ភ្នំពេញ ៖ តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីអាវុធហត្ថរាជធានី បានប្រាប់កម្ពុជាថ្មី កាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ថា ហេតុការណ៍ដ៏រន្ធត់ ដែលផ្ដើមចេញពីគ្រោះថ្នាក់អគ្គិភ័យសម្រាប់នៅរាជធានីភ្នំពេញ កើតមានចំនួន៩លើក គិតចាប់តាំងពីដល់សប្ដាហ៍ទី១ ខែសីហារហូតដល់ខែកញ្ញា ឆ្នាំ២០១៥។
មន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ថា ក្នុងឧប្បត្តិហេតុអគ្គិភ័យ ដែលកើតមានឡើងធ្វើឲ្យរន្ធត់ចិត្តនោះបានបំផ្លាញទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ និងសម្ភារៈមានតម្លៃរបស់ជនរងគ្រោះអស់សរុបទាំង៩លើកនោះ គិតជាថវិកាទៅរាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះគ្រាន់កើតមានក្នុងទ្រង់ទ្រាយមធ្យមដែលក្រុមសមត្ថកិច្ចចម្រុះពិសេសខាងអគ្គិភ័យចុះទៅអន្តរាគមន៍ជួយទប់ស្កាត់ទាន់ពេលវេលាផង។ ផ្ទុយទៅវិញបើហេតុការណ៍អគ្គិភ័យកើតមានក្នុងទ្រង់ទ្រាយធំ ដែលសមត្ថកិច្ចពិបាកក្នុងការជួយទប់ស្កាត់ ឬទប់ស្កាត់មិនបានវិញនោះ វានឹងបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះគ្មានសល់អ្វីក្រៅពីផេះផងនោះឡើយ ហើយអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
មន្ត្រីអាវុធហត្ថបានបន្ថែមថា ក្នុងឧប្បត្តិហេតុអគ្គិភ័យដែលបានកើតឡើងទាំង៩លើកនោះ នៅរាជធានីក្នុងខែកន្លងមកនេះ ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងថា ហេតុការណ៍នោះផ្ដើមចេញពីមូលហេតុឆ្លងចរន្តអគ្គិសនីចំនួន៩លើក។ សម្ភារៈដែលបានខូចខាតដោយឧប្បត្តិហេតុអគ្គិភ័យខាងលើនេះ រួមមានឆេះផ្ទះ៤ខ្នងឆេះសណ្ឋាគារ១ឆេះរោងចក្រសំបកកេះ១ឆេះសម្ភារៈកុំព្យូទ័រ១០គ្រឿងឆេះម៉ាស៊ីនព្រីង២គ្រឿងឆេះឡធ្យូង១បង្គោលភ្លើង១ដើមឆេះម៉ូតូ២គ្រឿងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវកម្មក្រុមហ៊ុនសហគ្រាសតូចធំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិភ័យនេះពីព្រោះថា អគ្គិភ័យវាបានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សក្នុងមួយពព្រិចភ្នែក៕
ករណីអគ្គិភ័យកើតឡើង៩លើក នៅរាជធានីខាតបង់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ ក្នុងមួយពព្រិចភ្នែក
0 Comments