ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះរងគ្រោះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីមានទំនាស់ស្នេហាត្រីកោណ ដោយខឹងកូនជនរងគ្រោះនាំសង្សាររបស់គេដែលជាស្រីៗដូចគ្នាដើរលេងក៏យកដបសាំងទៅដុតផ្ទះគេ ហើយរត់គេចខ្លួនរយៈពេល២០ថ្ងៃក៏ត្រូវម្ចាស់ផ្ទះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពស្គាល់មុខចាប់បានតែម្តង។
ការឃាត់ជនសង្ស័យនៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១១នឹង០០នាទីនៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ខណ្ឌឫស្សីកែវ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះនឿន គង្គា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅមិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះអ៊ុន គ្រួច ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅចំណុចផ្ទះគ្មានលេខផ្លូវលំ ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅវេលាម៉ោង២២នឹង៤០យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះខាងលើ មានអគ្គីមួយកើតឡើងនៅចំមាត់ទ្វារផ្ទះបន្ទាប់មកម្ចាស់ផ្ទះនិងប្រជាពលរដ្ឋជិតខាងមានការភ្ញាក់ផ្អើលក៏នាំគ្នាជួយពន្លត់ភ្លើងនោះដោយអំណាចអណ្តាតភ្លើងដែលទើបនឹងឆេះក៏បានរលត់ទៅវិញភ្លាមៗផងដែរ។ ក្រោយមកជនរងគ្រោះមានការសង្ស័យថា មានគេលួចដុត ព្រោះឃើញកំទេចដបទឹកសុទ្ធដែលគេច្រកសាំងនៅកន្លែងកើតហេតុ ក៏បានឆែកកាមេរ៉ាសុវត្ថិភាពក៏បានស្គាល់មុខជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះរបស់គាត់។
លុះដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១១នឹង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុចផ្ទះជួលគ្មានលេខផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដបសាំងទៅដុតផ្ទះជនរងគ្រោះមែន ដោយសារខឹងនឹងកូនម្ចាស់ផ្ទះដែលជាស្រីស្រលាញ់ស្រីដូចគ្នានាំស្រីស្នេហ៍របស់ខ្លួនដើរលេងរាល់យប់។
សមត្ថកិច្ចឲ្យដឹងថា នៅកន្លែងកើតហេតុរកឃើញដបទឹកសុទ្ធ ដែលជនសង្ស័យច្រកសាំងចំនួន១កំទិចកាដុងជ័រ ដែលជនសង្ស័យច្រកសាំងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការខណ្ឌឫស្សីកែវចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments