Ad Code

ប៉ែន​ចំ​រ៉ុង​ចេញទៅ​ថតកុន​រឿង​ "ប្រពន្ធ​ខ្មោច​ស្តេច​ល្បែង" ​នៅ​ទីក្រុង​ហុងកុង

ភ្នំពេញ ៖ បន្ទាប់ពី​វីវក់​វិលក្បុង​ជាមួយនឹង​ការងារ​ថតកុន​នៅក្នុង​ស្រុក​ស្ទើរតែ​រក​ពេល​សម្រាក​មិនបាន​នោះ ពេលនេះ​លោក​ប៉ែន ចំ​រ៉ុង​ត្រូវ​បាន​ប្រភពពី​ផលិតកម្ម H20 បាន​បង្ហើប​ឲ្យ​ដឹង​ថា បាននឹងកំពុង​តែ​ស្នាក់នៅ​ទីក្រុង​ហុងកុង​ដើម្បី​ថតកុន​ខ្នាត​ធំ​មួយ​ដែល​មាន​ចំណងជើង​ថា​រឿង “ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង”។ គេ​និយាយ​ទៀត​ថា នេះ​គឺជា​ឱកាស​មួយ​សម្រាប់​លោក​ប៉ែន ចំ​រ៉ុង​ឈោង​ចាប់​យក​ភាព​ល្បីល្បាញ​បន្ថែម​ក៏ដូចជា​ឱកាស​ប្រមូលប្រាក់​ដាក់​ចូល​ហោប៉ៅ​ធ្វើជា​អ្នកមាន​ផងដែរ។

យើង​មិនអាច​ទាក់ទង​តារា​សំដែង​លោក​ប៉ែន ចំ​រ៉ុង​បានទេ​កាលពី​ថ្ងៃ​៣​សីហា​នេះ។ ដោយឡែក​បើ​តាម​ការ​និយាយ​ប្រាប់​ពី​ចាងហ្វាង​ផលិតកម្ម H20 បាន​ឲ្យ​ដឹងថា តារា​សំដែង​លោក​ប៉ែន ចំ​រ៉ុង​គឺជា​តួអង្គ​សំខាន់​មួយ​ក្នុង​សាច់រឿង “ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង” ហើយ​លោក​ប៉ែន ចំ​រ៉ុង​និង​តារា​សំដែង​ក៏ដូចជា​ផលិតករ​ចំនួន​៨​នាក់​ទៀត​បាន​ចេញទៅ​ថត​បញ្ចប់​សាច់រឿង​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ​។ លោក យិន សុខ​ហេង​បញ្ជាក់​ថា “លោក​ប៉ែន ចំ​រ៉ុង​ពិតជា​បាន​ចេញទៅ​ហុងកុង​ថត​រឿង​ឲ្យ​ផលិតកម្ម​របស់​លោក​ប្រាកដ​មែន”។

គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ែន ចំ​រ៉ុង​កំពុង​មាន​យីអ៊ុន​ឡើង​ស្រឺ​តៗ​តែម្តង ព្រមទាំង​ក្តោប​បាន​ទីផ្សារ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​និង​ខ្សែ​វីដេអូ​ភាគ​ឲ្យ​បណ្តា​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​យ៉ាង​មមាញឹក​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​តាមដាន​នូវ​រាល់​សកម្មភាព​របស់​តារា​សិល្បៈ​ខ្មែរ​វិញ​បាន​និយាយ​ថា ប៉ែន ចំ​រ៉ុង​គឺជា​តារា​សំដែង​ម្នាក់​ដែល​មាន​ទេពកោសល្យ​សិល្បៈ​និង​មាន​សមត្ថភាព​អាច​ដើរតួ​បាន​ទាំង​ធ្វើ​ឆ្កួត បែប​កំប្លែង ដាក់​មនោសញ្ចេតនា​។​ល​។ បាន​ល្អ​ឥត​ខ្ចោះ​។ រាល់​ខ្សែភាពយន្ត​ដែល​លោក​ប៉ែន ចំ​រ៉ុង​សំដែង​តែងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​អ្នកទស្សនា ដូច្នេះហើយ​ទើប​មួយឆ្នាំ​ចុងក្រោយ​នេះ​តារា​សំដែង​ក្រមិចក្រមើម​លោក​ប៉ែន ចំ​រ៉ុង​ក្រសោប​បាន​តំណែង​ជា​តួឯក​ស្ទើរ​គ្រប់​រឿង​៕


ប៉ែន​ចំ​រ៉ុង​ចេញទៅ​ថតកុន​រឿង​ "ប្រពន្ធ​ខ្មោច​ស្តេច​ល្បែង" ​នៅ​ទីក្រុង​ហុងកុង

Post a Comment

0 Comments

Close Menu