Ad Code

ប្រើ​កាំបិត​បុ័ងតោ ​ដេញ​កាប់​ប្លន់​ម៉ូតូ​គេ​អូស​រ៉ឺម៉ក ​ពី​ខណ្ឌ​សែន​សុខ​ យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ខ្លួន​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៨ ចោទ​ថា ជន​នេះ​ បាន​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។

ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ជ័យ រិ​ទ្ឋី​ឧ​ត្ត​ម អាយុ​២៨​ឆ្នាំ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ស្នាក់នៅ​បោះតង់​លើដី​ឡូត៍​ទំនេរ​មួយ​កន្លែង​នៅក្នុង​ភូមិ​អូរ​បែកក្អម​។​

ស្ត្រី​ឈ្មោះ ជូ លិ​ត អាយុ​៣៧​ឆ្នាំ មុខរបរ​រើស​អេតចាយ ជា​ជនរងគ្រោះ ស្នាក់នៅ​ពនេចរ បោះតង់​នៅលើ​ដី​ឡូ​ត៍​ទំនេរ ក្នុងភូមិ​អូរ​បែកក្អម ​ក្រុមទី​៦​ក្បែរ​។ ជន​​រងគ្រោះ​​​​ ​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ​ នាង​និង​កូនចៅ​បាន​យក​ម៉ូតូ​សម្រាប់​អូស​រ៉ឺម៉ក​ដើរ​រើស​អេតចាយ យក​មក​ចត​ទុក​ក្បែរ​កន្លែងដេក (​រោង​ប្រក់​តង់​) រួច​ក៏បាន​នាំគ្នា​ចូលដេក​លង់លក់​។ ក្រោយមក​នៅវេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​នា​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ បាន​ដើរមក​ស្រែក​គំរាម​ទារលុយ ពេលនោះ នាង​ជនរងគ្រោះ​ក៏បាន​ឆ្លើយតប​ថា គ្មាន​លុយ​ទេ ក៏​ស្រាប់តែ​ជននេះ​យក​កាំបិត​បុ័ងតោ​ដែល​កំពុងកាន់​ជាប់​នៅ​ដៃស្តាំ​មក​កាប់​បង្គោល​មុង​របស់​នាង ហើយ​បន្ត​ដេញ​កាប់​នាង​និង​ក្រុមគ្រួសារ​នាំគ្នា​រត់គេចខ្លួន​ដោយ​ក្តី​ភ័យ​ខ្លាច​ផ្អើល​ទាំងយប់​។​

​នាង​បន្តថា នៅ​នាង​កំពុង​រត់​គេ​ខ្លួន ជននេះ​បាន​ដោះយក​ម៉ូតូ​របស់​នាង​ចេញពី​រ៉ឺម៉ក រួច​ជិះ​គេចខ្លួន​ទៅ​បាត់ មិនដឹង​ទៅ​ទីណា​។ ព្រឹក​ឡើង​នាង​បានមក​ប្តឹង​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គមន៍ ​និង​ធ្វើ​កំណត់ហេតុ​ទុក​។ នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល​ នាង​បានឃើញ​ជន​ខាងលើ​ត្រឡប់មក​រោងចក្រ​របស់​គេ​វិញ​ ក៏​មក​រាយការណ៍​ប្រាប់​ប៉ូលិស​អោយមក​ចាប់ខ្លួន​តែម្តង​។​

​ជនជាប់ចោទ​ខាងលើ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ​៖ ម៉ូតូ​របស់​នាង​ដែល​ខ្លួន​បាន​ប្លន់​យកទៅ​នោះ​ម៉ាក​សង់​កូរ៉េ​យកទៅដាក់​បញ្ចាំ​អោយគេ​នៅ​ឃ្លាំង​រំសេវ​បាន​លុយ​៤០០ ០០០ រៀល តែ​ខ្លួន​បាន​យក​​​ចាយវាយ​អស់ហើយ​។ ប៉ូលិស​និយាយថា ​៖ គាត់​(​ជនជាប់ចោទ​)​មិនបាន​ស្គាល់​អ្នកទទួល​បញ្ចាំ​នោះទេ នៅពេល​សួររក​ម៉ូតូ​ដើម្បី​ទៅយក​មក​ប្រគល់អោយ​ម្ចាស់​គេ​វិញ​។​

ជន​រូប​នេះ​ក្រោយ​ចាប់ខ្លួន​ប៉ូលិស​បាន​រក​ឃើញ​សារធាតុ​ញៀន នៅក្នុង​ល្បាយ​ទឹក​នោម របស់​គាត់ ដែល​បញ្ជាក់​ថា គាត់​បាន​ពាក់ព័ន្ធ​​ក្នុង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ផង​ដែរ។

លោក​នាង ផល្លី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អូរ​បែកក្អម បាន​ដាក់​បន្ទុក​ចោទ​មក​លើ​ជនល្មើស​ថា ​៖ ជា ជនសង្ស័យ លួច​មាន​ស្ថាន​ទម្ងន់ទោស​ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​ទោស​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu