ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបង្កើតច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន អាចនឹងបញ្ចូលពីការកំណត់ពីកម្រិតវប្បធម៌ សម្រាប់តួនាទីអ្នក កាសែត។ ការលើកឡើងពីការកម្រិតវប្បធម៌សម្រាប់អ្នកធ្វើការក្នុងវិស័យសារព័ត៌មាននេះ ខណៈដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួមក្នុងទិវាសេរីភាពសារព័ត៌មាន ពិភព លោក ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
ក្នុងពិធីដែលមានការចូលរួមពីតំណាងអង្គការយូណេស្កូ តំណាងអង្គទូត តំណាងអង្គការសង្គមស៊ីវិលនានាប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាច្រើន លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការកម្រិតសញ្ញាបត្រនេះ នឹងរាប់ បញ្ចូល ទាំងបទពិសោធន៍ក្នុងការធ្វើព័ត៌មានផងដែរ មុននឹងកាន់តួនាទីអ្វីមួយក្នុងស្ថាប័នព័ត៌មានណា មួយត្រូវគិតគូរឡើងវិញ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ដថា “រឿងនេះយើងបានសរសេររួចហើយតែនៅ កម្រិតក្រុមបច្ចេកទេសនៅឡើយក្រសួងព័ត៌មាននឹងអញ្ជើញអ្នកកាសែតមកពិភាក្សាឡើងវិញមុន នឹងដាក់បញ្ចូលទៅក្នុងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន”។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការចង់ឲ្យមាន ការកំណត់សញ្ញាបត្រសម្រាប់អ្នកកាសែតនេះ ធ្លាប់បានពិភាក្សាម្តងរួចមកហើយកាលពី១៥ឆ្នាំមុន តែការលើកឡើងនេះ ក៏មានទស្សនៈមួយចំនួនលើកឡើងថា នាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសម្រាប់អ្នកសារព័ត៌មានទៅវិញ។
ជាមួយគ្នានេះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាសំណូមពរឲ្យសហគមន៍ជាតិ និងអន្តរជាតិជួយផ្តល់ជាថវិកា សម្រាប់គម្រោងបណ្តុះបណ្តាលអ្នកកាសែតដើម្បីឲ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងធំៗ ដែលមានប្រយោជន៍សម្រាប់ជាការយល់ដឹងរបស់ប្រជាពលរដ្ឋ។
នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក០៣ឧសភានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានប្រកបដោយគុណភាព និងចូលរួមចំណែករក្សាសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍពិតយ៉ាងពិតប្រាកដ៕
Source: Kampuchea Thmey Daily
0 Comments