Ad Code

ពិធី​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​៤​រូប​ថ្នាក់​វរសេនីយ៍ឯក ចំនួន​២​រូប​និង​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​២​រូប​និង ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី ផែនការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅពេល​បោះឆ្នោត​



បន្ទាយមានជ័យ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​៤​រូប​ថ្នាក់​វរសេនីយ៍ឯក ចំនួន​២​រូប​និង​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​២​រូប​ និង​ ធ្វើការ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ថា​ ថ្ងៃ​បោះឆ្នោត​ជិត​ចូល​មកដល់​កម្លាំង​កង​រាជ​អាវុធហត្ថ​ទូទាំង​ខេត្ត​ចុះ​ត្រួតពិនិត្យ​កម្លាំង​ទ័ព គ្រឿង​បំពាក់ និង​មធ្យោបាយ ដើម្បី​ត្រៀម​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្តាប់​ធ្នាប់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពួកគាត់​។



កិច្ចប្រជុំ​នេះ​មាន​អ្នកចូលរួម​មកពី​បណ្តា​មន្ទីរ ការិយាល័យ មូលដ្ឋាន​ក្រុង​ស្រុក ស្នាក់​ការ​សន្តិសុខ និង​នាយ​នាយរង​អាវុធហត្ថ ចំនួន ១៤៣​នាក់ នៅ​ព្រឹក ថ្ងែ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មានប្រសាសន៍ថា​បញ្ជាក់​ទៀត​ថា ​ដោយ​បាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ណែនាំ​ត្រូវ​ប្រឹងប្រែង​កសាង​ខ្លួន បង្កើន​សមត្ថភាព ហ្វឹកហ្វឺន​រៀនសូត្រ ក្នុង​កិច្ច​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់។



ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​ផ្សព្វផ្សាយ​ខ្លឹមសារ ៧​ចំណុច របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ១​កិច្ចការពារ ថែរក្សា​សន្តិសុខ​សណ្តាប់​ក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព សេរី និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ២​ក្តាប់​ព័ត៌មាន និង​ទប់ស្កាត់​ការ​ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត ៣​ការងារ​ប្រតិបត្តិការ ចាត់ចែង​បែងចែក​ការងារ​តាម​តួនាទី​ភារកិច្ច ចាត់តាំង​ប្រចាំការ ប្រចាំ​បញ្ជា ត្រៀមកម្លាំង​អន្តរាគមន៍ ២៤​លើ​២៤​ម៉ោង ការគ្រប់គ្រង​កម្លាំង ប្រើប្រាស់​កម្លាំង​ចុះ​ប្រតិបត្តិការ និង​ការប្រើប្រាស់​មធ្យោបាយ​ទាក់ទង​ផ្សេងៗ ៤​ការងារ​មន្ត្រី​នគរបាល​យុត្តិធម៌ ទប់ស្កាត់​បង្ក្រាប​រាល់​មុខសញ្ញា​បទល្មើស​ដែល​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ ៥​ការងារ​ហ្វឹកហ្វឺន និង​អប់រំ​ចិត្តសាស្ត្រ ៦​ការងារ​កសាង​អង្គភាព សាងសង់​ទីកន្លែង​ស្នាក់នៅ កន្លែងធ្វើការ​ងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និង​កីឡា ៧​ត្រួតពិនិត្យ​មធ្យោបាយ គ្រឿង​បំពាក់ ការ​បំពាក់​អាវុធ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់។



នៅ​បញ្ចប់​កម្ម​ពិធី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​រំលឹក​ដល់​អាវុធហត្ថ​គ្រប់រូប ត្រូវ​ជួយ​ជំរុញ​សាច់ញាតិ និង​អ្នកជិតខាង​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu