សហរដ្ឋអាមេរិក ៖ ខណៈដែលគំរោងបាតុកម្មរបស់ក្រុមប្រឆាំងមួយក្តាប់តូចបានរលត់រលាយដោយសារតែគ្មានអ្នកដឹកនាំនោះ ក៏ផ្ទុះឡើងនូវបាតុកម្មមួយទៀត នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដែលកំពុងបើកកិច្ចប្រជុំ គឺបាតុកម្មគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចកំពុងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនោះ។
លោក សម រង្ស៊ី មានគម្រោងដឹកនាំធ្វើបាតុកម្ម ដើម្បីប្រឆាំងវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រទី២៨ ខែកញ្ញា នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៣រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងគោលបំណងទាមទារកុំឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ប៉ុន្តែគំរោងនេះ ក៏បានលុបចោលទៅវិញ ដោយគ្រាន់តែសំអាងពាក្យមួយមាត់ថា ជាប់ការងារផ្សេង។ ចំណែកកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងដើរធ្វើចលនាយ៉ាងសកម្មនៅក្រៅប្រទេសប្រឆាំងជាមួយកម្ពុជាដែរនោះ ក៏បានប្រកាសមិនចូលរួមដឹកនាំធ្វើបាតុកម្មផងដែរ។
អ្វីដែលចាប់អារម្មណ៍នោះ ខណៈដែលវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានទៅដល់បុរីញូវយ៉ក សហរដ្ឋអាមេរិកនោះ បែរជាលេចឡើងនូវបាតុកម្មមួយទៀត គឺបាតុកម្មគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាតុកម្មនោះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវ ខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានពលរដ្ឋខ្មែររាប់រយនាក់ មកពីរដ្ឋនានា នៅសហរដ្ឋអាមេរិក និងមកពីប្រទេសកាណាដា បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងទិដ្ឋភាពនោះ ប្រជាពលរដ្ឋខ្មែរ និងមានទាំងជនបរទេសផង បានលើកបដា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ បដាទាំងនោះបានសរសេរថា ប្រឆាំងដាច់ខាត ការញុះញង់ ការបំបែកបំបាក់ជាតិ ការប៉ុនប៉ងបង្កវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ហើយបុរសម្នាក់បានប្រកាសថា សព្វថ្ងៃនេះ បងប្អូនមកកាន់ជំរុំខាវអ៊ីដាង ដោយសារថ្ងៃ៧មករា ដូច្នេះយើងទាំងអស់គ្នា ថ្វីត្បិតតែមិនបានបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជា ក៏ពិតមែន ប៉ុន្តែយើងមានមនសិការស្នេហាជាតិ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបោះឆ្នោតស្របច្បាប់ត្រឹមត្រូវ។
ចំណែកពលរដ្ឋខ្មែរម្នាក់ទៀត បានលើកឡើងថា ពួកគាត់មកទីនេះ ដើម្បីគាំទ្រសម្តេចហ៊ុនសែន ព្រោះពួកគាត់បានទៅស្រុកខ្មែរ ហើយឃើញការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែន។ ពួកគាត់សូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែគាំទ្រគ្នា សាមគ្គីគ្នា កុំឲ្យបែកបាក់គ្នា ជាពិសេសនៅអាមេរិកជាដើម ដែលប្រជាជនខ្មែរទូទាំងអាមេរិក សូមឲ្យគាំទ្រប្រជាជនខ្មែរ កុំឲ្យបែកបាក់គ្នា យើងត្រូវតែរួបរួមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យរីកចម្រើនដូចប្រទេសជិតខាង យើងមិនចង់ឲ្យមាននរណាមួយ ដើរបំផុសបំផុលជឿតាមតែហ្វេសប៊ុក ដែលចេះតែញុះញង់ ការដែលបំផ្លើស អ្នកដែលមិនបានទៅស្រុកខ្មែរ។ អ្នកខ្លះ កូនចៅកើតនៅអាមេរិក ចេះតែជឿតាមគេ ហើយគ្នាមិនដែលបានទៅស្រុកខ្មែរ ជឿតែគេ។ ដូច្នេះខ្មែរយើងនៅអាមេរិក ត្រូវគាំទ្រគ្នា ព្រោះកម្ពុជាមានការរីកចម្រើនផ្លូវថ្នល់ ដីផ្ទះ ជាដើម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ដើម្បីទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា នៅទីបុរីញូវយ៉ក។ ជាមួយដំណើរទស្សនកិច្ចនេះ ក៏មានប្រជាពលរដ្ឋជាច្រើន ដែលរស់នៅតាមបណ្តារដ្ឋមួយចំនួន នាសហរដ្ឋអាមេរិក បានជិះយន្តហោះមករង់ចាំទទួល និងអបអរសាទរវត្តមានសម្តេចតេជោផងដែរ។ តែទន្ទឹមនឹងការអបអរសាទរចំពោះវត្តមានសម្តេចនេះ ក៏មានជនជ្រុលនិយមមួយចំនួនមានគំរោងធ្វើបាតុកម្មប្រឆាំងផងដែរ តែគំរោងនេះមិនអាចទៅរួចឡើយ ដោយមានមនុស្ស១០ទៅ២០នាក់ ប៉ុណ្ណោះបានចូលរួម។ ពីព្រោះមានមនុស្សចំនួន២នាក់ ដែលជាមេដឹកនាំដ៏សកម្ម ក្នុងការធ្វើបាតុកម្មបានប្រកាសមិនចូលរួម គឺលោក សម រង្ស៊ី និងកញ្ញា កឹម មនោវិទ្យា៕
Source: Kampuchea Thmey Daily
0 Comments