Ad Code

អនាគត​នៃ​រដ្ឋាភិបាល​ចម្រុះ​របស់លោក​ស្រី Merkel ស្ថិតក្នុង​មន្ទិលសង្ស័យ​នៅពេល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​លាលែង​ពី​តំណែង



រដ្ឋាភិបាលចម្រុះ​កំពុងកាន់​អំណាច​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel កំពុង​ប្រឈមមុខ​នឹង​អនាគត​មិន​ច្បាស់លាស់​មួយ​ ខណៈដែល​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដ៏​រឹងមាំ​របស់លោក​ស្រី​បានដាក់​សំណើ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ ​ក្រោយពី​បាន​ប្រយុទ្ធ​តស៊ូ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ឲ្យ​លោកស្រី​ផ្លាស់ប្តូរ​ចិត្ត​លើ​គោលនយោបាយ​អន្តោប្រវេសន៍​។​

ប្រភព​ដែល​ជិត​ស្និទ្ធ​ជាមួយនឹង​កិច្ចប្រជុំ​បិទទ្វារ​បស់​ពួកគេ​ក្នុង​ទីក្រុង​មូ​និក​បាន​ប្រាប់ AFP ថា លោក Horst Seehofer បាន​ប្រាប់​បណ្តា​មេដឹកនាំ​ជា​មិត្ត​នៃ​គណបក្ស CSU ថា លោក​ចង់​លាលែង​ពី​តំណែង​ទាំង​ជា​ប្រធាន​បក្ស​និង​រដ្ឋមន្ត្រី​មហាផ្ទៃ​ដោយនិយាយ​ថា លោក “​គ្មាន​ការគាំទ្រ​” ។​

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​និយាយថា ប៉ុន្តែ​ប្រធាន​ក្រុម​អ្នកតំណាង​គណបក្ស CSU លោក Alexander Dobrindt មិន​ចង់​ទទួលយក​ការលាលែង​ពី​តំណែង​របស់លោក Seehofer ទេ​។​

កង្វះ​ភាពច្បាស់លាស់​ពី​ជំរំ Bavarian បានលើកឡើង​ជា​សំណួរ​អំពី​អនាគត​នៃ​រដ្ឋាភិបាលចម្រុះ​ដែល​កំពុង​គ្រប់គ្រង​របស់លោក​ស្រី Merkel រវាង​សម្ព័ន្ធភាព CDU-CSU និង​គណបក្ស​ប្រជាធិបតេយ្យ​សង្គមនិយម​កណ្តាល (SPD) ។​

ប្រសិនបើ​លោក Seehofer ចាកចេញ​មែន​នោះ​, CSU អាច​ស្នើ​ឲ្យ​ជំនួស​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ប្រសិនបើ​ខ្លួន​មាន​គោលបំណង​នៅជាប់​ជាមួយ​គណបក្ស CDU របស់លោក​ស្រី Merkel ។​

ផ្ទុយទៅវិញ វា​អាច​បំបែក​ភាពជា​ដៃគូ​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​រប​ស់​គណបក្ស​ទាំងពីរ​ដោយ​រារាំង​លោកស្រី Merkel ពី​ការទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​រដ្ឋសភា​។​

ដើម្បី​ឲ្យ​នយោបាយ​រស់រាន​ជា​បន្ត លោកស្រី Merkel អាច​សាកល្បង​រដ្ឋាភិបាល​សំឡេង​ភាគតិច​មួយ ស្វែងរក​ដៃគូ​ចម្រុះ​ថ្មី​ក្នុង​គណបក្ស​បរិស្ថាន Greens ឬ​គណបក្ស​គាំទ្រ​ជំនួញ Free Democrats ឬ​រៀបចំ​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​មួយ​នៅក្នុង​សភា​ដែល​អាច​បង្ក​ឲ្យ​មានការ​បោះឆ្នោត​ថ្មី​។​

លោកស្រី Merkel ដែល​កាន់តំណែង​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា បញ្ហា​នៃ​ការធ្វើ​អន្តោប្រវេសន៍​អាច​សម្រេច​ពី​អនាគត​របស់​សហភាព​អឺរ៉ុប​ផ្ទាល់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu