សៀមរាប ៖ តាមរយៈ នៃកិច្ចប្រជុំពិភាក្សាគ្នា រវាងប្រតិភូតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយអាជ្ញាធរជាតិអប្សរាបានបង្ហាញឲ្យដឹងថា កិច្ចប្រជុំនោះនិយាយអំពីដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ ត្រូវនឹង គស ២០១៦ ក្នុងគម្រោងនៃការស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្តល់កិច្ចសហការ ដើម្បីរៀបចំព្រឹត្តិការណ៍នោះឆ្ពោះទៅរកជោគជ័យ និងបានប្រសើរជាងឆ្នាំកន្លងមក។ កិច្ចប្រជុំពិភាក្សាគ្នានេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ នៅមជ្ឈមណ្ឌលជាតិអប្សរា។
លោក សុខ សង្វារ អគ្គនាយករង តំណាងលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងកិច្ចប្រជុំនោះបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះកិច្ចទំនាក់ទំនងសហការនេះ ហើយលោកបញ្ជាក់ថា រាល់ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្តកន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារធំៗចំនួន២ ទី១-គឺក្រុមការងារបច្ចេកទេសសម្រាប់សហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាលើការងារទូទៅ ដែលពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ហើយទី២-គឺក្រុមការងាររៀបចំកម្មវិធីនិម្មិតភូមិ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះផងដែរ។
ឯកឧត្ដមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ អាជ្ញាធរជាតិអប្សរា រីករាយស្វាគមន៍សហការជានិច្ច ដើម្បីធ្វើឲ្យព្រឹត្តិការណ៍មហាគ្រួសារមួយនេះ ប្រព្រឹត្តិទៅបានល្អប្រសើរបំផុត។
ឯកឧត្ដម សុខ សប្បាយណា ប្រធានផ្នែកប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាតំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១ ឆ្នាំ២០១៣ យើងទទួលបានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ប្រមាណជិត១៨ម៉ឺននាក់ លើកទី២ ឆ្នាំ២០១៤ មានភ្ញៀវចូលរួម ប្រមាណជាង៣៨ម៉ឺននាក់ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំ២០១៤ យើងទទួលបានជោគជ័យលើសពីការស្មាន គឺមានមហាគ្រួសារខ្មែរ និងភ្ញៀវបរទេសចូលរួមរយៈពេល៤ថ្ងៃ ប្រមាណជា១លានដងនាក់ នេះបើតាមរបាយការណ៍បញ្ជាក់ដោយក្រសួងទេសចរណ៍។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមសម្របសម្រួលធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែមានសក្ដានុពលថែមទៀតនោះ ក៏បានវាយតម្លៃឲ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ឆ្នាំ២០១៤កន្លងមកនេះ ចរន្តសេដ្ឋកិច្ចបានហូរចូលខេត្តសៀមរាបប្រមាណជា៦៥លានដុល្លារ ដែលក្នុងនោះអ្នកទទួលផលគឺជាពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋ ដែលបម្រើសេវាកម្មនានា នៅក្នុងឱកាសនៃដំណើរការព្រឹត្តិការណ៍ដ៏ជោគជ័យនោះ។
តាមការព្រាងទុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ នឹងត្រូវបានបើកសាវតារថ្មីរបស់ខ្លួន លើកទី៤ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ក្រោមការគ្រោងទុកដោយកម្មវិធីជាច្រើន ដែលកំពុងត្រូវបានពិចារណាសម្រេច៕
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានវត្តមានជាថ្មីទៀតលើដែនដីប្រវត្តិសាស្ត្រអង្គរ-សៀមរាបឆ្នាំ២០១៦




0 Comments