Ad Code

លី​គ​កំពូល​កម្ពុជា​៖​សូល​ទី​ឡូ​អង្គរ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​បឹងកេត ជួប​ភ្នំពេញ​ក្រោ​ន​និង​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​វិសាខា



ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ក្រុម​បឹងកេត ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន​និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​វិសាខា ក្នុង​សប្ដាហ៍​ចុងក្រោយ​ពោលគឺ​សប្ដាហ៍​ទី​២២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្នុង​ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។



*​សូល​ទី​ឡូ​អង្គរ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ​
ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ចំនួន​២​ត្រៀម​ប្រកួត​គ្នា នោះ​គឺ​ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ត្រៀម​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ផងដែរ​។ ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda បាន​កក់​កៅអី​ចំណាត់ថ្នាក់​លេខ​១០​ដោយ​ស្វ័យប្រវត្តិ នៅ​រដូវ​កាល​នេះ​។ គ្រូបង្វឹក​រូបនេះ​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី កាលពីដើមឆ្នាំ​។ ២១​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​៥​លើក ស្មើគ្នា​៤​លើក​និង​ចាញ់​ដល់​ទៅ​១២​លើក​។



​ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​២១​លើក​មក ឈ្នះ​បាន​៧ លើក​ស្មើគ្នា​បាន​៦​លើក និង​ចាញ់​៨​លើក​មាន​២៧​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែលជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence​។ លោក Akihiro Kato ដែលជា​ប្រធាន​ក្លិប​បានដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។



*​បឹងកេត ជួប​ភ្នំពេញ​ក្រោ​ន
ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​យូ​ធូប​របស់ CNCC​។ ក្រុម​បឹងកេត បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ នៅ​រដូវ​កាល​នេះ ក្រោយ​ឆ្លងកាត់​២១​ប្រកួត​មកនេះ​ឈ្នះ​រហូតដល់​១៥​ប្រកួត ស្មើគ្នា​៤​ប្រកួត​និង​ចាញ់​២​ប្រកួត​មាន​៤៩​ពិន្ទុ​។ លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុងតែ​ឈឺក្បាល​រឿង​កីឡាករ​របួស ខណៈ​រូបលោក​ទើបតែ​ត្រូវ​ពិន័យ​មិនឱ្យ​ចូល​ទីលាន​រយៈពេល​១​ខែ​។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អមដោយ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​។ ក្រុម​នេះ​អស់​ឱកាស​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះហើយ តែ​នៅ​ឱកាស​រក្សា​កៅអី​ចំណាត់ថ្នាក់​លេខ​៥ ដោយ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ ប្រកួត​បាន​២១​លើក​មកនេះ​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៥ មាន​៣៣​ពិន្ទុ​ក្រោយ​ឈ្នះ​បាន​១០​លើក ស្មើ​៣​លើក និង​ចាញ់​៨​លើក​។



*​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​វិសាខា​
ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​វិសាខា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មួយរយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​បញ្ហា​រឿង​កីឡាករ​របួស​និង​កីឡាករ​សំខាន់ៗ​ជាប់​ពិន័យ​ពី​សំណាក់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សរសើរ​កូនក្រុម​ក្នុង​ប្រកួត​ចុងក្រោយ​ដែល​ធ្វើ​បានល្អ​។ យ៉ាងណា​លោក​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដើម្បី​ត្រៀម​ជើង​ទី​២​នេះ​។ ជ័យជម្នះ​នេះ​គឺ​ចាំបាច់​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងការ​រក្សា​ចំណាត់ថ្នាក់​ល្អ​មួយ​ប្រចាំ​រដូវ​កាល​។



ចំណែក​ក្រុម​វិសាខា វិញ​បាន​រក្សា​កៅអី​ចំណាត់ថ្នាក់​លេខ​៣​ដោយ​ស្វ័យប្រវត្តិ​ទៅហើយ ក្រោយ​ប្រកួត​បាន​២១​លើក​ឈ្នះ​បាន​១៤​លើក ស្មើគ្នា​បាន​៣​លើក​និង​ចាញ់​៤​លើក​។ លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​វិសាខា បាន​រំពឹងថា​កូនក្រុម​អាច​បន្ត​រកបាន​ជ័យជម្នះ​ថែមទៀត​ទោះបីជា​អស់​ឱកាស​ប្រជែង​កៅអី​កំពូល​តារាង​ក៏ដោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu