាក់​អស់ ៧ ៤៤០ ០០០​រៀល និង​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​រួចមក។

ដោយឡែក លោក ព្រះរាជអាជ្ញា​រង ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ដែល​ជា​អ្នក​កាន់​រឿង​នេះ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​នេះ​គឺ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើ​មួយ​ជំហាន​ហើយ ចំណែក​តុលាការ កំពុង​រង់ចាំ​ទទួល​ឯកសារ និង​សំណុំ​រឿង​នេះ ធ្លាក់​មកដល់​ដៃ ទើប​ពិនិត្យ​និង​ចាត់វិធានការ​តាម​ជាក់ស្តែង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu