ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកដល់បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមការណែនាំឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានដោយសារបាតុភូតឡើងកម្ដៅ «អ៊ែលនីណូ»។
ថ្លែងក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាពការងារ និងអនាគតនៃការងារ»កាលពីថ្ងៃទី០៣ ខែឧសភា ២០១៩នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុងលោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលនៃបាតុភូតអ៊ែលនីណូ (El Nino) ដែលធ្វើឲ្យអាកាសធាតុបន្តក្តៅខ្លាំងរហូតដល់ពាក់កណ្តាលខែឧសភានេះ។
លោករដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់-នាយក សហគ្រាសត្រូវរក្សាទឹកសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រ ត្រូវផ្តល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់សម្រាប់កម្មករបរិភោគ ត្រូវបើកបង្អួច ឬ បន្ថែមកង្ហារបឺតបញ្ចេញខ្យល់ក្នុងអគារផលិតកម្មដើម្បីជៀសវាងកម្មករដួលសន្លប់។
លើសពីនេះទៀត ត្រូវត្រួតពិនិត្យជាប្រចាំនិងបើកឲ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ក្នុងអគារផលិតកម្មយ៉ាងហោចណាស់ឲ្យបានមុន១ម៉ោងមុនពេលកម្មករចូលធ្វើការ ត្រូវរៀបចំឲ្យមានប្រព័ន្ធស្រោចទឹកនៅលើដំបូលអគារផលិតកម្ម ឬ បន្ថែមសំណាញ់នៅលើដំបូលអគារដើម្បីកាត់បន្ថយកំដៅ។
ក្រៅពីនេះ ត្រូវរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឲ្យមានសណ្តាប់ធ្នាប់និងសុវត្ថិភាពដើម្បីកុំឲ្យបាំងច្រកខ្យល់ចេញចូលនិងទ្វាអាសន្នក្នុងអគារផលិតកម្ម រៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើម និង កំទីចក្រណាត់ដាច់ដោយឡែកឲ្យនៅឆ្ងាយពីអគារផលិតកម្មឬក្នុងឃ្លាំង។
ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យនិងថែទាំប្រព័ន្ធបង្ការអគ្គីភ័យនិងសម្ភារៈការពារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង ត្រូវរៀបចំឲ្យមានប្លង់ជម្លៀសខ្លួនដើម្បីធានាសុវត្ថិភាពនៅពេលមានគ្រោះអាសន្នហើយចំពោះរោងចក្រសហគ្រាស ដែលប្រើប្រាស់សារធាតុងាយឆាបឆេះត្រូវមានប្រព័ន្ធឆ្លើយតបគ្រាអាសន្ន និង រក្សាទុកដាក់សម្ភារៈទាំងនោះឲ្យបានដាច់ដោយឡែកនិងឆ្ងាយពីអគារផលិតកម្ម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំដល់កម្មករបង្កើនការទទួលទានទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើន ជៀសវាងពិសាភេសជ្ជៈដែលត្រជាក់ខ្លាំងឬពិសាអាហារក្តៅៗ និងពិសាអាហារច្រើនពេក ពីព្រោះវាបង្កើនកម្ដៅក្នុងរាងកាយ ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាលនិងរលុងនិងត្រូវលាងដៃជាមួយសាប៊ូ ក្រោយពេលចេញពីបង្គន់អនាម័យ និងមុនពេល និងក្រោយពេលទទួលទានអាហារ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា អាកាសធាតុក្តៅខ្លាំងនេះនឹងបន្តអូសបន្លាយរហូតដល់ខែឧសភានេះ ដោយមានសីតុណ្ហភាពក្នុងរង្វង់៤០អង្សា៕
Source: Kampuchea Thmey Daily
0 Comments