នៅពេលដែលមនុស្សយើងឈានចូលដល់វ័យកាន់តែចាស់ យើងតែងតែព្យាយាមថែរក្សា រូបរាងកាយ និងខិតខំធ្វើយ៉ាងណាឲ្យមើលទៅស្រស់ស្អាត និងក្មេងជាងវ័យជាពិសេសនោះគឺសម្ផស្សនៅលើផ្ទៃមុខរបស់ពួកយើង។ ដោយសារតែនៅក្នុងប្រទេសកម្ពុជាយើងមានអាកាសធាតុក្តៅខ្លាំង ដែលងាយនឹងជះឥទ្ធិពលដល់សម្រស់របស់យើង ដូច្នេះវាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាតិចនិកមួយចំនួនដែលយើងគួរតែជ្រើសរើសយកមកអនុវត្តន៍ ទាក់ទងនឹងផ្នែកនីមួយៗនៃសម្រស់លើផ្ទៃមុខ។
បញ្ហារង្វង់ភ្នែកជ្រីវជ្រួញ ៖ នៅពេលដែលអ្នកមានវ័យកាន់តែជ្រេសញ្ញាណនៃរង្វង់ភ្នែក ជ្រីវជ្រួញ អាចត្រូវបានមើលឃើញយ៉ាងឆាប់រហ័សត្រង់ភ្នែកទាំងគូរបស់អ្នក។ អ្វីដែលអ្នកគួរតែស្វែងរកនៅពេលនេះគឺ ក្រែមលាបនៅក្រោមភ្នែកដែលផ្សំពីអាស៊ីដ Hyaluronic ព្រោះថា អាស៊ីដ Hyaluronic អាចស្រូបបានប្រហែល ១,០០០ដង នៃទម្ងន់ខ្លួនវានៅក្នុងទឹក ហើយតម្រូវឲ្យអ្នកលាបតែ ២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ ក្រែមលាបរង្វង់ភ្នែកមានជាច្រើនប្រភេទ ប៉ុន្តែសូមអ្នកជ្រើសរើសយកក្រែមដ៏ល្អបំផុតណាមួយ ដែលវានឹងធ្វើឲ្យស្បែកក្រោមភ្នែករបស់អ្នកមើលទៅក្មេងជាងវ័យ នឹងមានសំណើមផងដែរ។
ដើម្បីឲ្យផ្ទៃមុខមានសំណើមរៀងរាល់ថ្ងៃ ៖ ប្រសិនបើអ្នកលាងសម្អាតផ្ទៃមុខរបស់អ្នក យើងសូមណែនាំឲ្យអ្នកលាបក្រែម ឬ ជាប្រភេទឡេដែលមានសំណើមជាប្រចាំ បន្ទាប់ពីអ្នកលាងសម្អាតមុខរួចរាល់។ វាអាចជួយឲ្យស្បែករបស់អ្នកមានលទ្ធភាពក្នុងការផ្ទុកជាតិសំណើម ប្រឆាំងជាមួយស្បែកស្ងួត និងស្ដើងផងដែរ។
តើបបូរមាត់របស់អ្នកកំពុងត្រូវការជំនួយទេ ? ដើម្បីបានបបូរមាត់ដ៏ទន់រលោង និងគួរឲ្យចង់ថើប វាមិនខុសគ្នាពីអ្វីដែលអ្នកបានផ្ដល់សំណើមដល់ផ្ទៃមុខរបស់អ្នកនោះទេ ដោយអ្នកគ្រាន់តែ ជ្រើសរើសយកប្រភេទក្រែមស្អិតដែលមានជាតិ Tee Tree Oil ជាពិសេសនៅពេលដែលអ្នកជួបប្រទះបញ្ហាពងបែកនៅលើបបូរមាត់។
ជម្រុះនូវកោសិកាចាស់ៗចេញ ៖ តើអ្នកធ្លាប់បានឮអំពីការបក ឬខាត់ស្បែកដែរឬទេ ? វិធីថែរក្សាសម្រស់នេះ នឹងជួយឲ្យស្បែករបស់អ្នកមើលទៅស្រស់ស្អាតបានយ៉ាងឆាប់រហ័ស។ វាជួយត្រង់បរិវេណ ដែលទទួលរងការខូចខាត កម្ចាត់ចោលនូវភាពកខ្វក់ និងក្អែលដែលមាននៅលើស្បែករបស់អ្នកជាយូរណាស់មកហើយនោះ។ ការបកស្បែកអាចជួយកម្ចាត់ស្នាមជ្រីវជ្រួញ ស្នាមអុជខ្មៅ ក៏ដូចស្បែកជាំខ្មៅផងដែរ។ អ្នកគ្រាន់តែធ្វើវាម្ដងក្នុងរយៈពេលមួយខែតែប៉ុណ្ណោះ វានឹងធ្វើឲ្យស្បែករបស់អ្នកមានភាពស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។
ជ្រើសរើសច្រាសដុសធ្មេញដែលល្អ ៖ គ្មានអ្វីដែលជាចំណុចដ៏គួរឲ្យទាក់ទាញជាងស្នាម ញញឹមដ៏ស្រស់ស្អាតនោះទេ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវតែថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អ។ ធ្មេញដែលមានពណ៌លឿង និងពណ៌មិនសស្អាតអាចធ្វើឲ្យអ្នកមើលទៅមិនគួរឲ្យទាក់ទាញ និងគួរឲ្យខ្ពើមរអើម។ ជាមួយគ្នានេះផងដែរការថែរក្សាធ្មេញរបស់អ្នក អាចជួយការពារធ្មេញពីជំងឺរាក់ស៊ីអញ្ចាញធ្មេញធ្ងន់ធ្ងរ និងជំងឺរលាកអញ្ចាញធ្មេញផងដែរ៕
តិចនិកមួយចំនួនទាក់ទិននឹងការថែរក្សាសម្ផស្សឲ្យនៅស្រស់ស្អាតក្មេងជាងវ័យ
0 Comments