Ad Code

រដ្ឋាភិបាល​ នឹង​បង្កើន​ការ​បើកប្រាក់​សំណង​ដល់​កម្មករនិយោជិត​ ដែល​ថៅកែ​រត់ចោល​ឲ្យ​រួចរាល់​នៅ​ចុងខែ​មិថុនា​នេះ



ភ្នំពេញ ​៖​ លោក តេស រុក្ខា​ផល អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​ បាន​មានប្រសាសន៍​​​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​១​ ខែមិថុនា​ថា ​ក្រុមការងារ​ក្រសួង​ការងារ​នឹង​បង្កើន​ការចុះ​បើកប្រាក់​សំណង​ដល់​កម្មករ​នៅតាម​រោងចក្រ​ដែល​នៅ​សេសសល់​និង​ថ្មី​មួយចំនួនទៀត​នៅ​ខេត្តកំពង់ស្ពឺ រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល​ប្រមាណ​ជាង​១​ពាន់​នាក់​ដែល​ថៅកែ​រត់ចោល​ដើម្បី​ឲ្យ​ពួកគាត់​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

លោក​បន្តថា ​ក្រសួង​ប្តេជ្ញា​ថា​ នឹង​បង្កើន​ការបើកប្រាក់​សំណង​ដល់​កម្មករនិយោជិត​ដែល​ថៅកែ​រត់ចោល​ឲ្យ​បាន​រួចរាល់​នៅ​ចុងខែ​មិថុនា​នេះ ​បន្ទាប់ពី​បើក​លើក​ទី​២​ជិត​បាន​១០០​ភាគរយ​រួច​នោះ​។​

ការបង្កើន​ការបើកប្រាក់​សំណង​ដល់​កម្មករ​នេះ ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​កាលពី​ព្រឹក​ថ្ងៃទី​៣០ ​ឧសភា​កន្លង​ទៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​​ ​កម្មការិនី ១៦,៤៧៤​នាក់​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ជូន​កម្មករ​-​កម្មការិនី​ដែល​ត្រូវ​ថៅកែ​រត់ចោល​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ​ហើយ​ប្រសិនបើ​ខ្វះ​ថវិកា​សម្ដេច​នឹង​ផ្តល់​ថវិកា​បន្ថែមទៀត ​ខ​ណៈ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​សាច់ប្រាក់​ចំនួន​៤​លាន​៦​សែន​ដុល្លារ​រួចហើយ​សម្រាប់​បើក​ដោះស្រាយ​ការងារ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានផ្ដល់​ប្រាក់​បុរេប្រទាន​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ៤​លាន​៦​សែន​ដុល្លារ​រួចហើយ ដើម្បី​ដោះស្រាយ​ជូន​កម្មករ​ដែល​ថៅកែ​រោងចក្រ​រត់ចោល​។ ក៏ប៉ុន្តែ​តំបន់​ចក្រ​អង្រែ តំបន់​ក្បែរ​ខាងយើង​នេះ នៅតែមាន​រឿងនេះ​។ តើ​មកពី​អ្វី ខ្ញុំ​សុំ​របាយការណ៍​។ តើ​មកពី​អ្វី​បានជា​អស់លោក​មិន​បញ្ចប់ ហើយ​ទុក​ឲ្យ​ក្មួយៗ​ខ្លះ​ចង់​ដាក់​ញ្ញត្តិ​នៅផ្ទះ​ខ្ញុំ​។ ក្មួយៗ​បោះតង់ តើ​រឿង​នោះ​វា​ជា​រឿង​អី​ឲ្យ​ប្រាកដ សូម​ឲ្យ​ខ្ញុំ​បាន​ដឹងផង​បានទេ​អំពី​បញ្ហា​នេះ​។ តើ​យើង​អាច​បុរេប្រទាន​លុយ​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ចប់រឿង​ហ្នឹង​បានទេ​? ខ្ញុំ​តែងតែ​និយាយថា ឲ្យ​អស់លោក​អនុវត្ត​តាមច្បាប់ កុំ​អនុវត្តន៍​តាម​បទបញ្ជា​»​។​

លោក តេស រុក្ខា​ផល បាន​ពន្យល់ថា​មូលហេតុ​ដែល​ក្រសួង​នៅ​មិនទាន់​បើកប្រាក់​សំណង​ដល់​កម្មករ​នៅ​រោងចក្រ​ដែល​នៅសល់​ទាំងនេះ​គឺ​ដោយសារតែ​ក្រសួង​កំពុងធ្វើការ​ស្រង់​ស្ថិតិ​និង​ឯកសារ​មួយចំនួន​របស់​កម្មក​រ​ព្រោះថា​មាន​កម្មករ​ខ្លះ​បាន​បាត់​ឯកសារ​ទាំងអស់​តែម្តង​នៅពេល​ថៅកែ​រត់ចោល​ដែល​ទាមទារ​ស្វែងរក​ឯកសារ​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។

លោក​តេស រុក្ខា​ផល បាន​បន្តទៀតថា ​ការ​បើកប្រាក់​សំណង​ដល់​កម្មករ ​ដែល​ថៅកែ​រត់ចោល​នេះ​រួមមាន​ប្រាក់ខែ​ប្រចាំឆ្នាំ ប្រាក់​ឈប់សម្រាក​ចុងក្រោយ ​និង​ប្រាក់​ដែល​ថៅកែ​បណ្តេញ​ចេញ​ឬ​អតីតភាព​ការងារ​ជាដើម។

លោក​បាន​ណែនាំ​ដល់​ក្រុមការងារ​ក្រសួង​ត្រូវ​ពិនិត្យ​លិខិតស្នាម​របស់​កម្មករ​ដែ​ល​ត្រូវ​ថៅកែ​រត់ចោល​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ធានាបាន​នូវ​តម្លាភាព​និង​គណនីយភាព​ជួន​ដល់ក​ម្មករ​។​

ជាមួយគ្នានេះដែរ​លោក​ក៏បាន​ណែនាំ​ដល់​កម្មករ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​សំខាន់ៗ ដូចជា កាត​សម្គាល់​ខ្លួន​កម្មករ​ក្នុង​រោងចក្រ សៀវភៅ​ការងារ ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន​ឬ​កិច្ចសន្យាការងារ​និង​ប័ណ្ណ​បើកប្រាក់​ឈ្នួល​ប្រចាំខែ​បើ​មាន។

សូម​រំលឹកថា​ ការ​បើកប្រាក់​សំណង​លើក​ទី​២​ បានចាប់ផ្តើម​កាលពីដើម​ខែឧសភា​ទៅលើ​រោងចក្រ​ចំនួន​៥​ ខណៈ​លើក​ទី​១​បាន​បើក​រួចរាល់​ហើយ​កាលពី​ខែមេសា​ទៅលើ​រោងចក្រ​ចំនួន​៤​ដែលមាន​កម្មករ​២៥៤២​នាក់។​

គួរបញ្ជាក់​ថា​ថៅកែ​រោងចក្រ​ដែល​រត់ចោល​កម្មករ​ភាគច្រើន​គឺ​ដោយសារតែ​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បើកប្រាក់​បំណាច់​ឆ្នាំ​និង​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ដែ​ល​មាន​ចំនួន​ដ៏​ច្រើន​ខណៈ​ដែលមាន​កម្មករ​ខ្លះ​អាច​ទទួលបាន​រហូតដល់​រាប់ពាន់​ដុល្លារ​បើសិនជា​ធ្វើការ​ចាប់ពី​៥​ទៅ​១០​ឆ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu