បើតាមការចាប់ឆ្នោតបែងចែកពូលកាលពីដើមឆ្នាំ ដោយមានការសហការរវាងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ជាមួយសហព័ន្ធកីឡាបាល់ទាត់ថៃ ដែលជាម្ចាស់ផ្ទះក្នុងពានរង្វាន់ AFF U-15 Women's Championship 2019 ឃើញថាក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា (U-15) ស្ថិតនៅក្នុងពូលជាមួយក្រុមម្ចាស់ផ្ទះថៃ និងជាម្ចាស់ជើង២សម័យកាល។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបង្ហាញបញ្ជីឈ្មោះកីឡាការនីចំនួន២៣រូបដើម្បីត្រៀមចូលរួមប្រកួតដោយក្នុងនោះមានកីឡាការនី ឌី ស្រីនិច្ច,ឃឿម ដាលី, ស៊ុយ រស្មី,វឿន ស្រីរ័ត្ន, សំរ៉ិត ស្រីម៉ុច, ឡាយ សុផល, ហឿន ធារី, សំរ៉ិត និមល, ម៉ូវ ចាន្ធី, សារ៉ាត់ ចាន្ទី, សែម ម៉ាលីន,ចន្ថា ចាន់ណែត, ថុល វត្ថា, ជឿង សុខឃៀង, ហ៊ីម កញ្ញា, សេម គានី, រីម ស្រីយ៉ាត,ភឹម ស្រីលាភ,សោម ចាន់សម្ភស្ស, កែម ស្រីលាភ, អ៊ឹម ម៉ីសាន, ឌឿន ស្រីណាត, អាង លីនដា។
ពានរង្វាន់ AFF U-15 Women's Championship មានក្រុមចូលរួមចំនួន៩ក្រុមប៉ុណ្ណោះក្រោយក្រុមឥណ្ឌូណេស៊ី ប្រកាសដកខ្លួនចេញ ខណៈពូល A មានមីយ៉ាន់ម៉ា,វៀតណាម,ហ្វីលីពីន និងទីម័រខាងកើត ខណៈពូល B មានថៃ,ឡាវ,ម៉ាឡេស៊ី,សឹង្ហបុរី និងកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់ថៃ បានសម្រេចជ្រើសរើសខេត្តឈុនបូរី ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះដែលចាប់ផ្តើមពីថ្ងៃទី៩ ដល់២១ ខែ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្រុម U15 របស់កម្ពុជា កំពុងតែដឹកនាំដោយលោកគ្រូបង្វឹក អ៊ុំ សាវង្ស ហើយក្រុមនេះបានប្រមូលផ្តុំហ្វឹកហាត់និងប្រកួតបានមួយរយៈមកហើយដែរ ដោយចុងក្រោយក្រុមនេះបានណាត់ប្រកូតមិត្តភាពកម្តៅសាច់ដុំចំនួន២លើកជាមួយក្រុមម្ចាស់ផ្ទះនារីភ្នំពេញក្រោន មុនចេញដំណើរទៅកាន់ប្រទេសថៃ។
តាមគម្រោងប្រកួតបើកឆាកក្នុងវគ្គជម្រុះតាមពូលគឺក្រុមកម្ពុជា ត្រូវប៉ះក្រុមសឹង្ហបុរី នៅថ្ងៃទី១០ ខែឧសភា ហើយបន្តប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី១២ ខែឧសភា ព្រមទាំងប៉ះម្ចាស់ផ្ទះថៃ នៅថ្ងៃទី១៤ ខែឧសភា និងចុងក្រោយនៅថ្ងៃទី១៦ ខែឧសភា កម្ពុជា ប្រកួតជាមួយក្រុមឡាវ ដើម្បីបិទពូល B។ ក្រុមខ្លាំងតាមពូលនីមួយៗចំនួន២ក្រុមត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២០ ខែឧសភា ហើយនៅថ្ងៃទី២២ ខែឧសភា ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនិងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។
សូមបញ្ជាក់ថា ពានរង្វាន់កម្រិត U-15 នារីនេះសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ទើបតែរៀបចំបាន៣លើកប៉ុណ្ណោះ ដោយនៅឆ្នាំ២០០៩ ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ជើងឯកបានទៅអូស្ត្រាលី ហើយក្រោយមកពានរង្វាន់នេះក៏ខកខានរៀបចំឡើងមួយរយៈរហូតនៅឆ្នាំ២០១៧ ពានរង្វាន់នេះរៀបចំឡើងម្តងទៀតនៅប្រទេសឡាវ ហើយជើងឯកបានទៅថៃ ស្របពេលក្រុមកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់មីយ៉ាន់ម៉ា ៣ទល់១ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។ នៅឆ្នាំ២០១៨ កន្លងទៅធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ជើងឯកបន្តបានទៅប្រទេសថៃ ហើយកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល៕
Source: Kampuchea Thmey Daily
0 Comments