Ad Code

លោក Trump និង​មេដឹកនាំ​ថ្មី​របស់​ម៉ិ​ក​ស៊ិ​ក ​បានចាប់ផ្តើម​ជាមួយនឹង “​ការសន្ទនា​ដ៏​អស្ចារ្យ​”



ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ជាប់ឆ្នោត​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​និយាយ​ទូរស័ព្ទ​ជា​លើកដំបូង “​ដ៏​អស្ចារ្យ​” ជាមួយគ្នា​ ខណៈដែល​អ្នក​និយម​ឆ្វេង​អាមេរិក​ឡាទីន​រូបនេះ​បានស្នើ​ឲ្យ​កាត់បន្ថយ​ការធ្វើ​អន្តោ​ប្រវេសន៍​ឆ្លងកាត់​ព្រំដែន​អាមេរិក​។

​លោក Lopez Obrador បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការលើក​ឡើងជា​សំណួរ​អំពី​អនាគត​នៃ​ទំនាក់ទំនង​ដ៏​សំខាន់​របស់​ម៉ិ​ក​ស៊ិ​ក​ជាមួយនឹង​អ្នកជិតខាង​ដ៏​ធំ​នៅ​ភាគ​ខាងជើង​របស់ខ្លួន​។​

អ្នកនយោបាយ​រូបនេះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា “AMLO” គឺ​បាន​ប្តេជ្ញា​ក្នុងអំឡុង​យុទ្ធនាការ​ថា​នឹង​ដោះស្រាយ​ជាមួយ​លោក Trump ខណៈ​គោលនយោបាយ​ប្រឆាំង​ពាណិជ្ជកម្ម​និង​ប្រឆាំង​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​រូបនេះ​បានធ្វើ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ខឹងសម្បា​។​

ប៉ុន្តែ​អ្នក​ទាំងពីរ​ហាក់ដូចជា​មាន​ទំនាក់ទំនង​ល្អ​នៅក្នុង​ការនិយាយ​ទូរស័ព្ទ​លើកដំបូង​របស់​ពួកគេ​បន្ទាប់ពី​ជ័យជម្នះ​របស់លោក Lopez Obrador​។​

លោក Lopez Obrador បាន​សរសេរ​នៅលើ Twitter ថា “​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ពី​លោក Donald Trump ហើយ​យើង​បាន​និយាយ​គ្នា​រយៈពេល​កន្លះ​ម៉ោង​។ មានការ​គោរព​ហើយ​ក្រុម​របស់​យើង​នឹង​រៀបចំ​កិច្ចពិភាក្សា​”​។​

ចំណែក​លោក Trump ក៏បាន​លើកឡើង​ពី​ការនិយាយ​ទូរស័ព្ទ​នេះ​ផងដែរ​នៅពេល​គាត់​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​ក្នុង​ការិយាល័យ​អ៉ូ​វ៉ាល់​។​

គាត់​បាន​និយាយថា “​ខ្ញុំ​គិតថា ទំនាក់ទំនង​នេះ​នឹង​ក្លាយទៅជា​រឿង​ដ៏​ល្អ​មួយ​។ យើង​មានការ​ពិភាក្សា​ដ៏​អស្ចារ្យ​។ ខ្ញុំ​គិតថា​គាត់​នឹង​ព្យាយាម​និង​ជួយ​យើង​ជាមួយ​បញ្ហា​ព្រំដែន​”​។​

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​ត្រូវបាន​រារាំង​ចាប់តាំងពី​លោក Trump បានឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦​បន្ទាប់ពី​យុទ្ធនាការ​គំរាមកំហែង​ប្រឆាំងនឹង​ម៉ិ​ក​ស៊ិ​ក ការវាយប្រហារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) និង​ការ​សន្យាថា​នឹង​កសាង​ជញ្ជាំង​នៅ​ព្រំដែន​ប្រទេស​ទាំងពីរ​ហើយ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ចំណាយ​លើ​វា៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu