ភ្នំពេញ ៖ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបើកសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៨របស់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមអធិបតីភាពលោកម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ម៉ែន និមិត្ត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានឲ្យដឹងថា សន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររួមនាពេលបច្ចុប្បន្ន និងដើម្បីឈានទៅដោះស្រាយវិវាទការងារជាលក្ខណៈបុគ្គលនាពេលអនាគត។
លោកបានបន្តថា សន្និសីទនេះ មានការចូលរួមពីតំណាងប្រទេសស៊ុយអ៊ែត ទីភ្នាក់ងារសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក តំណាងរាជរដ្ឋាភិបាល តំណាងសមាគមនិយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍ និងតំណាងស្ថានទូតនានា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៦ បានទទួលសំណុំរឿងវិវាទជាង២.៦៥០ករណី ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង១លាននាក់ ហើយត្រូវបានដោះស្រាយដោយជោគជ័យជាង៧៥ភាគរយ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យមត្រឹមតែ១៧ថ្ងៃប៉ុណ្ណោះ។
ប៉ុន្តែបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា វិវាទការងារជាបុគ្គលដែលដោះស្រាយនៅត្រឹមនាយកដ្ឋានវិវាទការងារក្នុងឆ្នាំ២០១៧ មានចំនួន៤៧៦ករណី ក្នុងនោះបានដោះស្រាយ សះជាចំនួន២២៨ករណី មិនសះជាចំនួន១៩១ករណី និងមោឃៈចំនួន៥៧ករណី។ ជាមួយគ្នានេះ ក៏បានដោះស្រាយវិវាទការងាររួម ចំនួន១២៧ករណីផងដែរ ក្នុងនោះសះជាចំនួន៥៦ករណី មិនសះជាចំនួន៧០ករណី និងមោឃៈចំនួន១ករណី។
លោក ម៉ែន និមិត្ត បានឲ្យដឹងបន្តទៀតថា សំណុំរឿងវិវាទការងារដែលទទួលដោះស្រាយនៅថ្នាក់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុងឆ្នាំចុងក្រោយនេះ គឺមានតែប្រមាណ៥០សំណុំរឿងប៉ុណ្ណោះ ខណៈដែលក្នុងបណ្តាឆ្នាំមុនៗមានរហូតដល់ជាង៣០០សំណុំរឿង។
លោកបានបន្ថែមថា ការអនុវត្តច្បាប់ស្តីពីសហជីពទំនងជាដើមចម ដែលធ្វើឲ្យវិវាទការងារមានការ ធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់នាពេលចុងក្រោយនេះ។
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការធ្លាក់ចុះនេះដោយសារកម្មករ និងថៅកែនៅតាមរោងចក្រសហគ្រាស ក៏ដូចជាភាគីពាក់ព័ន្ធមានការយល់ច្បាស់ពីច្បាប់ និងលក្ខណៈការងារ បូករួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀត។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការអនុវត្តច្បាប់ ស្តីពីសហជីព បានជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ដែលកត្តានេះបាននាំឲ្យវិវាទក្នុងការងារមានការថយចុះយ៉ាងគំហុក៕
Source: Kampuchea Thmey Daily
0 Comments