បាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញថា បទល្មើសនេសាទកំពុងរីករាលដាលយ៉ាងពេញបន្ទុកនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនៅជាប់នឹងបឹងទន្លេសាប ដោយបទល្មើសទាំងនេះគ្មានអង្គភាពពាក់ព័ន្ធណាយកចិត្តទុកដាក់បង្ក្រាបឡើយ ដែលទំនងជាមានការត្រូវរ៉ូវគ្នាគ្រប់ខ្សែសង្វាក់ ទោះបីជាបទល្មើសទាំងនោះមានទ្រង់ទ្រាយធំប៉ុណ្ណាក៏ដោយ។
ថ្មីៗនេះ តាមសេចក្ដីរាយការណ៍ពីប្រភពមួយចំនួនដែលរស់នៅក្នុងតំបន់បឹងទន្លេសាបបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងស្រុកឯកភ្នំទាំងមូល គឺមានទីតាំងដែលចិញ្ចឹមត្រីខុសច្បាប់រាប់រយកន្លែង ដែលទីតាំងទាំងនេះកំពុងតែជ្រកក្រោមក្លៀកអស់លោកជលផលយ៉ាងសុខសាន្ត នេះមិនទាន់រាប់បញ្ចូលអំពីបទល្មើសនៅលើផ្ទៃទឹកក្នុងបឹងទន្លេសាបនៅឡើយទេ ដូច្នេះហើយបានជាបច្ចុប្បន្ននៅលើផ្ទៃទឹកគឺពោរពេញដោយបទល្មើសគ្រប់ប្រភេទ។
ប្រភពច្បាស់ការដដែលបានបន្តថា ប្រការដែលធ្វើឲ្យបទល្មើសនេះមានភាពសុខសាន្ត គឺក្រុមប្រព្រឹត្តបទល្មើស ឬក៏ក្រុមអ្នករកស៊ីចិញ្ចឹមត្រីឆ្តោរ បានអនុវត្តតាមផែនការលាក់ការរបស់លោកនាយខណ្ឌរដ្ឋបាលជលផលបានល្អ ដោយគេបានកំណត់ទៅលើការដាក់ចិញ្ចឹមកូនត្រីតាមរយៈគោលការណ៍រាប់ក្បាល ដូច្នេះបើគេដាក់ចិញ្ចឹមមួយម៉ឺនក្បាល ត្រូវបង់មួយពាន់ដុល្លារទៅឲ្យលោកនាយខណ្ឌ ដូច្នេះបើបច្ចុប្បន្នមានរហូតដល់រាប់រយកន្លែង តើគេអាចទទួលលាភសក្ការៈបានប៉ុន្មាន? ហើយនៅពេលដែលអ្នកប្រព្រឹត្តបទល្មើសចាប់ផ្ដើមប្រមូលផលត្រី គឺត្រូវបង់លុយម្តងទៀត ទើបទទួលបានសេចក្តីសុខ។
បើនៅក្នុងតំបន់ក្បាលតោល និងឃុំកោះជីវាំងវិញ បទល្មើសមានគ្រប់ប្រភេទពាសពេញផ្ទៃទឹក ដោយគ្មានអស់លោកមន្ត្រីជលផលណាមួយអើតក្បាលបង្ក្រាបឡើយ បើចេញមុខទៅប្រមូលលុយប្រហែលជាមាន មិនខុសអីទៅនឹងមន្ត្រីជំនាញរក្សាទុកបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ថ្មីៗនេះបានលេចឮនូវព័ត៌មានមួយទៀត គឺមានអស់លោក និងមេឈ្មួញធំៗមួយចំនួនបាននិងកំពុងដាក់គ្រឿងចក្រចុះទៅចំណុចតំបន់ពីរ ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្កែ ហើយក៏ជាតំបន់ដីរដ្ឋដែរ ដើម្បីធ្វើសកម្មភាពកាយបឹងយកត្រីយ៉ាងអនាធិបតេយ្យ នេះក៏ជាទង្វើមួយត្រូវដងត្រូវផ្លែគ្នាដែរ បើមិនដូច្នោះទេ កុំថាឡើយអាចបានសុខនោះ។
ប្រភពជាច្រើនបានរិះគន់ថា តើពេលនេះលោកនាយខណ្ឌ ជួង សុភា ទៅណាឬក៏រវល់ដើរប្រមូលលុយភ្លេចគិតអំពីតួនាទីរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសទាំងនេះ ឬយ៉ាងណា បានជាបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងពេញទំហឹងបែបនេះ? ព្រោះរយៈពេលប៉ុន្មានឆ្នាំនេះគេមិនដែលឃើញមានការបង្ក្រាបបទល្មើសណាមួយសោះឡើយ គឺស្ងាត់ដូចចោរលួចសេះតែម្ដង បើបែបនេះមែនអនាគតត្រីក្នុងបឹងទន្លេសាបប្រាកដជាវិនាសហិនហោចជាមិនខាន ហើយក៏លែងមានឈ្មោះល្បីថានៅប្រទេសកម្ពុជាមានទឹកមានត្រីទៀតដែរ៕
បទល្មើសនេសាទកើតពេញបន្ទុកក្នុងទឹកដីខេត្តបាត់ដំបង
0 Comments